ក្រុមពលរដ្ឋអាមេរិកាំងដែលត្រូវបានដោះលែងបន្ទាប់ពីបានជាប់ឃុំឃាំងអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសអ៊ីរ៉ង់គ្រោងនឹងមកដល់រដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ដែលនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលរួមមានទាំងការដោះលែងពលរដ្ឋអ៊ីរ៉ង់ ៥ នាក់ដែលត្រូវបានចោទប្រកាន់ឬក៏ផ្តន្ទាទោសពីបទឧក្រិដ្ឋនានានៅក្នុងសហរដ្ឋអាមេរិកផងដែរ។
លោក Siamak Namazi លោក Emad Shargi និងលោក Morad Tahbaz រួមជាមួយនឹងអ្នកជាប់ឃុំជនជាតិអាមេរិកាំង ២ នាក់ផ្សេងទៀតដែលអត្តសញ្ញាណរបស់ពួកគេត្រូវបានរក្សាសម្ងាត់នៅក្រោមការស្នើរបស់គ្រួសាររបស់ពួកគេ បានចាកចេញពីប្រទេសកាតាកាលពីថ្ងៃចន្ទបន្ទាប់ពីបានឈប់សំចតដំបូងនៅក្នុងទីក្រុងដូហា។
ម្ដាយរបស់លោក Namazi និងប្រពន្ធរបស់លោក Tahbaz ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរនៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញផងដែរជាមួយនឹងពួកគេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា ជនជាតិអ៊ីរ៉ង់ ២ នាក់ក្នុងចំណោមជនជាតិអ៊ីរ៉ង់ដែលត្រូវបានដោះលែងនេះក៏បានធ្វើដំណើរកាត់តាមទីក្រុងដូហាផងដែរមុនពេលទៅដល់ទីក្រុងតេហេរ៉ង់។ ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ជនជាតិអ៊ីរ៉ង់ ២ នាក់ទៀតនៅបន្តនៅសហរដ្ឋអាមេរិក ចំណែកឯជនជាតិអ៊ីរ៉ង់ម្នាក់ទៀតនឹងទៅប្រទេសផ្សេង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ពលរដ្ឋអាមេរិកាំងដែលត្រូវបានដោះលែងទាំងនេះនឹងបានជួបជុំឡើងវិញជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ខ្លួន «បន្ទាប់ពីបានទ្រាំទ្រអស់រយៈពេលជាច្រើនឆ្នាំនូវការឈឺចាប់លើសលប់ ភាពមិនច្បាស់លាស់ និងទុក្ខវេទនា»។
លោកបានអរគុណរដ្ឋាភិបាលនៃប្រទេសកាតា អូម៉ង់ កូរ៉េខាងត្បូង និងស្វីស «សម្រាប់កិច្ចប្រឹងប្រែងមិនចេះនឿយហត់របស់ពួកគេនៅក្នុងការជួយសហរដ្ឋអាមេរិកសម្រេចឱ្យបានលទ្ធផលនេះ»។
លោក Biden ក៏បានក្រើនរំឭកពលរដ្ឋអាមេរិកាំងផងដែរកុំឱ្យធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ ដោយបានលើកឡើងអំពីការព្រមានរបស់ក្រសួងការបរទេសអាមេរិកអំពីហានិភ័យនៃការចាប់ពង្រត់និងការចាប់ខ្លួនដោយខុសច្បាប់។
ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បាននិយាយថា ការដោះដូរអ្នកទោសកាលពីថ្ងៃចន្ទម្សិលមិញនេះអាចជា «ជំហានមួយនៅក្នុងទិសដៅនៃទង្វើមនុស្សធម៌រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក»។
លោកបានថ្លែងទៅកាន់អ្នកកាសែតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកថា៖ «ការដោះដូរអ្នកទោសនេះគឺអាចជួយកសាងទំនុកចិត្តយ៉ាងពិតប្រាកដ»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។