ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​ពន្យារពេល​ការ​ចុះឈ្មោះ​​បោះឆ្នោត​​មួយ​​ថ្ងៃ​ទៀត


មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​​ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​​ក្នុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)
មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​​ជួយ​ណែ​នាំ​ដល់​ពលរដ្ឋឲ្យ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​​ក្នុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)

គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) សម្រេច​បន្ថែម​រយៈពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រឹម​តែ​មួយ​ថ្ងៃ ដោយ​អះអាង​ថា​ការ​បន្ថែម​រយៈពេល​លើស​ពី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថវិកា​ និង​នីតិវិធី​ផ្សេងៗ​ទៀត​ដែល​ គ.ជ.ប​ បានគ្រោងទុក។ គណបក្ស​ប្រឆាំង និង​អ្នក​ជំនាញ​ការ​បោះឆ្នោត​លើក​ឡើង​ថា ការបន្ថែមរយៈពេលតែមួយថ្ងៃនេះ​ មិនគ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋដែល​កំពុង​ធ្វើ​ដំណើរ​មក​ចុះឈ្មោះបោះ​ឆ្នោត​នោះទេ។​

គ.ជ.ប បាន​កំណត់​ការចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីអ្នកបោះឆ្នោតថ្មីឆ្នាំ២០១៦ រយៈពេល​បីខែ ចាប់​ពីថ្ងៃទី​១ ខែកញ្ញា រហូត​ដល់​ថ្ងៃទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។​ ថ្មីៗនេះ​គណបក្ស​ប្រឆាំង និង​អ្នកសង្កេតការណ៍​បោះ​ឆ្នោតបាន​ស្នើ​ឲ្យ​ គ.ជ.ប ពន្យារ​ពេល​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​រយៈពេ​ល​មួយ​សប្តាហ៍​បន្ថែម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុនិង​មិនទាន់​ចុះ​ឈ្មោះដែល​មាន​ចំនួន​ប្រមាណ​ជា២​លាន​នាក់ទៀត អាច​ទៅចុះ​ឈ្មោះ​ទាន់ពេល។

ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) ប្រាប់ VOA ថា គ.ជ.ប​ មានលទ្ធភាពបន្ថែម​រយៈពេល​ចុះឈ្មោះបោះ​ឆ្នោត​បាន​ត្រឹម​តែ​មួយ​ថ្ងៃប៉ុណ្ណោះ ហើយ គ.ជ.ប ​នឹង​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា​នេះ។ លោក​អះអាងថា ការ​បន្ថែម​ពេល​វេលា​ចុះ​ឈ្មោះ​លើសពី​មួយ​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ថវិកា ​និង​ដល់ពេលវេលា​នៃ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ នីតិវិធី និង​លក្ខណៈបច្ចេកទេស​នៃ​ការ​រៀប​ចំ​បញ្ជី​បោះឆ្នោត​ផ្សេងៗ​ទៀត។

លោក​បញ្ជាក់ថា៖ «លទ្ធភាព​នេះ​គឺ​អាច​ពន្យារ​បានតែមួយ​ថ្ងៃទេ ដោយ​កន្លង​មកការ​ចុះ​ឈ្មោះហ្នឹង​គឺមាន​មិនលើស​ពី​មួយ​ខែទេ ប៉ុន្តែ​លើកនេះ គ.ជ.ប បានពិនិត្យ​លទ្ធភាព​តាំងពីដើមមាន​រហូត​ទៅ​ដល់បី​ខែ​ហើយ អញ្ចឹង​ពេលវេលាគឺអស់​រលីងសម្រាប់ គ.ជ.ប សម្រាប់​បំពេញ​តួនាទី​ផ្សេងទៀត​ ព្រោះ​ដើម្បី​បោះ​ឆ្នោត​បាន មិនមែន​ធ្វើ​តែរឿង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះទេ»។​

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប នៅ​ក្នុង​ទីស្នាក់​ការ​ គ.ជ.ប នៃ​ក្រសួង​មហាផ្ទៃ​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។ (ហ៊ាន សុជាតា​/ VOA)
លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប នៅ​ក្នុង​ទីស្នាក់​ការ​ គ.ជ.ប នៃ​ក្រសួង​មហាផ្ទៃ​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។ (ហ៊ាន សុជាតា​/ VOA)

លោក ហង្ស ពុទ្ធា បន្ថែម​ថា ក្រោយ​បញ្ចប់​នីតិវិធីនៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គ.ជ.ប នឹង​អនុវត្ត​នីតិវិធី​ផ្សេងៗទៀត​ទៅ​តាមការ​គ្រោង​ទុកដែលត្រៀម​សម្រាប់ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ និង​បោះ​ឆ្នោតថ្នាក់ជាតិ​ឆ្នាំ​២០១៨​ខាងមុខ។​

លោកមានប្រសាសន៍ថា៖ «គ.ជ.ប​នឹង​ទទួល​ខុសត្រូវ​ចេញ​ផ្សាយ​ប្រតិទិនចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់ខ្លួន​ បានន័យ​ថា​ថ្ងៃទី​៣ ខែ​មករា​ហ្នឹង​ គឺ​បិទផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង ហើយ​ថ្ងៃទី១២ ខែកុម្ភៈ ២០១៧​ហ្នឹង​ នឹង​ប្រកាសផ្សាយ​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ ហើយបញ្ហានេះ​ហើយ​ដែល​ គ.ជ.ប មិន​អាច​ពន្យារច្រើន​ថ្ងៃ​រហូត​ទៅ​ដល់​ប៉ះពាល់​ប្រតិទិន ហើយ​នៅ​ក្នុង​ខែ​មីនា​ខាងមុខនេះក៏ជាពេល​វេលា​ដែលត្រូវ​ទទួល​គណបក្ស​នយោបាយចុះ​បញ្ជី​ ហើយ​បេក្ខជនរបស់គណបក្ស​ក៏​នឹង​ចុះ​បញ្ជី​ប្រកួត​ប្រជែង​នៅក្នុង​ឱកាស​នោះ​ដែរ»។

អ្នកវិភាគ​លើកឡើងថា​ ភាគ​ច្រើន​នៃ​អ្នក​ដែល​មិនបាន​ចុះឈ្មោះ​បោះឆ្នោត ​គឺជាអ្នក​ដែល​មិន​ពេញ​ចិត្តនឹង​រដ្ឋាភិបាល ហើយ​ថា​ការដែល​ពួកគេមិនបាន​ចុះ​ឈ្មោះ​បោះ​ឆ្នោតគឺជា​ការខាត​បង់​សំឡេង​គាំទ្រ​របស់គណបក្ស​ប្រឆាំងក្នុង​ការ​បោះឆ្នោត​នៅពេល​ខាងមុខ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ប្រាប់ ​VOA ​ថា ​សិទ្ធិ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​គឺជា​ចំណុច​សំខាន់​ដែល​ គ.ជ.ប ត្រូវ​ចាត់​ទុក​ជា​អាទិភាព។ លោក​បន្ថែមថា រហូត​មកដល់​ពេល​នេះ​មាន​ពលរដ្ឋ​ប្រមាណ​ជា​ពីរ​លាន​នាក់មិនទាន់​បានចុះ​ឈ្មោះ​នៅ​ឡើយ ដូច្នេះ​ការពន្យារពេល​បន្ថែមកាន់​តែ​យូរនឹង​ផ្តល់​ឱកាស​ឲ្យពលរដ្ឋកាន់តែច្រើន​បានបំពេញ​កាតព្វកិច្ច​ជាពល​រដ្ឋ​បានពេញ​លេញ។

លោកបញ្ជាក់ថា៖ «បើសិនជាយើង​ពន្យារ​តែមួយ​ថ្ងៃហ្នឹង​គឺយើង​ចុះ​អត់អស់ទេ ហើយ​បើ​យើង​មើល​ប្រជាពលរដ្ឋ​ឥលូវគឺទៅចុះ​ច្រើនណាស់ ដូចនៅ​ទី​ក្រុងភ្នំពេញនេះ មួយ​ថ្ងៃជាង​មួយ​ម៉ឺននាក់ ម្សិល​មិញ​១ម៉ឺ​ន៦​ពាន់​នាក់ ថ្ងៃនេះ​ក៏​រំពឹង​ថា​ជាង​មួយ​ម៉ឺននាក់ ហើយតាមបណ្តាខេត្ត​មួយចំនួន។​ ដូច្នេះការ​ដែល​យើង​គោរព​សិទ្ធិ​ប្រជា​រាស្រ្តអាហ្នឹង​វាជារឿង​សំខាន់ជាងរឿង​លុយ​បន្តិច​បន្តួច ដែល​យើង​ត្រូវ​ចំណាយ​ដើម្បី​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ឲ្យ​អស់។ ខ្ញុំ​មិនគិត​ថា​លុយ​ហ្នឹង​ជាឧបសគ្គទេ ប៉ុន្តែ​ឆន្ទៈ​នយោ​បាយ​ វាគួរ​តែជំរុញ​បន្ថែម​ទៀត ពីព្រោះ​ថា​យ៉ាងហោច​ណាស់​ក៏​ពី​៣ថ្ងៃទៅ​មួយអាទិត្យ​ដែរ​បើ​តាម​ចំនួននៃការ​ចុះ​ឈ្មោះ»។

រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

លោក​ សំ​ គន្ធាមី នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិ​ធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក​ ប្រាប់​ VOA​ ការបន្ថែម​រយៈពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រឹមតែមួយ​ថ្ងៃជា​ពេល​វេលា​ខ្លី​ ដែល​លោក​យល់​ថា​មិនអាច​សម្រួល​ដល់​ការ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចុះឈ្មោះ​បោះ​ឆ្នោ​តរាប់ម៉ឺន​នាក់ទៀត​នោះទេ។

លោកបន្ថែម​ថា ​ប្រជាពលរដ្ឋដែល​ទៅ​ចុះ​បោះឆ្នោត​ភ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះមាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដូច្នេះ​លោក​ថា គ.ជ.ប គួរតែ​ពន្យារ​ពេល​បន្ថែមឲ្យ​យូរ​ជាង​នេះ។

លោកបញ្ជាក់ថា៖ «អ្នកដែល​មកចុះឈ្មោះ​ចុង​ក្រោយ​ហ្នឹង​អាចមានអ្នក​អត់​បានចុះ​ដោយសារ​មួយថ្ងៃ កាលណាមនុស្ស​ច្រើន ហើយពេល​វេលាមន្រ្តី​ចុះ​ឈ្មោះ​មានម៉ោង​ធ្វើការ កាលណា​ចប់​ម៉ោង​ធ្វើការ​គាត់​ចុះអត់ទាន់ កាលណាច្រើនពេក អាពេល​វេលា​ចុង​ក្រោយ​ហ្នឹង វាអាចខក ហើយ​អ្នក​ខ្លះ​គាត់​ឃើញ​ច្រើនអញ្ចឹង​គាត់​អាច​ត្រលប់​ទៅផ្ទះ​វិញ គាត់​ខ្ជិល​រង់ចាំ។ បើពន្យារ​ទោះបីជា​មួយ​សប្តាហ៍​ក៏​មិនប៉ះពាល់ដែរ ព្រោះអី​ការ​បិទផ្សាយ​បញ្ជីបោះ​ឆ្នោត​ដំបូង​ហ្នឹង​គេ​ធ្វើនៅ​ថ្ងៃ៣ ខែមួយ​ឯណោះ ហើយ​យើង​ពន្យារទៅក្នុងខែ​១២ទេតើ ៣-៤​ថ្ងៃ មួយ​អាទិត្យ​ ក៏​ក្នុង​ខែ​១២ដែរ វាអត់ឈាន​ដល់​ខែមួយ»។

លោក សំ គន្ធាមី អ្នកសម្រប​សម្រួល​នៃ​អង្គការ​និកហ្វិក។ (លីម សុធី/VOA)
លោក សំ គន្ធាមី អ្នកសម្រប​សម្រួល​នៃ​អង្គការ​និកហ្វិក។ (លីម សុធី/VOA)

របាយ​ការណ៍​បណ្ដោះ​អាសន្ន​របស់ ​គ.ជ.ប បង្ហាញ​ថា រហូតមកដល់ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា អ្នក​ចុះ​ឈ្មោះ​បោះឆ្នោតមានចំនួន​ជិត​ ៧​លាន​៨​សែននាក់ ឬ​ស្មើ​នឹង​ជាង៨០​ ភាគរយ ខណៈដែល​ពលរដ្ឋ​ប្រមាណ​២​លាន​នាក់ទៀត​មិនទាន់​បាន​ចុះ​ឈ្មោះ​នៅឡើយ។​

ក្នុងបណ្តឹងពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល គ.ជ.ប និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទទួល​បានមាន​ជាង​៨០​បណ្តឹង​ ភាគ​ច្រើន​ជា​បណ្តឹង​ពាក់​ព័ន្ធ​នឹងការ​រារាំង ការប៉ះពាល់​ដល់​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត និង​ភាព​មិនប្រក្រតី​លើ​អ្នក​ចុះឈ្មោះ​ដែលត្រូវ​បានសង្ស័យ​ថាមិនមាន​សញ្ជា​តិ​ខ្មែរ រួម​នឹង​ការ​រំលោភ​លើ​នីតិវិធី​ផ្សេងៗជាដើម៕

XS
SM
MD
LG