ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ​អ្នក​គាំទ្រ​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ច្រើន​ប៉ះពាល់​ដល់​បក្ស​ប្រឆាំង


 រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (REUTERS/Pring Samrang)
រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (REUTERS/Pring Samrang)

មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​មិន​បាន​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​ ក្នុង​ខណៈ​ពេល​ដែល​ការ​ចុះឈ្មោះ​នឹង​បិទ​បញ្ចប់​នៅថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​នេះ។

អ្នកវិភាគ​មើល​ឃើញ​ថា​ ចំនួន​អ្នក​មិន​បាន​ចុះឈ្មោះ​បោះឆ្នោត​ដែល​ភាគច្រើន​ជា​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល ​និង​គណបក្ស​កាន់​អំណាច​ គឺជា​ការខាត​បង់​សំឡេង​គាំទ្រ​ដល់​គណបក្ស​ប្រឆាំង​នៅក្នុង​ការ​បោះឆ្នោត​នៅពេល​ខាងមុខ។

មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​មិន​បាន​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​ ក្នុង​ខណៈ​ពេល​ដែល​ការ​ចុះឈ្មោះ​នឹង​បិទ​បញ្ចប់​នៅថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​នេះ។ ក្នុង​ចំណោម​នោះ​គឺ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ និង​កូរ៉េ​ខាងត្បូង​ជាដើម។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ឱក សេរីសោភក្តិ៍​ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់​នៅក្នុង​កម្មវិធី Hello VOA ​នា​យប់​ថ្ងៃ​ច័ន្ទ​នេះ​ថា៖

«អ្នក​ដែល​មិន​ចូលរួម​បោះឆ្នោត​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំងក្លា​ទៅ​លើសំឡេង​របស់​គណបក្ស​ប្រឆាំង​ព្រោះ​ថា​ អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​សុទ្ធ​តែ​ជា​អ្នក​ទិតៀន​រដ្ឋាភិបាល​និង​គណបក្ស​កាន់​អំណាច។ នេះ​ភាគ​ច្រើន​បើ​តាម​ខ្ញុំ​សួរ​ទៅ‍»។

មាន​ពលរដ្ឋ​ខ្មែរ​ជាង​៩,៦​លាន​នាក់​មាន​អាយុ​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ដែល​នឹង​រៀបចំ​ឡើង​នៅពាក់​កណ្តាល​ឆ្នាំ​ក្រោយ។

លោក​ឱក សេរីសោភក្តិ៍ ​សន្និដ្ឋាន​ថា ​កត្តា​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចូលរួម​ចំណែក​ក្នុងការ​រារាំង​ពលករ​ខ្លះ​មិន​អាច​មក​ចុះឈ្មោះ​បោះឆ្នោត​បាន​ច្រើន។ ក្រៅ​ពី​នេះ​លោក​យល់​ថា​ ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ប្រទេស​មាន​ការ​អាក់អន់​ចិត្ត​នឹង​អ្នក​នយោបាយ​ ហើយ​បញ្ហា​នយោបាយ​នេះ​ក៏​ជា​កត្តា​រារាំង​ពួកគាត់​មិន​ឱ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ។

លោក សោភក្តិ៍ យល់​ថា​ បណ្តាញ​សង្គម​បាន​ជួយ​ច្រើន​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​ដល់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។ លោក​ក៏​បាន​លើក​ពីការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ចែក​អត្តសញ្ញាណបណ្ណ​ជូន​ដល់​ពលរដ្ឋ​ និង​ការ​សម្រួល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) ក្នុង​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​អត្តសញ្ញាណ​បណ្ណ​ចាស់​យក​មក​ចុះ​ឈ្មោះ​បាន។

ពលករ​មួយ​ចំនួន​បាន​ប្រាប់ ​VOA ​ក្នុង​កម្មវិធី​កន្លង​មក​ថា​ ពួកគាត់​ប្រឈម​មុខ​នឹង​ការ​លំបាក​ពេល​មក​ចុះ​ឈ្មោះ ​ដោយ​សារតែ​អាជ្ញាធរ​មូលដ្ឋាន​មិនព្រម​ធ្វើ​លិខិត​បញ្ជាក់​ជូន​ដោយ​សារ​តែ​ពួកគេ​មិន​អាច​ធ្វើ​ដំណើរ​ទៅចុះឈ្មោះ​នៅស្រុក​កំណើត ​ហើយ​ព្យាយាម​ចុះ​ឈ្មោះ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន។​

ក្នុង​ពេល​ដែល​មាន​អ្នក​ចុះឈ្មោះ​ជាង​៧,៦លាន​នាក់​ ប៉ុន្តែ​ចំនួន​អ្នក​ដែល​នឹង​ចេញ​មក​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ក៏​អាច​នឹង​តិច​ជាង​នេះ។ ប៉ុន្តែ​លោក​ឱក សេរីសោភក្តិ៍​យល់ថា​ កត្តា​នយោបាយ​អាច​ជួយ​ជំរុញដល់​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុងការ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ផងដែរ។

«នេះ​ជា​ការទទួល​ខុសត្រូវ​របស់​អ្នក​នយោបាយ​ទាំងអស់​គ្រប់​គណបក្ស​ជាពិសេស​គណបក្ស​ធំៗ​ទាំង​ពីរ​ហ្នឹង​គឺថា​ល្មម​ឈប់​ឈ្លោះ​គ្នា​ទៀត​ទៅ​ ហើយ​មាន​ការ​អ្វី​និយាយ​គ្នា​ទៅ។ និយាយ​គ្នា​យ៉ាង​ម៉េច​ក៏​ដោយ​តឹង​សរសៃ​ក​ នៅ​លើ​មេក្រូ​យ៉ាងម៉េច​ក៏ដោយ​ប៉ុន្តែ​និយាយ​គ្នា​ទៅ​ ចរចា​គ្នា​ទៅ​មើល​មុខ​គ្នា​ទៅ ចាប់​ដៃ​គ្នា​ទៅ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​មាន​ការ​កក់ក្តៅ​ថា​ ការ​បោះឆ្នោត​ហ្នឹង​អាច​នឹង​មាន​ផល​ប្រយោជន៍​ធ្វើ​ឱ្យ​គាត់​មាន​ការ​ពេញ​ចិត្ត​ថា​ នឹង​មាន​អ្វី​មួយ​ផ្លាស់​ប្តូរ​មែន‍»។

មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោកសម រង្ស៊ី​ និង​លោក​កឹម សុខា​ កំពុង​មាន​រឿងរ៉ាវ​នៅក្នុង​តុលាការ​ដែល​បណ្តាល​ឱ្យ​លោក​សម រង្ស៊ី ​នីរទេស​ខ្លួន​ទៅ​នៅ​ក្រៅប្រទេស​ហើយ​លោក​កឹម សុខា​ សំងំលាក់​ខ្លួន​នៅក្នុង​ទីស្នាក់ការ​គណបក្ស​ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន។

រូបឯកសារ៖ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ ​ចូល​រួម​ពិភាក្សា​អំពី«ការគំរាមកំហែងពីសង្គ្រាមនិងការចង់បានរបស់អ្នកបោះឆ្នោតវ័យក្មេង»​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពីអភិបាលកិច្ច​ល្អ​ នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
រូបឯកសារ៖ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ ​ចូល​រួម​ពិភាក្សា​អំពី«ការគំរាមកំហែងពីសង្គ្រាមនិងការចង់បានរបស់អ្នកបោះឆ្នោតវ័យក្មេង»​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពីអភិបាលកិច្ច​ល្អ​ នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

លោក សោភក្តិ៍​ យល់​ថា​ ថ្វីបើ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​មាន​ការ​អាក់អន់​ចិត្ត​នឹង​គណបក្ស​ប្រឆាំង​មួយ​នេះ ​ដោយ​សារ​មិន​បាន​ធ្វើ​ការផ្លាស់​ប្តូរ​តាម​អ្វី​ដែល​ពួកគេ​ចង់​បាន​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ប៉ុន្តែ​ស្មារតី​នៃ​ការចង់​ផ្លាស់​ប្តូរ​គណបក្ស​កាន់​អំណាច​នៅ​មិន​ទាន់​សាប​រលាប​នៅ​ឡើយ​ទេ។

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំគិត​ថា ​ចំពោះ​អ្នក​បោះឆ្នោត​ដែល​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំង​ហ្នឹង​ ថ្វីបើ​គាត់​អត់​សប្បាយ​ចិត្ត​ ថ្វីបើ​គាត់​ទិតៀន​នៅ​តាម​ហ្វេសប៊ុក​ក្តី​ចឹងមែន​ ក៏ប៉ុន្តែ​នៅពេល​ដែល​បោះឆ្នោត​មិនមែន​បាន​សេចក្តី​ថា គាត់​ដូរចិត្ត​ទេ។ ​គាត់​នៅតែ​ប្រកាន់​យក​គាត់​នៅតែ​បោះឆ្នោត​ឱ្យ​ចឹង។ ខ្ញុំ​ពិបាក​មើល​ឃើញ​ថា​ គាត់​នឹង​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​ផ្សេង​ទៀត​ណាស់។ ដូច្នេះ គាត់​រអ៊ូរទាំ។ ​គាត់​ទិតៀន។ គាត់​មិន​ពេញ​ចិត្ត។ គាត់​ថា​ឱ្យ​មែន​ប៉ុន្តែ​ដល់​ពេល​បោះឆ្នោត​ហ្មង ​គឺ​ថា​គាត់​មិន​ដូរ​ទេ‍»។​
លោក​ឱក សេរីសោភក្តិ៍​ យល់​ថា ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅឆ្នាំ​២០១៧​ និង​ការ​បោះឆ្នោត​ជាតិ​ដែល​គ្រោង​នឹង​រៀបចំ​នៅឆ្នាំ​២០១៨ ​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការ​កំណត់​ទិដ្ឋភាព​នយោបាយ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា៖

«ចំណែក​ឯ​គណបក្ស​កាន់​អំណាច​មាន​អ្នកស្មោះត្រង់​ជាង​បួន​លាននាក់។ នេះ​បើ​តាម​ការសិក្សា​សា្រវជ្រាវ​របស់​ខ្ញុំ។ ក៏ប៉ុន្តែ​អ្នក​ទាំង​បួន​លាន​នាក់​ហ្នឹង​មិន​ប្រាកដ​ថា​ដោយសារ​គាត់​ជួប​បញ្ហា​វិបត្តិ​ ដូច​ជា​បញ្ហា​ស្រូវ​ ដូចជា​បញ្ហា​ចំណាកស្រុក​ ដូច​ជា​បញ្ហា​ដែល​គាត់​ជំពាក់​លុយ​មីក្រូហិរញ្ញវត្ថុ​ជាដើម ​ហើយ​កូនគាត់​ទាំងអស់​ហ្នឹង​សុទ្ធតែ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ គឺ​មិន​ប្រាកដ​ថា​ គាត់​នៅ​តែ​ស្មោះ​ត្រង់​អីចឹង​ទៀត​ទេ។ គាត់​អាច​បោះឆ្នោត​ទៅតាម​ស្ថានការណ៍​សេដ្ឋកិច្ច​ទៅតាម​ស្ថានការណ៍​អ្វី​ផ្សេងៗ​ទៅទៀត។ ចឹង​ហើយ​បាន​ជាការ​បោះឆ្នោត​ឆ្នាំ​២០១៧​មាន​សារៈប្រយោជន៍​ខ្លាំង​មែន​ទែន​ហ្មង‍»។

លោក ​សោភក្តិ៍ ​យល់​ថា ​វាក៏​ជារបត់​នយោបាយ​ថ្មី​សម្រាប់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៅក្នុង​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​ក្នុង​ការ​ត្រូវ​គិត​ពី​ការ​ត្រៀម​អ្នក​ដឹកនាំ​ថ្មី​វ័យក្មេង​សម្រាប់​ជំនួស​ក្នុង​កាលៈទេសៈ​ចាំបាច់​ផងដែរ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​កាន់​អំណាច​ជិត​៤០ឆ្នាំ​ចាប់​តាំង​ពី​មាន​ការ​ចូល​ឈ្លានពាន​របស់​ប្រទេស​វៀតណាម​មក​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩៕

XS
SM
MD
LG