ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​សហព័ន្ធ​សហជីព​មិនទាន់​សម្រេច​អំពី​ប្រាក់ខែ​អប្បបរមា​​ឆ្នាំ​២០១៧​ទេ​​​​​​


រូបឯកសារ៖ ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យ​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)
រូបឯកសារ៖ ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យ​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

អ្នក​ជំនាញ​​ថា ​ជា​រៀងរាល់​ខែ​ កម្មករ​និយោជិក​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​​១៧១​ដុល្លារ​​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​តួលេខ​បឋម​ និង​មិន​ទាន់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។​​

ថ្នាក់ដឹកនាំ​សហជីព ​និង​តំណាង​សហជីព​ នៅ​ព្រឹក​ថ្ងៃទី​៥​សីហា​នេះ​បាន​បើក​ការ​ប្រជុំ​មួយ​ ពិភាក្សា ​និងវិភាគ​ទៅ​លើ​ព័ត៌មាន និង​ទិន្នន័យ​ជា​មូលដ្ឋាន​អំពី​ការ​ចំណាយផ្សេងៗ​របស់​កម្មករ​និយោជិក ​ដើម្បី​ឲ្យ​ដឹង​ច្បាស់​អំពី​តម្រូវការ​របស់​កម្មករ។ ​ការ​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចរចា​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​២០១៧​សម្រាប់​វិស័យ​សម្លៀក​បំពាក់ ​និង​ផលិតផល​ស្បែក​ជើង។​

ប៉ុន្តែ​ក្រោយ​ការ​ប្រជុំ​នោះ​ ថ្នាក់ដឹកនាំ​សហជីព ​និង​តំណាង​សហជីព​មិន​ទាន់​កំណត់​បាន​តួលេខ​ណា​មួយនៅ​ឡើយ​ទេ។​

លោក​ប៉ាវ ស៊ីណា ​ជា​ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា ​និង​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​១៦​រូប​ក្នុង​គណៈ​កម្មការ​ពិសេស​សម្រាប់​ចរចា​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​២០១៧ ​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រជុំ​នេះ​នៅ​ខ្វះ​ទិន្នន័យ​មួយ​ចំនួន​ដែល​ពិបាក​នឹង​ធ្វើ​ការ​គណនា ​និង​សម្រេច​ចិត្ត។​

«អាច​នឹង​ថ្ងៃ​ទី​១៩​គឺជា​ថ្ងៃ​ដែល​យើង​ប្រកាស​ជា​លទ្ធផល​ចុង​ក្រោយ។ ​សំខាន់​គឺ​យើង​រក​តួលេខ​រួម​មួយ​ហើយ​បាន​យើង​កំណត់​ពេល​វេលា​ដើម្បី​ចរចា»។

ប៉ុន្តែ​លោក​បន្ថែម​ថា ​ជា​រៀងរាល់​ខែ​ កម្មករ​និយោជិក​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​ ១៧១​ដុល្លារសហ​រដ្ឋ​អាមេរិក​ ដែល​ជា​តួលេខ​បឋម​ និង​មិន​ទាន់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

«តាម​ការ​អង្កេត​គឺ​ចំណាយ​ដែល​កម្មករ​ចំណាយ​ជាក់​ស្តែង​គឺ១៧១​(ដុល្លារ)​ តែ​តួលេខ​នេះ​គឺ​ការ​ចំណាយ​ដ៏​ត្បិតត្បៀត។ ​តែ​យើង​នៅ​មាន​កត្តា​ច្រើន​ទៀត​ដែល​យើង​នូវ​ខ្វះ។ ​ទិន្នន័យ​ទាំងអស់​ហ្នឹង​ហើយ​ជា​មូលហេតុ​ដើម្បី​ឲ្យ​យើង​ដាក់​លេខ​ណាមួយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចរចា​ឲ្យមាន​សំឡេង​គ្រប់គ្រាន់ ​រួមទាំង​មាន​ឯកសារ​មួយ​ច្បាស់លាស់​ជា​មូលដ្ឋាន​ដើម្បី​ពិភាក្សា។ ​ ​គេ​យល់​ថា ​(កន្លង​មក)​សហជីព​យើង​លើក​យក​ទៅ​ជជែក​ខ្វះ​មូលដ្ឋាន ​ខ្វះ​ការ​ស្រាវជ្រាវ ​ខ្វះ​ការ​វិភាគ​ ទើប​ខាង​សហព័ន្ធ​ធ្វើការ​អង្កេត​ជាក់​ស្តែង»។ ​

លោក​ចាន់ សុផល​ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ ​បាន​ឲ្យ​ដឹង​ថា ​ដើម្បី​កំណត់​ប្រាក់ខែអប្បបរមា​របស់​កម្មករ​រោងចក្រ​ គេ​ត្រូវ​ដឹង​អំពី​តម្រូវ​ការ​ជា​មូលដ្ឋានរបស់​កម្មករ​ ចំណាយ​ជាក់ស្តែង ​អតិផរណា ​ផលិត​ភាពពលកម្ម ​លក្ខខណ្ឌ​ទីផ្សារ​ពលកម្ម​ជារួម ​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​ និង​អនាគត​នៃ​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ ​និង​ផលិត​ផល​ស្បែក​ជើង។​

លោក​បន្ត​ទៀត​ថា​ ចំនួន​ទឹក​ប្រាក់១៧១​ដុល្លារ​នេះ​កំណត់​ឡើង​ដោយ​ផ្អែក​លើការ​អង្កេត​ជាក់​ស្តែង ​លើ​ការ​ចំណាយ​តែ​ប៉ុណ្ណោះ។​

«ក្នុង​បុគ្គល​ម្នាក់​ចំណាយ​ផ្ទាល់​ខ្លួន​អស់​១២៤​ដុល្លារ​ក្នុង​មួយខែ។​ ប៉ុន្តែ​កម្មករ​យើង​មានកាតព្វ​កិច្ច​ភាគ​ច្រើន​ជួយ​គ្រួសារ ​ជួយកូន​ ចិញ្ចឹម​កូន។ ​កាតព្វកិច្ច​នោះ​ជា​មធ្យម​ អញ្ចឹង​ជា​មធ្យម​ក្នុង​មួយ​ខែៗ៤៧​ដុល្លារ»។​

អ្នកស្រី​ចែ ចរិយា​ អាយុ​៣៣​ឆ្នាំ​ ជា​កម្មការិនី​រោងចក្រ​កាត់​ដេរ​សម្លៀក​មួយ។​ អ្នក​ស្រី​ធ្វើការ​ក្នុង​វិស័យ​នេះ​១៦​ឆ្នាំ​មក​ហើយ។ អ្នក​ស្រីប្រាប់​ VOA​ ថា​ ការ​ចំណាយ​របស់​គាត់​មាន​ចំនួន​លើស​១៧០​ដុល្លារ​នេះ។​ ដូច្នេះ​អ្នកស្រី​ត្រូវ​ធ្វើការ​បន្ថែម​ម៉ោង។ អ្នកស្រី​ចង់​ឲ្យ​ការ​ចំណាយ​លើ​សុខភាព​ត្រូវ​រាប់​បញ្ចូល​ដែរ។​

«ស្ថាន​ភាព​រាល់ថ្ងៃ​ខ្ញុំ​គិត​ថា​ គួរតែ​អាច​លើស​ពី​២០០​ដុល្លារ​ឡើង។ ​ទី១ ​យើង​អាច​ជួយ​សម្រាល​ទាក់ទង​នឹង​ការ​ចំណាយ ​កុំ​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​ខំ​ប្រឹង​ធ្វើការ​ថែម​ម៉ោង​ពេក ព្រោះអី​ធ្វើការ​ថែម​ម៉ោង​យូរៗ​ទៅ​ វា​ប៉ះពាល់​ខ្លាំង​ជាមួយ​សុខភាព។ ​សុខភាព​យើង​វា​នឹង​ទ្រុឌ​ទ្រោម​ដែរ។​ ប្រាក់ខែ​ប៉ុណ្ណឹង​វាមិន​អាច​បន្សល់​ឲ្យ​យើង​មើល​ជំងឺ​ទេ។ ហើយ​ទំនិញ​ទីផ្សារ​ហ្នឹង​វា​ឡើង​រហូត។​ ទំនិញ​ឲ្យតែ​បុណ្យទាន​វា​ឡើង​រហូត»។​

ក្រុម​សហជីព​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​បាន​តួលេខ​ច្បាស់​លាស់ ពួកគេ​នឹង​ដាក់​ស្នើ​ទៅ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ជជែក​អំពី​ការ​ដំឡើងប្រាក់ខែ​របស់​កម្មករ​និយោជិក​ក្នុង​ឆ្នាំ​២០១៧។​

នៅ​កម្ពុជាលក្ខខណ្ឌ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​មិន​អំណោយ​ផល​ដល់​សុខមាលភាព​របស់របស់​កម្មករ​ឡើយ។ ​ជា​រឿយៗ​ គេ​ឃើញ​មាន​ករណី​រំលោភ​បំពាន​លើ​កម្លាំង​ពលកម្ម​ និង​កម្មករដួល​សន្លប់​ក្នុង​រោងចក្រ​ជាដើម។​ នៅ​ក្នុង​វិស័យ​កាត់ដេរ​ ចំនួនស្រ្តីអាយុ​១៨​ទៅ​៣៥​ឆ្នាំ ប្រមាណ​៩០%​ទៅ​៩៥% ដែល​ជា​តួលេខច្រើន​ជាង​គេ​ក្នុង​ចំណោម​ចំនួន​កម្មករ​សរុប​ប្រមាណ​ជាង៧០​ម៉ឺន​នាក់​ក្នុង​ប្រទេស​កម្ពុជា។​

កាល​ពីខែ​តុលា​ឆ្នាំ​២០១៥​ ​ រដ្ឋាភិបាល​បាន​សម្រេចចិត្ត​កំណត់​ប្រាក់ខែ​អប្បបរមា​សម្រាប់​កម្មករ​និយោជិក​ត្រឹម​ចំនួន១៤០​ដុល្លារ។ ​ការ​កំណត់​នេះ​ធ្វើឡើងបន្ទាប់ពី​ក្រុម​កម្មករ​ និង​សហជីព​ធ្វើ​បាតុកម្ម​ជា​ហូរហែ​តាម​ដង​វិថី​នានា​នៅ​ក្នុង​ និង​ក្រៅ​ទីក្រុង​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដំឡើងប្រាក់ខែ ​និង​ការ​គិតគូរ​អំពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ៕

XS
SM
MD
LG