គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ស្ថាប័នរៀបចំការបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះពីមុនមក ឬអ្នកទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ធ្នូ ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅដ្ឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំសង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ»។
បើតាមការប៉ាន់ស្មានរបស់ គ.ជ.ប អ្នកចុះបោះឆ្នោតថ្មីមានប្រមាណ ២៨ម៉ឺននាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរប្រមាណ ៩លាន ៧សែននាក់ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត៕