ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញរបាយការណ៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ច២០១៦ និង២០១៧


កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

សេដ្ឋកិច្ចនៃប្រទេសកម្ពុជានឹងអាចបន្តកើនឡើងដល់ទៅ៧%ក្នុងឆ្នាំ២០១៦និង២០១៧ខាងមុខ បើទោះប្រឈមនឹងបញ្ហាមួយចំនួន ដូចជាកម្ចីឥណទានធនាគារ និងអចលនទ្រព្យ។

នាថ្ងៃ​អង្គារ​នេះ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​ចេញ​របាយ​ការណ៍​វាយ​តម្លៃ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ជា​ផ្លូវ​ការ និង​ជា​លើក​ដំបូង។ សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅតែ​បន្ត​មាន​កំណើន​រឹងមាំ​ក្នុង​រង្វង់​៧% ​សម្រាប់​ឆ្នាំ​២០១៦​និង​ឆ្នាំ​២០១៧​ខាង​មុខ​ ​ក៏​ប៉ុន្តែ​វិស័យ​មួយ​ចំនួន​ក៏កំពុង​ប្រឈម​ហានិភ័យ​ផង​ដែរ។​

សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នឹង​អាច​បន្ត​កើន​ឡើង​ដល់​ទៅ​៧%​ក្នុង​ឆ្នាំ​២០១៦​និង​២០១៧​ខាង​មុខ បើ​ទោះ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ដូច​ជា​កម្ចី​ឥណទាន​ធនាគារ ​និង​អចលន​ទ្រព្យ។ ​ក៏​ប៉ុន្តែ​វិស័យ​ឧស្សាហ​កម្ម​កាត់ដេរ ​និង​ទេសចរណ៍​ដែល​ជា​វិស័យ​ដ៏​ឈាន​មុខ​របស់​កម្ពុជា នឹង​អាច​មាន​កំណើន​រឹងមាំ​ជាង​មុន។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​កម្ពុជា។​

ក្នុង​សិក្ខា​សាលា​ជា​លើក​ដំបូង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍​តាមដាន​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​វង្សី វិស្សុត ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ ថ្លែង​ថា សេដ្ឋកិច្ច​កម្ពុជា​ ជាទូទៅ​មាន​កំណើន​រឹងមាំ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៦​នេះ ហើយ​រំពឹង​ថា​ នឹង​បន្ត​រឹងមាំ​ទៅមុខ​ទៀត​នៅ​ឆ្នាំ​២០១៧ ​ក្នុង​រង្វង់​៧% ​ដោយ​វិស័យ​កាត់ដេរ ​និង​សំណង់​មាន​ភាព​រឹងមាំ។​

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​តាមដាន​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៦ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ២០១៦។
លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​តាមដាន​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៦ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ២០១៦។

លោក​វង្សី វិស្សុត​ បន្ថែម​ថា ​បើ​ទោះ​បីជា​កំណើន​សេដ្ឋកិច្ច​កើន​ឡើង ​ប៉ុន្តែ​វិស័យ​កសិកម្ម ​ទេស​ចរណ៍ ​និង​សេវាកម្ម​ មាន​ការ​ថយចុះ​បន្តិច ​ស្របពេល​វិស័យ​កម្ចី​ឥណទាន ​ធនាគារ ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ​ព្រម​ទាំង​វិស័យ​អចលន​ទ្រព្យ​ក៏​កំពុង​មាន​ហានិភ័យ​ខ្លះៗ។ ក្នុង​នោះដែរ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន ​បញ្ហា​អាកាស​ធាតុ ​ភាព​មិន​ច្បាស់​នៃ​ទស្សន​វិស័យ​របស់​ប្រទេស​ដៃ​គូ​ពាណិជ្ជកម្ម​មួយ​ចំនួន ការ​រឹត​បន្តឹង​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​អាមេរិក ​និង​ភាព​តាន​តឹង​សកល​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ​និង​ពិភព​លោក​ផង​ដែរ។​

ថ្លែង​នៅ​មុខ​អ្នក​ជំនាញ និង​សេដ្ឋកិច្ច​វិទូ​កម្ពុជា​ លោក​វង្សី វិស្សុត ​មាន​ប្រសាសន៍​ដូច្នេះ៖​

«តាំងពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ​ កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ដែល​គ្រោង​ថា ​៣,៤%​ចុះ​មក​ ៣,១%​នោះ នៅ​សល់​តែ​២​កន្លះ​ទេ។​ ប៉ុន្តែ​កម្ពុជា​៧%​នៅ​តែ​ទៅ​រួច​ ប៉ុន្តែ​ទៅ​រួច ​ហ្នឹង​គឺ​ថា ​ក៏​មាន​ការ​ប្រែប្រួល​រចនា​សម្ព័ន្ធ​បន្តិច​បន្តួច​ដែរ​ ក្នុង​រយៈពេល​នេះ។​ អ្វី​ដែល​បន្ត​ជា​កម្លាំង​ចលករ​កំណើន​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ទៅ​មុខ​នេះ ​ប្រហែល​ជាមួយ​ឆ្នាំ​នេះ​ រហូត​ដល់​មួយ​ឆ្នាំ​ក្រោយ ​គឺ​ភាព​រឹងមាំ​នៃ​វិស័យ​កាត់ដេរ​តែ​ម្តង។​ វិស័យ​កាត់ដេរ​មាន​កំណើន​ខ្ពស់ ​វិស័យ​កាមន្តសាល​ជារួម​មាន​កំណើន​ខ្ពស់​ដែរ»។​

អ្នក​ជំនាញ​ចូលរួម​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​តាមដាន​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៦ នៅក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ​២០១៦។
អ្នក​ជំនាញ​ចូលរួម​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​តាមដាន​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៦ នៅក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ​២០១៦។

លោក​បន្ថែម​ថា៖​

«តាម​រយៈការ​សិក្សា​អំពី​ការ​នាំ​ចូល​វត្ថុធាតុ​ដើម​រយៈពេល​៦​ខែ​ដើម​ខែ​នេះ ​គឺ​វត្ថុ​ធាតុ​ដើម​ឡើង​ថ្លៃ ​ហើយ​តម្លៃ​នាំ​ចេញ​៦​ខែ​ដំបូង​នៃ​ការ​នាំ​ចេញ ​បរិមាណ​នាំ​ចេញ​ថយ​បន្តិច​ប៉ុន្តែ​តម្លៃ​ឡើង»។​

ក្នុង​ពិធី​ផ្សព្វផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ អ្នក​ជំនាញ​របស់​ក្រសួង​បាន​ពន្យល់​បន្ថែម​ ​អំពី​វិស័យ​នីមួយៗ​ថា ​ក្នុង​វិស័យ​ពន្ធដារ​ និង​ពន្ធគយ​ ក្រសួង​បាន​ប្រើ​យុទ្ធសាស្ត្រ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ ​ហើយ​ថា ​ចំណូល​ពីការ​ប្រមូល​ពន្ធ​មាន​ការ​កើត​ឡើង​លើស​ពី​ការ​រំពឹង​ទុក​ ក្នុង​ឆ្នាំ​២០១៦​នេះ ដោយ​ការ​រំពឹង​ទុក​មាន​ត្រឹម​តែ​១៧,៣៥%​ តែ​ជាក់​ស្តែង​វា​បាន​កើន​ដល់​ទៅ​១៨%​ បើទោះបី​កម្ពុជា​បាត់​ចំណូល​ពី​ការ​បង់ពន្ធ​ពីខាង​ក្រៅ​ គឺ​ពី​ប្រទេស​អាស៊ាន​ជាង​២០០​លាន​ដុល្លារ​ក៏​ដោយ។​

អ្នក​សេដ្ឋកិច្ច​របស់​ក្រសួង​បញ្ជាក់​ថា​ ​ទស្សន​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦-២០១៧​នេះ​ នឹង​មិន​អាច​សម្រេច​តាម​ការ​ព្យាករណ៍​នោះ​ទេ ប្រសិន​បើ​សេដ្ឋកិច្ច​ប្រទេស​ចិន​ធ្លាក់​ចុះ​យ៉ាង​គំហុក ​ឬ​អស្ថិរភាព​នៃ​ទីផ្សារ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ភ្លាមៗ​ បន្ទាប់​ពី​ការ​សម្រេច​ដក​ខ្លួន​របស់​ចក្រភព​អង់គ្លេស​ពី​សហគមន៍​អឺរ៉ុប។​

លោក​វង្សី វិស្សុត ​បន្ថែម​ថា ​ក្រសួង​នឹង​ពង្រឹង​ការងារ ​និង​អនុវត្ត​សកម្មភាព​ជាក់​ស្តែង​ ព្រម​ទាំង​កែ​ប្រែ​គោល​នយោបាយ​សេដ្ឋកិច្ច​ឲ្យ​ដំណើរ​ការ​ល្អ​ឡើង​វិញ​ ដើម្បី​រក្សា​ស្ថិរភាព​របស់​សេដ្ឋកិច្ច​កម្ពុជា។​

អ្នក​វិភាគ​សេដ្ឋកិច្ច លោក ចាន់ សុផល ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​តាមដាន​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៦ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។
អ្នក​វិភាគ​សេដ្ឋកិច្ច លោក ចាន់ សុផល ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​តាមដាន​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៦ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។

ដោយ​ឡែក​ លោក​ ច័ន្ទ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ​របាយ​ការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច បើ​ធៀប​នឹង​លទ្ធផល​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​បណ្តា​ស្ថាប័ន​អន្តរជាតិ​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត។ ​ប៉ុន្តែ​លោក​ថា ​ប្រសិន​ជា​ស្រាវជ្រាវ​ពី​មីក្រូ​សេដ្ឋកិច្ច​វិញ​នោះ ​នឹង​មាន​ភាព​ខុស​គ្នា​ខ្លះ​ទៅ​នឹង​របាយ​ការណ៍​ម៉ាក្រូ​នេះ។​

លោក​បន្ថែម​ថា៖​

«បើ​យើង​ប្រជា​ពលរដ្ឋ​មើលពី​ជ្រុង​មួយ​ពី​មីក្រូ​កម្រិត​ទាប​មូល​ដ្ឋាន​មក​វិញ ​គឺ​អាច​ឃើញ​មាន​ភាព​ខុសគ្នា​ច្រើន​ណាស់។ ​តែ​ក្នុង​ប្រទេស​ទាំង​មូល​មាន​អញ្ចឹង គឺ​មាន​អ្នក​ខ្លះ​កើន​ច្រើន​ ឧទាហរណ៍​ថា​ ក្នុង​វិស័យ​អចលន​ទ្រព្យ​ខ្លះ​គេ​អាច​រក​បាន​ចំណេញ​ខ្ពស់ ​វិស័យ​នាំចេញ​នាំ​ចូល​ខ្លះ​គេ​អាច​ចំណេញ​ខ្ពស់​អញ្ចឹង​ទៅ​ ឯ​កសិករ​មួយ​ចំនួន​ហ្នឹង​ខាត​ច្រើន​អញ្ចឹង​ទៅ។ ប៉ុន្តែ​បើ​យើង​គិត​ជា​មធ្យម​មក គឺ​វា​ឃើញ​ថា​ កើន។​ អញ្ចឹង​តួលេខ​ម៉ាក្រូ​ ខ្ញុំ​ចង់​និយាយ​ថា​ មិន​ខុស​ទេ។ ​អ្វី​ដែល​ខាង​ក្រសួង​សេដ្ឋកិច្ច​បង្ហាញ​មក​សុទ្ធ​តែ​ជា​តួលេខ​សមរម្យ»។​

របាយ​ការណ៍​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ កាលពី​ខែ​កក្កដា​ ​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅតែ​រក្សា​បាន​ភាព​រឹងមាំ​ក្នុង​រង្វង់​៧% ​សម្រាប់​ឆ្នាំ​២០១៦​ និង​ឆ្នាំ​២០១៧ ដែល​គាំទ្រ​ដោយ​ការ​នាំ​ចេញ​សម្លៀកបំពាក់​ដ៏​ខ្លាំង​ វិស័យ​អចលន​ទ្រព្យ​ និង​សកម្មភាព​សំណង់ ​រួមទាំង​ការ​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ។​ IMF ​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើនយឺត​នៅ​ត្រឹម​រង្វង់​៦,២៥% នៅ​ឆ្នាំ​២០២១​ បណ្ដាល​មក​ពី​ការ​ថយចុះ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ការ​ប្រឈម​ក្នុង​ការ​ធ្វើ​ការ​កែ​លម្អការ​នាំចេញ និង​ការ​ថយចុះ​នៃ​លំហូរ​ឥណទាន​ពី​ក្រៅ​ស្រុក៕

XS
SM
MD
LG