ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប ទទួល​យក​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​«គណបក្ស​កម្លាំង​ជាតិ» សម្រាប់​ការ​ឈរ​ឈ្មោះ​បោះឆ្នោត


រូបឯកសារ៖ មន្ត្រី គ.ជ.ប ផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំងដ៏ធំមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ មន្ត្រី គ.ជ.ប ផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំងដ៏ធំមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

បន្ទាប់​ពី​ទទួល​បាន​ការ​បញ្ជាក់​ពី​ស្ថាប័ន​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​អំពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហា​ផ្ទៃ​មាន​បញ្ជាក់​នីត្យានុកូលកម្ម​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​នោះ មេដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​ថ្លែង​ថា​ គណបក្ស​នឹង​រៀប​ចំ​ដាក់​បេក្ខ​ជនឲ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ ខណៈ​គណបក្ស​កំពុង​ប្រមូល​សំឡេង​គាំទ្រ​ពីមហាជន​នៅទូទាំង​ប្រទេស។

គណបក្ស​កម្លាំង​ជាតិ​ ទើប​តែ​បាន​ធ្វើ​សមាជ​បក្ស​លើក​ដំបូង​កាលពី​សប្តាហ៍​មុន​ ដោយ​បាន​រៀប​ចំក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​នៅតាម​បណ្តា​រាជធានី​ខេត្ត​ក្រុង​ ហើយ​មាន​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ប្រធាន​។

ប្រធាន​គណ​បក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​ថ្មី លោក​ស៊ុន ចន្ធី ប្រាប់​វីអូអេ​ថា​ គណបក្ស​កំពុងបន្ត​កៀរគរ​រក​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ និងថា​គណបក្ស​របស់​លោក​គ្មាន​ឧបសគ្គ​ក្នុង​ការ​រៀបចំ​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​តាម​ទីតាំង​នីមួយ​ៗ​ ព្រោះ​គណបក្ស​មាន​លទ្ធភាព​ និង​មធ្យោបាយ​គ្រប់​គ្រាន់​ ទាំង​ថវិកា និង​ធនធានមនុស្ស។

លោក​ថ្លែងថា៖ «គណបក្ស​កម្លាំង​ជាតិ​មិន​ព្រួយ​បារម្ភ​ទេ យើង​មាន​លទ្ធភាព​មាន​មធ្យោបាយ​គ្រប់​គ្រាន់​ ក្នុង​ការរៀបចំ​ដាក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​តាម​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២៧ ​ខាង​មុខ​»។

សេចក្តី​ជូន​ដំណឹងមួយ​ចុះថ្ងៃទី​១៥ ​ខែវិច្ឆិកា​ គ.ជ.ប បាន​ទទួល​យក​សេចក្តី​ចម្លង​ប្រកាស​ស្តីពី​ការចុះ​ឈ្មោះ​ និង​ការចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហា​ផ្ទៃ​ ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម​របស់​គណបក្ស​កម្លាំង​ជាតិ​ ដែល​បង្កើត​ថ្មី​កាល​ពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ ​២០២៣នេះ សម្រាប់​ការប្រើ​ឲ្យ​ការចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ​សង្កេត​មើល​ដំណើរការ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២៣។

សេចក្តី​ជូន​ដំណឹង​នេះ​បាន​ណែនាំ​ឲ្យ​ភ្នាក់ងារ​គណបក្ស​នយោបាយ​នេះ​ នៅ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ (កបឃ.ស)អាច​ថត​សម្លង​សេចក្តី​ចម្លង​ប្រកាស​មាន​បញ្ជាក់​នីត្យានុកូលកម្ម​ជា​មួយ​និងពាក្យ​សុំ និង​ត្រូវ​បំពេញ​លក្ខខណ្ឌ​ផ្សេងទៀត​ កំណត់​ដោយ​បទ​បញ្ជា និង​នីតិ​វិធី​របស់​ គ.ជ.ប ។

អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិកា​រជាតិ​រៀបចំការ​បោះ​ឆ្នោត​លោក​ សោម សូរីដា ប្រាប់​វីអូអេនៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ​ថា​ រាល់​គណ​បក្ស​ទាំង​ឡាយ​ណា​ឲ្យ​តែ​បាន​ចុះ​បញ្ជី​គណ​បក្ស​នយោ​បាយ ស្រប​តាម​ច្បាប់​នៅ​ក្រសួង​មហា​ផ្ទៃ គឺ​មាន​សិទ្ធិចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ទាំង​សាកល និង​អសាកល។

លោក​បញ្ជាក់​ទៀត​ថា​ បើ​គ្មាន​លិខិត​ដើម​នៃ​ការ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ទេ ក៏​មិន​អាច​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​បាន​ដែរ។

ជុំវិញ​លិខិត​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ​នេះ​ ​គណបក្ស​ជំទាស់​ធំមួយ​គឺ​គណបក្ស​ភ្លើង​ទៀន ​បាន​ខកខាន​មិន​បាន​ចូល​រួម​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​កក្កដា ដោយ​សារ​តែ​មិន​មាន​លិខិត​ចុះ​បញ្ជី​ច្បាប់​ដើម​ ដែល​បញ្ជាក់​នៅ​ក្រសួង​មហា​ផ្ទៃ​ ហើយ​គណបក្ស​នេះ​តែងតែ​ស្នើសុំ​ការ​អន្តរាគមន៍​ជា​ច្រើន​លើក​ពី​ក្រសួង​មហាផ្ទៃ​ឲ្យ​ដោះស្រាយ​ដែរ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​បដិសេធ។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក​ គីមសួរ ភិរិទ្ធ​ អះអាង​ថា​ គណបក្ស​ភ្លើង​ទៀន​មាន​អង្គ​បោះ​ឆ្នោត​គ្រប់គ្រាន់ ប៉ុន្តែ​ត្រូវ​បាន​គេ​រាំងខ្ទប់​ឱកាស​ទៅ​វិញ​ ដោយសារ​ហេតុផល​មិន​ច្បាស់​លាស់​មួយ​ចំនួន។ លោក​ថា មក​ដល់​ពេល​នេះ ​គណបក្ស​ភ្លើង​ទៀន​បាន​សម្រេច​ជ្រើសរើស​ចងសម្ពន្ធ​ភាព​ជា​មួយ​គណបក្ស​នយោបាយមួយ​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​គណបក្ស​អាច​មាន​លទ្ធភាព​ក្នុង​ការចូល​រួម​ចំណែក​ក្នុង​ដំណើរការ​បោះឆ្នោត​ខាង​មុខៗ​ទៀត។

លោក​លើក​ឡើង​ថា៖ «អ៊ីចឹង​បាន​គាត់​[គណបក្ស​ភ្លើង​ទៀន] សម្រេច​ជ្រើសរើស​គណបក្ស​មួយ​នៅ​ក្នុង​សម្ពន្ធភាព​គឺ​គណបក្ស​ឆន្ទៈខ្មែរ​ ដើម្បី​ដាក់​បញ្ជី​ឈរ​ឈ្មោះ​ជំនួស​ឲ្យ​គណបក្ស​ភ្លើង​ទៀន»។

នៅពេល​គណបក្ស​ភ្លើង​ទៀន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិនច្បាស់​លាស់​ ពាក់​ព័ន្ធលិខិត​ដើម​នៃការ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង​នេះ​មួយចំនួន​ បាន​ដើរ​ចេញ​ពី​គណបក្ស​មក​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ​ ក្នុងនោះ​មាន​លោក​ រ៉ុង​ ឈុន​ ជា​ដើម។

លោក ​គីមសួរ ភិរិទ្ធ បញ្ជាក់​ថា​ ការចាក​ចេញ​នេះ​គឺ​ជា​សិទ្ធិ​របស់​បុគ្គល​តែប៉ុណ្ណោះ​ និង​មិនប៉ះពាល់​ដល់​ដំណើរ​ការ​របស់​គណបក្ស​ភ្លើង​ទៀន​នោះ​ឡើយ។

លោក​ថ្លែងថា៖ «អ្នក​នៅ​គឺ​យើង​ពន្យល់​ហេតុផល​ អ្វី​ដែល​សំខាន់​គឺ​យើង​ឆ្ពោះ​ទៅ​គោលដៅ​របស់​យើង​គឺ​ ស្តារ​លទ្ធិប្រជាធិបតេយ្យ។ ហើយ​អ្នក​ចាកចេញ​ទៅ​គឺ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​គេ​អ៊ីចឹង​យើង​គិត​តាម​ហ្នឹង»។

លោក មាស នី អ្នក​វិភាគ​នយោបាយ កត់​សម្គាល់​ថា ការបង្កើត​គណបក្ស​ដើម្បី​ចូល​រួម​ក្នុង​ដំណើរការ​បោះឆ្នោត​គឺ​ជា​រឿង​ត្រឹមត្រូវ​ ឲ្យ​តែ​គោរព​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្តែ​លោក​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ថា គណបក្ស​កម្លាំង​ជាតិ​ដែល​ទើប​តែ​បង្កើត​ឡើង​នេះ នឹង​ទទួល​បានការគាំទ្រ​ច្រើន​ឬ​យ៉ាង​ក្នុងចំណោម​អ្នក​បោះឆ្នោត។

លោក​បញ្ជាក់​ថា៖ «វា​អាស្រ័យ​ទៅ​លើ​គណបក្ស​មួយ​នេះ​មាន​ គោលនយោបាយ​យ៉ាង​ម៉េច​ខ្លះ​ ហើយ​អ្នកណា​ខ្លះ​ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ អាហ្នឹង​បាន​ខាង​ពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​ក្រៅ​ពី​ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​នោះ គេ​មើល​ឃើញ​ហើយ​គេ​នឹង​ផ្តល់​ការគាំទ្រ​របស់​គេ​ទៅ​ឲ្យ»។

លោក​បន្ថែម​ថា​ គណបក្ស​កម្លាំង​ជាតិក៏​ត្រូវ​ពិចារណា​ផង​ដែរ ចំពោះ​សកម្មភាព​ឃ្លាំមើល​របស់​គណបក្ស​កាន់​អំណាច​ នៅ​ពេល​ខ្លួន​ធ្វើ​សកម្មភាព​នយោបាយ​ស្វែង​រក​សំឡេង​ឆ្នោត។​

លោក​ថ្លែង​ថា៖ «រឿង​សំខាន់​មួយ​ទៀត​នោះ​ គឺ​ថា​តើ​គណបក្ស​នេះ​នឹង​មាន​យុទ្ធសាស្រ្ត​អី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ជឿជាក់​ហើយ​ទីពីរ​ ថា​តើគណបក្ស​ហ្នឹង​នឹង​ត្រូវ​ដើរ​យ៉ាង​ម៉េច​ ដើម្បី​កុំ​ឲ្យ​ជាន់​ដាន​នៃ​ការ​តាម​មើល​របស់គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការចោទ​ប្រកាន់​ទៅ​លើ​ការទាក់ទង​ជា​មួយ​នឹង​អតីត​មេដឹកនាំ​សង្រ្គោះ​ជាតិ? វា​ជា​បញ្ហា​រសើប​មួយ ​ដែលគណបក្ស​កម្លាំង​ជាតិ​ត្រូវ​តែ​គិត​ថា​នឹង​ពិចារណា​បាទ»។

លោក កន​ សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុម​ហ្វ្រែល​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ថ្លែង​ថា ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​គឺ​ជា​គោល​ការណ៍​មួយ​នៃ​លទ្ធ​ប្រជាធិបតេយ្យ ប៉ុន្តែ​លោក​ថា​ ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ​វិញ​ ក៏​មិន​ទាន់​អាច​កំណត់​ថា​ វា​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នោះ​ដែរ។ ពោល​លោក​ថា​ ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​ការអនុវត្ត​នូវ​គោល​ការណ៍​ផ្សេងៗ​ទៀត​ ពាក់​ព័ន្ធនឹង​ដំណើរ​ការ​ចូលរួម​ការបោះឆ្នោត​ ដើម្បី​បញ្ជាក់​ថា​ ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ​នីមួយៗ​កើត​មាន​ឡើងដោយ​សេរី ​ឬ​ក៏​យ៉ាង​ណានោះ។

គួរ​រំឭកថា​ កាល​ពីថ្ងៃទី​១២ ខែ​វិច្ឆិកា​ គណបក្ស​កម្លាំង​ជាតិ​បាន​ធ្វើ​សមាជ​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ខេត្ត​កំពង់​ធំ​ ដោយ​លោក ​ស៊ុន ចន្ធី​ អតីតប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​កំពង់ធំ និង​លោក​ ជា មុនី​ អតីត​មេដឹកនាំ​សហ​ជីពសេរី​កម្មករ​នៃព្រះជារា​ណា​ចក្រ​កម្ពុជា​ត្រូវ​បាន​សមាជិក​គណបក្ស​ផ្តល់​សេចក្តី​ទុកចិត្ត​ឲ្យ​ធ្វើ​ជា​ប្រធាន​ និង​អនុប្រធាន​បក្ស។​ រីឯ​លោក ​រ៉ុង ឈុន​ ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​គណបក្ស៕

XS
SM
MD
LG