ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោង​ចក្រ​កាត់ដេរ នៅ​ឆ្នាំ​នេះ​មាន​លក្ខណៈ​រលូន​ជាង​ឆ្នាំ​មុនៗ


លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដឹកនាំ​និង​សម្រប​សម្រួល​ការប្រជុំ​ចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដឹកនាំ​និង​សម្រប​សម្រួល​ការប្រជុំ​ចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

ក្រោយ​លទ្ធផល​នៃ​ការប្រជុំពេញមួយ​ថ្ងៃ​ លោក​ ហេង​ សួរ អ្នកនាំ​ពាក្យក្រសួងការងារ⁣ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ប្រាប់​ VOA​ ​ថា​ ​ភាគី​រដ្ឋា​ភិបាល​ បាន​ពន្យល់​ពីកំណើន​ផលិតភាព​ការងារ​ និង​ស្ថាន​ភាព​ប្រកួត​ប្រជែង​របស់​ឧស្សាហកម្ម​កាត់ដេរ​ ​និង​ការប្រែប្រួល​កម្រិត​អតិផរណា​ ​មក​ពិភាក្សា​លើការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​។​​

ស្ថានភាព​នៃតុ​ចរចា​ត្រីភាគី​ក្នុងការ​ដំឡើងប្រាក់ឈ្នួលអប្បបរិមា​ដល់​កម្ម​ករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និងស្បែកជើង​សម្រាប់​ឆ្នាំ​២០១៧​នេះ ហាក់​មាន​លក្ខណៈ​រលូន​ជាង​ឆ្នាំ​មុនៗ​នេះ​បើតាម​ការ​យល់ឃើញ​ពី​ក្រុម សហជីព។​ ភាគី​នីមួយ​អះអាង​អំពី​គោលជំហរ​របស់ខ្លួន តែ​គម្លាត​នៃ​តួលេខ​ឃ្លាតឆ្ងាយ​ ប្រមាណជាង​៣៥ ដុល្លា។

នៅថ្ងៃ​ទី១​នៃការចរចា​ត្រីភាគីអំពីការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ដល់​កម្ម​ករ​រោងចក្រ​កាត់ដេរ ​សម្លៀកបំពាក់ និង​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧​ ភាគីរដ្ឋា​ភិបាល​បាន​បង្ហាញ​ទិន្នន័យ​ពាក់ព័ន្ធ​មួយ​ដែល​ផ្អែកលើ​កត្តា​បម្រែ​បម្រួល​សំខាន់ៗ​បីដើម្បី​យក​មក​សម្រប​សម្រួល​ការចរចា​រវាងភាគី​សហជីព​ ​និង​ម្ចាស់​រោងចក្រ​។​

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែង​បើក​ការប្រជុំ​ត្រី​ភាគី​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែង​បើក​ការប្រជុំ​ត្រី​ភាគី​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

ក្រោយ​លទ្ធផល​នៃ​ការប្រជុំពេញមួយ​ថ្ងៃ​ លោក​ ហេង​ សួរ អ្នកនាំ​ពាក្យក្រសួងការងារ⁣ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ប្រាប់​ VOA​ ​ថា​ ​ភាគី​រដ្ឋា​ភិបាល​ បាន​ពន្យល់​ពីកំណើន​ផលិតភាព​ការងារ​ និង​ស្ថាន​ភាព​ប្រកួត​ប្រជែង​របស់​ឧស្សាហកម្ម​កាត់ដេរ​ ​និង​ការប្រែប្រួល​កម្រិត​អតិផរណា​ ​មក​ពិភាក្សា​លើការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​។

«ធាតុ​ផ្សំ​ទាំងបី​នេះ​មាន​ការប្រែប្រួល​ប្រមាណ ៥,៩% អ្វីដែល​យើង​បង្ហាញ​តួលេខ​ស្ថិតិនេះ ជា​តួលេខ​ស្ថិតិជាក់​ស្តែងដែលយើង​ផលិត​ឡើង​ជាមួយ​ក្រុម​ការងារបច្ចេកទេស ILO ដើម្បី​ឲ្យ​ភាគី២​ផ្សេងទៀត​ថ្លឹង​មើល​ថា​តើ​ដំណើរ​របស់គាត់​នេះ​ឃ្លាតឆ្ងាយ​ពី​បច្ចេកទេស​ប៉ុណ្ណា អាចកែ​សម្រូល​ធ្វើម៉េច​ឲ្យគៀក​នឹង​លក្ខណៈ​បច្ចេកទេស»។​

ការ​ប្រជុំជជែក​គ្នា​ឆ្នាំនេះ​ ត្រូវ​មេដឹកនាំ​សហជីព​បម្រើ​ប្រយោជន៍​កម្មករ​មើល​ឃើញ​ថា​ មានភាព​រលូន​ជាង​ការជជែក​នៅឆ្នាំមុន​ៗ។​

លោក​ ប៉ាវ​ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា ​មាន​ប្រសាសន៍ថា​ ភាគីទាំងបីមានការ​យោគយល់​គ្នា​ច្រើន​ និង​មិន​បង្ហាញ​ចេតនា​ខឹងសម្បារ​ក្នុង​ការ​ជជែកគ្នាអំពី​បញ្ហាប្រាក់​ឈ្នួល​ ដែល​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ ​សម្រាប់កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ។​

«ឆ្នាំនេះ​មាន​ភាព​ល្អប្រសើរ​មែនទែន​ដែល​អត់មាន​ការតឹង​សរសៃ​ដាក់គ្នា​ទេ គឺយើង​លើអំពី​ហេតុផល​ការដាក់​ឯកសារ​យោង​ទាំងអស់»។​

ក្រុម​តំណាង​ម្ចាស់​រោងចក្រអង្គុយ​រង់ចាំ​ការប្រជុំ​ដើម្បី​ចរចា​ការតម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
ក្រុម​តំណាង​ម្ចាស់​រោងចក្រអង្គុយ​រង់ចាំ​ការប្រជុំ​ដើម្បី​ចរចា​ការតម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

ការ​ចរចាកាលពី​ព្រឹក​ថ្ងៃសុក្រ​នេះ មាន​ភាគីតំណាង​រាជរដ្ឋាភិបាល តំណាង​សហជីព តំណាង​ម្ចាស់​រោង​ចក្រ⁣ ​ដែល​មាន​ ១៦ រូប​ស្មើៗគ្នា​។​

ការប្រជុំ​ដែល​គេគ្រោង​ចាប់ផ្តើម​ពីព្រឹក​ម៉ោង៩ ត្រូវ​ពន្យា​ពេលជិត ២ ម៉ោង​ដោយ​ការ​មកយឺត​របស់​ភាគី​សំខាន់​មួយចំនួន​ រួមមាន​មន្ត្រី​រដ្ឋាភិបាល​ និង​ថៅកែរោង​ចក្រ​។ មុននឹង​ចាប់​ផ្តើមការប្រជុំ​ គេ​ឃើញមាន​ក្រុមប្រធាន​សហជីព និង​ភាគី​ដទៃទៀត អង្គុយ​រង់ចាំ ខ្លះ​ចុច​ទូរស័ព្ទ ខ្លះ​អង្គុយ​ជជែក​គ្នា មាន​មួយចំនួន​ចាកចេញ​ពីការប្រជុំ ហើយ​ភាគីមួយ​ចំនួន​អវត្តមាន​ដោយឲ្យ​លេខា​ខ្លួន​ទៅ​ជំនួស។

កាលពី​ឆ្នាំ ២០១៦ កន្លង​ទៅ ក្រុម​សហជីព​លើក​យក​ចំនួន​ប្រាក់ឈ្នួល ១៧៧ដុល្លា មកធ្វើការ​ចរ​ចា​ ​ហើយ​ទទួល​បាន​ ១៤០​ ដុល្លាតែប៉ុណ្ណោះ​ ដោយ​សារ​មានការ​អន្តរាគមន៍​ពីលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន។ ​ឆ្នាំ​នេះ​ ក្រុម​សហជីព​សម្រេច​យក​ចំនួន ១៧៩,៦ ដុល្លារ តែ​នៅ​មាន​សហ​ជីព​មួយ​ចំនួន​មិន​រំពឹង​ដល់​ចំនួន​នេះ​ទេ​។​

អ្នកស្រី ទេព គឹមវណ្ណារី ថ្លែង​ទៅ​កាន់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
អ្នកស្រី ទេព គឹមវណ្ណារី ថ្លែង​ទៅ​កាន់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

មុនពេល​ប្រជុំ​ដែល​ធ្វើ​ឡើង​ក្នុង​ក្រសួង​ការ​ងារ អ្នក⁣ស្រី​ ទេ​ព⁣⁣ គឹមវណ្ណារី ​ប្រធាន​សហ​ព័ន្ធ​សហជី​ព​ឯករាជ្យ​កម្ពុជា បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ថា៖​ ​

«ការប្រជុំ​ត្រីភាគី​លើក​នេះ យើង​មាន​ការចុះ មិនមែន​ថា​យើង​នៅ​តែ​ឡើង​អញ្ចឹង​ដាច់ខាត​នោះ​ទេ​។ ​ដូច​កាល​មុន​អញ្ចឹង នៅ​តែមាន​ឡើងហើយ​មានចុះ។ ការប្រជុំ​រួមអញ្ចឹង​ក៏មាន​ការ​លំបាក​ដែរ​ ព្រោះ​យើង​ត្រូវតែ​ធ្វើម៉េច​ឲ្យបាន​ឯកភាព​គ្នា​»។

ក្រោយពេល​សម្រាក​ពីការ​ប្រជុំ​វិញ⁣ លោក ប៉ាវ ស៊ីណា បន្ថែម​ទៀត​ថា​ ក្រុម​តំ​ណាងសហជីព​នឹង​ជួបគ្នា​ម្តងទៀត​ដើម្បីជជែក​ពីតម្លៃ​ដែល​ត្រូវ​ទម្លាក់​។

​«ពីថ្ងៃ​នេះ​ទៅដល់​មុន​ថ្ងៃទី ២៦ សហជីព​នឹង​ជជែកគ្នា រកលេខ​មួយដែលថាពី​១៧៩ ហ្នឹង​ធ្លាក់​មកដល់​ត្រឹមណា ដើម្បី​ជា​លេខមួយ​ដែលយើង​នឹងបង្ហាញ។ លេខ​ដែលយើង​ដាក់​ទៅ​មិនមែន​ទៅ​ឈរ​ទេតែ​បត់បែន»។

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់ថា​ ​GMAC ​កាល​ពី២ថ្ងៃមុន បាន​ផ្ញើរ​លិខិត​មួយ​ច្បាប់​ជូនលោកអ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ដោយ​បាន​បង្ហាញ​ពី​គោល​ជំហរ​របស់​ថៅកែ​រោងចក្រ​ថា​ អាច​មាន​លទ្ធ​ភាព​ផ្តល់​ឲ្យ​កម្មករ​នូវប្រាក់​ឈ្នួល​អប្បបរមា​ត្រឹម​តែ​១៤៤,២ដុល្លារ​ប៉ុណ្ណោះ។ ពោល​គឺ​ដំឡើងតែ ៤,២ ដុល្លា​ប៉ុណ្ណោះ។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​អំពី​ការចរចា​តម្លើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

នា​ព្រឹកមិញ​នេះ⁣​ លោក​ ខេន លូ⁣​ អគ្គលេខាធិការ​សមាគមរោងចក្រ​កាត់ដេរ​នៅ​កម្ពុជាបញ្ជាក់​សារជាថ្មី​ថា⁣ ៤,២ ដុល្លានោះ​គឺលោក​បាន​គណនា​ពី​ការរំពឹង​នូវ​កំណើន​អតិ​ផរណា​ឆ្នាំ​២០១៧ ដែល​ប៉ាន់​ប្រមាណ​ថា​៣%​។

«ការពន្យល់​របស់​យើង​គឺច្បាស់ណាស់​⁣⁣ ប្រសិន​បើ​យើង​យក​១៤០ ដុល្លានោះ​មកគិត ៣%នៃ​ចំនួន​នេះ​គឺ ៤,២ ដុល្លា។ ជំហរ​យើង​គឺឈរ​លើមូលដ្ឋាន​អតិផរណា​ឆ្នាំ​២០១៧»។

​លទ្ធផល​សម្រេច​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​រោងចក្រ​នឹងរំពឹង​ថា​ប្រកាស​ជាផ្លូវ​ការ​នៅ​ខែតុលា ឆ្នាំ២០១៦ ប៉ុន្តែ​មុនការ​ប្រកាស​នេះ​ ការ​ប្រជុំ​ត្រីភាគី​នឹង​ធ្វើ​ឡើង​ម្តងទៀត​នៅ​ថ្ងៃទី២៦ ខែ​កញ្ញានេះ​។​ ​នេះ​បើតាម​ការ​បញ្ជាក់​បន្ថែមពីលោក ហេង សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ។​

ក្រុមកម្មករ​ចេញ​ពី​រោងចក្រ ទិញ​អាហារ​ថ្ងៃត្រង់​នៅ​ផ្សារ​ក្បែរ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)
ក្រុមកម្មករ​ចេញ​ពី​រោងចក្រ ទិញ​អាហារ​ថ្ងៃត្រង់​នៅ​ផ្សារ​ក្បែរ​រោងចក្រ។ (ខាន់ សុគុំមនោ/VOA)

កំណើន​នៃ​ការ​កើនឡើង​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​ការ​កើនឡើង​ជា​លំដាប់​។​ មុនឆ្នាំ​២០១៣ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​មាន​ចំនួន​១០០​ ដុល្លារ។​ ប្រាក់​ឈ្នួល​បាន​កើនឡើង​ បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​ និង​អហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​ និង​រង​របួស។

យ៉ាង​ហោចណាស់​មាន​កម្មករ​៥​នាក់​ស្លាប់​ក្នុង​បាតុកម្ម​ធំ​មួយ​នា​ឆ្នាំ​២០១៣​ ក្នុង​កំឡុង​ពេល​បាតុកម្ម​ទាម​ទារ​ការ​ដំឡើងប្រាក់​ឈ្នួល​។​ ​ក្រោយ​ការ​ចរចា​ឆ្នាំ​២០១៤ ​និង​២០១៥ ​ប្រាក់​ឈ្នូល​អប្បបរមា​កម្មករ​ត្រូវបាន​ដំឡើងមួយ​កម្រិត​ទៀត​គឺពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ។​ កម្មករ​នៅ​តែ​ត្អូញ​ត្អែរ​ថា​ ចំនួន​នេះមិន​អាច​ឲ្យ​ពួក​គេ​រស់​បាន​ក្នុង​សេចក្តី​ថ្លៃថ្នូរ​ និង​សមរម្យ​នោះ​ទេ៕​

XS
SM
MD
LG