ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក រ៉ុង ឈុន ចេញ​ពី​បក្ស​ភ្លើង​ទៀន​ទៅ​ចូល​រួម​ជាមួយ​បក្ស​កម្លាំង​ជាតិ​ ដែល​ទើប​បង្កើត​ថ្មី


លោក រ៉ុង ឈុន ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អំពីការលាលែងពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក រ៉ុង ឈុន ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អំពីការលាលែងពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​ចាក​ចេញ​ពី​គណ​បក្ស​ជំទាស់​មួយ​នេះ​ ដោយ​ងាក​ទៅចូល​រួម​ជា​មួយ​គណ​បក្ស​កម្លាំង​ជាតិ​ ដែល​ទើប​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​អនុ​ញ្ញត​ឱ្យបង្កើត​ឡើង​ ​កាល​ពី​ខែ​ពាក់​កណ្តាល​ខែ​តុលា​។

​ការ​ប្រកាស​របស់​លោក រ៉ុង ឈុន ធ្វើ​ឡើង​នៅក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ នៅ​ទី​ស្នាក់​ការ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ក្នុងសង្កាត់​ចាក់​អង្រែ ​ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​ភ្នំ​ពេញ ​នៅថ្ងៃ​ព្រហ​ស្បតិ៍​នេះ ដែល​កៀក​នឹង​ថ្ងៃ​ដែល​គណ​បក្ស​កម្លាំង​ជាតិ គ្រោង​រៀប​ចំ​ក្បាល​ម៉ាស៊ីន​ ឬ​ហៅ​ថា«សមាជ​បក្ស​»​ នៅ​ចុង​សប្តាហ៍​នេះ​។​

ក្នុងសន្និ​សីទ​សារ​ព័ត៌​មាននោះ​ លោក រ៉ុង ឈុន ​អតីត​មេដឹក​នាំ​សហ​ជីពមួយ​រូប​ ​បញ្ជាក់​មូល​ហេតុ​នៃ​ការ​ចាក​ចេញ​នោះថា​ ​ដោយ​សារ​តែ ​គណ​បក្ស​ភ្លើង​ទៀន​ មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នានា ​នៅ​ពេល​ខាង​មុខ​ទៀត​បាន​ និង​ដោយ​សារ​តែ​ចរន្ត​នយោ​បាយ​ថ្មី​នៃគណ​បក្ស​កម្លាំង​ជាតិ​ អាច​នឹង​ស្នង​តំណែង​ពី​គណ​បក្ស​ប្រឆាំង​។​ លោក​បន្ថែម​ថា​ការ​សម្រេច​ចិត្ត​បែប​នេះ ក៏​ដោយ​យោង​តាមគំនិត​ដើមនៃ​ថ្នាក់​ដឹក​នំាំ​គណ​បក្ស​ភ្លើង​ទៀន​ និង​ស្តាប់​តាមសកម្ម​ជន ​ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​ថ្នាក់​ក្រោម​ជាតិ ​និង​អ្នក​គាំទ្រ​ភាគ​ច្រើន ដែល​គាំទ្រ​ឱ្យ​លោក​ចូល​រួម​ជាមួយ​គណ​បក្ស​ថ្មី​។

លោក​ថ្លែង​ថា​៖​ «​អ៊ីចឹង​ការ​សម្រេ​ច​ចិត្ត​របស់​ខ្ញុំ គឺ​ទៅ​តាម​គំនិត​ដើម​ ​និង​ទៅ​តាម​សំឡេង​ថ្នាក់​ក្រោម​ជាតិ​ ​ភាគ​ច្រើន​ដែល​ចង់​ទៅ​ផ្ទះ​ថ្មី»។

លោក​បន្ថែម​ថា​៖ «ហើយ​យើង​មើល​ឃើញ​ច្បាស់​ថា មាន​តែគណ​បក្ស​កម្លាំង​ជាតិ​ខ្មែរ​តែ​មួយ​ទេ​ ដែល​ជា​អ្នក​បន្ត​ដំណើរ​ពី​គណ​បក្ស​ភ្លើង​ទៀន​ ហើយ​និង​បន្ត​នូវ​ឆន្ទៈ​ដើម ​ស្មារតី​ដើម​ អ្នក​ប្រជា​ធិប​តេយ្យ​ ហើយ​ក៏​ជា​និមិត្ត​រូប​មួយ​ សម្រាប់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត ​ចូល​ជា​មួយ​គណ​បក្ស​កម្លាំង​ជាតិ»។

​លោក រ៉ុង ឈុន បន្ថែម​ថា​គណ​បក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​សារ​បាត់​ឯក​សារ​ដើម​នៃ​ការ​ចុះ​បញ្ជី​គណ​បក្ស​នៅ​ក្រសួង​មហា​ផ្ទៃ​ ដូច្នេះ​លោក​ថា ​បើ​សិន​ជា​លោក​បន្ត​ឱប​ក្រសោប​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ ជា«​កា​រ​សម្លាប់​ប្រជា​ធិប​តេយ្យ​»​។

លោក​ថ្លែង​ថា​៖ ​«​បើ​គណ​បក្ស​ភ្លើង​ទៀន​មិន​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ ហើយ​យើង​នៅ​ឱប​ជាមួយ​គណ​បក្ស​ មាន​ន័យ​ថា​ យើង​ស្រឡាញ់​ណាស់ ប៉ុន្តែ​យើង​កំពុង​តែ​សម្លាប់​ប្រជា​ធិប​តេយ្យ​»​។

លោក រ៉ុង ឈុន ​អតីត​មេ​ដឹកនាំ​សហជីព​ និង​ប្រធាន​នៃ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ និង​ជា​អតីត​សមា​ជិក​ម្នាក់​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប) ​បាន​ចូល​រួម​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ បាន​រយៈ​ពេល​ជិត១០​ខែ ​ដែល​ចាប់​ពី​ថ្ងៃ​ទី​៣១​ខែ​មករា ​ឆ្នាំ២០​២៣​។

​លោក រ៉ុង ឈុន ​ថ្លែង​ថា​ការ​ចាក​ចេញ​របស់​លោក​មិន​មែ​ន​មក​ពី​ការ​អក់​អន់​ស្រ​ពន់​ចិត្ត​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន ​និងក៏មិន​មែន​ជា​ការ​បំបែក​សំឡេង​អង្គ​បោះ​ឆ្នោត ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា ​និង​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត​ ក្រុង​ ស្រុក នា​ឆ្នាំ​២០​២៤ ​នោះ​ទេ។

​ទោះជាយ៉ាង​ណា លោក រ៉ុង ឈុន ​មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​លោក​នឹង​មាន​តួនាទី​អ្វី​នៅ​ក្នុង​គណ​បក្ស​កម្លាំង​ជាតិ​ឡើយ​ ខណៈ​គណ​បក្ស​ថ្មី​នេះ​ គ្រោង​ធ្វើ​សមាជ​គណ​បក្ស​លើក​ដំបូង ​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ ដើម្បី​រៀប​ចំ​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹកនាំ ​និង​រចនា​សម្ព័ន្ធ​គណ​បក្ស​។

លោក ស៊ុន ចន្ធី អតីត​ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ធំ ​ដែល​ទើបចាក​ចេញ​ពី​គណ​បក្ស​ភ្លើង​ទៀន និង​ទៅបង្កើត​គណ​បក្ស​កម្លាំង​ជាតិ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្ត​មាន​របស់​លោក រ៉ុង ឈុន​។ លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​តួនាទី​របស់​លោក រ៉ុង ឈុន ក្នុង​គណ​បក្ស​នៅ​ឡើយ​ទេ​ លុះត្រា​ដល់​ថ្ងៃ​«សមាជ​បក្ស» ទើប​មាន​ការ​ប្រកាស​ជា​ផ្លូវការ។

​លោក​ថ្លែង​ថា៖ ​«​គណ​បក្ស​កម្លាំង​ជាតិ​គោរព​ និង​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​លោក រ៉ុង ឈុន ​ដែល​មាន​វីរ​ភាព​ធ្លាប់​ចេញ​មុខ​តស៊ូ​មតិ​ ដោយ​សន្តិ​វិធី ​អង់​អាច​ក្លាហាន​ លះ​បង់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ស្មោះ​ត្រង់​ បម្រើ​ការពារ​ផល​ប្រយោជន៍​គ្រូ​បង្រៀន ​កម្មករ សហជីព សកម្ម​ជន​សិទ្ធិ​មនុស្ស និង​សកម្ម​ជន​នយោ​បាយ ​នា​ពេល​កន្លង​ទៅ​»។

ចំណែក​លោក គីម​សួរ ភិរិទ្ធ អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន ​ប្រាប់​វីអូអេ​ថា​ការ​ចាក​ចេញ​របស់​លោក រ៉ុង ឈុន ​ជា​សិទ្ធិ​បុគ្គល ​និង​មិន​ប៉ះ​ពាល់​អ្វីដ​ល់​គណ​បក្ស​ភ្លើង​ទៀន​ឡើយ​ ព្រោះ​គណ​បក្ស​ថ្មី​ក៏​បានបង្ហាញ​ជំហរ ​និងគោល​ដៅ​«ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ»​ដូច​គណ​បក្ស​ភ្លើង​ទៀន​ដែរ​។

លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​ជឿ​ថា​បន្តិច​ទៀត​ គណ​ប​ក្ស​ដែល​គាត់​[រ៉ុង ឈុន​]នឹង​ចូលរួម​ហ្នឹង គាត់​អាច​វិល​ត្រឡប់ ​មក​ចូល​រួម​ក្នុងសម្ពន្ធ​ភាព​ឆ្ពោះ​ទៅ​អនា​គត ​នឹង​ធ្វើ​កិច្ចការ​ជា​មួយ​គ្នា​ ​ដើម្បី​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅកម្ពុជា។​ ដូច្នេះ​អត់​មាន​អ្វី​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោ​ជន៍ ​ឬ​ដល់​ការងារ​ស្តារ​ប្រជា​ធិប​តេយ្យ​របស់​គណ​បក្ស​ភ្លើង​ទៀន ​ឬក៏គណ​បក្ស​ផ្សេង​ៗ​ទៀត​នៅ​ក្នុងសម្ពន្ធ​ភាព​ដែរ»។

​លោក រ៉ុង ឈុន ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​នា​ថ្ងៃ​ព្រហ​ស្បតិ៍​ថា​ លោក​ក៏​នឹង​ពិភាក្សា​ជាមួយ​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹកនាំ​គណ​បក្សកម្លាំង​ជាតិ​ អំពី​សម្ពន្ធ​ភាព​ជាមួយ​គណ​បក្ស​ជំទាស់​ផ្សេង​ទៀត​ផង​ដែរ​៕

XS
SM
MD
LG