នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តុលាការបានជំនុំជម្រះសំណុំរឿងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដោយសម្រេចឲ្យលោកជាប់ពន្ធនាគាររយៈពេល៦ខែ និងពិន័យ ជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងបណ្តឹងរបស់ចៅក្រម និងព្រះរាជអាជ្ញាខេត្តសៀមរាបពីបទបរិហាកេរ្តិ៍នៅពេលលោកជាមន្រ្តីសិទ្ធិមនុស្សសមាគមអាដហុក។
ការសម្រេចនេះត្រូវបានអ្នកការពារសិទ្ធិមនុស្សថា ជាការសម្រេចដោយអយុត្តិធម៌ និងជាការគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សក្នុងការរិះគន់រដ្ឋាភិបាល។
ក្រោយសវនាការជំនុំជម្រះពេញមួយព្រឹកនៅថ្ងៃទី២២ ខែកញ្ញានេះ ដោយចៅក្រមបានសួរដេញដោល រវាងអ្នកពាក់ព័ន្ធរួចមក ចៅក្រមបានប្រកាសសាលក្រមផ្តន្ទាទោសលោក នី ចរិយា នារសៀលថ្ងៃដដែល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សំពាធលើយុត្តាធិការ តាមមាត្រា៣០៥ មាត្រា៣១១ មាត្រា៣១២ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ។
កាលពីពាក់កណ្តាលឆ្នាំ២០១៥ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង និង លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានប្តឹងលោក នី ចរិយា នៅពេលដែលលោក នី ចរិយា ធ្វើជាមន្រ្តីការពារសិទ្ធិមនុស្សនៅសមាគមអាដហុក។ បណ្តឹងនោះប្តឹងលោក នី ចរិយា ពីបទបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងលោក នី ចរិយា ធ្វើសន្និសីទសារព័ត៌មានមួយចោទថា មន្ត្រីតុលាការខេត្តសៀមរាបចាប់ខ្លួនពលរដ្ឋអ្នកមានទំនាស់ដីធ្លីដោយអយុត្តិធម៌ និងបានប្តឹងមន្ត្រីតុលាការមួយចំនួន រួមមានព្រះរាជអាជ្ញា និងចៅក្រម តុលាការខេត្តសៀមរាបទៅកាន់ស្ថាប័នចំនួន៤ រួមទាំងក្រសួងយុត្តិធម៌ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពីបទចាប់ខ្លួនពលរដ្ឋរឿងដីធ្លី និងចោទប្រកាន់ពួកគាត់ខុស ទាក់ទងនឹងរឿងជម្លោះដីធ្លីនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប កាលពីឆ្នាំ២០១៤។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យលោក នី ចរិយា លើកឡើងថា ការសម្រេចសាលក្រមនេះ មានភាពអយុត្តិធម៌ ដោយលោកថា កូនក្តីរបស់លោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។ លោកបន្ថែមថា ការធ្វើសន្និសីទសារព័ត៌មានរបស់កូនក្តីលោកពាក់ព័ន្ធនឹងបញ្ហាដីធ្លីនោះគឺជាការបកសា្រយការពិតដល់សាធារណជន និងជាការបញ្ចេញមតិតាមរដ្ឋធម្មនុញ្ញ។
លោកបញ្ជាក់ប្រាប់ VOA ថា៖
«នៅព្រឹកមិញនេះ មានសាក្សី៣នាក់បានដែលជាជនរងគ្រោះ ដែលតុលាការខេត្តសៀមរាបបានឃាត់ខ្លួនចំនួនពីរនាក់ហ្នឹង មកធ្វើជាសាក្សី ហើយបានបញ្ជាក់ច្បាស់ថា បច្ចុប្បន្នដីដែលមានបញ្ហាដែលលោក នី ចរិយា តែងបានទៅធ្វើសន្និសីទកាសែតហ្នឹង ឥឡូវត្រូវបានអាជ្ញាធរសម្រេចប្រគល់ជូនប្រជាពលរដ្ឋ ឆ្កៀលជូនប្រជាពលរដ្ឋ អញ្ចឹងអ្វីដែលលោក នី ចរិយា និយាយនេះ គឺមិនមែនជារឿងបរិហារកេរ្តិ៍ទេ គឺជារឿងពិត»។
លោកមេធាវី សំ សុគង់ បន្ថែមថា ក្រុមមេធាវីនឹងពិភាក្សាជាមួយលោក នី ចរិយា ដើម្បីប្តឹងមិនសុខចិត្តទៅសាលាឧទ្ធរណ៍លើការសម្រេចនេះក្នុងពេលឆាប់ៗ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូយល់ថា ការកាត់ទោសរបស់តុលាការធ្វើឡើងដោយមិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើលោក នី ចរិយា។ លោកបន្ថែមថា លោក នី ចរិយា ជាអតីតអ្នកការពារសិទ្ធិមនុស្សដែលតែងរិះគន់ប្រព័ន្ធតុលាការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះដោយការរំលោភដីធ្លី និងការរំលោភសិទ្ធិមនុស្សជាដើម ដូច្នេះលោកថា ការសម្រេចនេះជាការគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សផ្សេងទៀតមិនឲ្យរិះគន់ប្រព័ន្ធតុលាការ។
លោកមានប្រសាសន៍ថា៖
«ការសម្រេចនេះគឺខ្ញុំគិតថាជាការមួយគំរាមកំហែងដើម្បីបំបាក់ស្មារតីអ្នកសិទ្ធិមនុស្ស ដែលបានតស៊ូមតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាដើម»។
ឆ្លើយតបតាមសារអេឡិចត្រូនិកតេលេក្រាម អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ច្រានចោលការលើកឡើងរបស់មេធាវី និងអ្នកការពារសិទ្ធិមនុស្ស ហើយថា តុលាការពិចារណានិងពិនិត្យទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងជាក់ស្តែងសម្រាប់ចំណាត់ការរឿងក្តី និងសវនាការ។
លោកបញ្ជាក់ក្នុងសម្តីដើមថា៖
«សាលក្រមជាសេចក្តីសម្រេចរបស់ចៅក្រមជំនុំជម្រះដែលមានសំអាងហេតុ និងសំអាងច្បាប់យ៉ាងច្បាស់លាស់ និងត្រឹមត្រូវ បន្ទាប់ពីសវនាការដែលធ្វើការពិភាក្សាដេញដោល និងពិនិត្យភស្តុតាងត្រឹមត្រូវនៅចំពោះមុខជនជាប់ចោទ និងមេធាវីការពារជនជាប់ចោទ»។
បច្ចុប្បន្ន អតីតអ្នកការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា កំពុងជាប់បណ្តឹងមួយទៀតនៅតុលាការពាក់ព័ន្ធនឹងការចោទថា លោកបានសូកប៉ាន់សាក្សីមិនឲ្យនិយាយរឿងពិតប្រាប់តុលាការ ករណីចោទថា លោក កឹម សុខា មានសេ្នហាលួចលាក់ជាមួយនារីធ្វើការនៅហាងកាត់សក់មួយ ដែលត្រូវបានគេស្គាល់ថាឈ្មោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ៕