ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ស្នើ​ គ.ជ.ប ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​និង​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ចុះ​ឈ្មោះ​កាន់តែ​ច្រើន​ឡើង


មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជួបប្រជុំជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីពិភាក្សាពីដំណើរការនៃការចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជួបប្រជុំជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីពិភាក្សាពីដំណើរការនៃការចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ (អ៊ិត សូធឿត/VOA)

ខណៈ​ការ​ចុះឈ្មោះ​បោះឆ្នោត​នឹង​ត្រូវ​បិទ​បញ្ចប់​ក្នុង​ពេល​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពលរដ្ឋ​ជាង​២​លាន​នាក់​នៅ​ពុំ​ទាន់​បាន​ចុះ​ឈ្មោះ​នៅ​ឡើយ។ កាល​ពី​ថ្ងៃ​សុក្រ​ គណបក្ស​ប្រឆាំង​បាន​ស្នើ​ជា​ថ្មី​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ឆ្នោត​(គ.ជ.ប) ឱ្យ​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឃុំ​សង្កាត់​មួយ​ចំនួន និង​ឲ្យ​គ.ជ.ប​​ពិចារណា​ធ្វើ​វិសោធនកម្ម​ច្បាប់​និង​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​ធានា​ថា​ពលរដ្ឋ​កាន់​តែ​ច្រើន​ថែម​ទៀត បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន។ មន្ត្រី គ.ជ.ប អះអាង​ថា គ.ជ.ឞ នឹង​យក​សំណើ​របស់​បក្ស​ប្រឆាំង​ទៅ​ពិចារណា។

គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ជាថ្មី​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ពិចារណា​ធ្វើ​វិសោធនកម្ម​ច្បាប់​ និង​នីតិវិធី​មួយ​ចំនួន​ដើម្បីធ្វើ​យ៉ាង​ណា​បើក​ផ្លូវ​ឱ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ​បាន។

ការ​ស្នើ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​សមាជិក​ និង​មន្ត្រី គ.ជ.ប កាល​ពីថ្ងៃ​សុក្រ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​នេះ​បាន​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ច​ពិភាក្សា​ថា​បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​បើក​ឱ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ​ចល័ត​នៅ​តាម​ព្រំដែន​ និង​អនុញ្ញាត​ឱ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ​នៅ​តាម​ស្ថានទូត សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រោយៗ​ទៀត ពិសេស​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។

គណបក្ស​ប្រឆាំង ក៏​បាន​ស្នើ​ គ.ជ.ប ឲ្យ​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦​នេះ ចំនួន​៣ថ្ងៃ​បន្ថែម​ទៀត​សម្រាប់ឃុំ​/សង្កាត់​ណា​ដែល​នៅ​មាន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ច្រើន​ជាង​៥០​នាក់​ក្នុង​មួយថ្ងៃ ឬ​សម្រាប់​ឃុំ​/​សង្កាត់​ណា​ដែល​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​តិច​ជាង​៥០​ភាគរយ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ពលរដ្ឋ​កាន់​តែ​ច្រើន​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន។

លោក យឹម សុវណ្ណ បន្ត​ថា ទោះបី​រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ​ គ.ជ.ប បាន​ចុះ​ឈ្មោះ​ឱ្យ​ពលរដ្ឋ​បាន​ប្រមាណ​៧៨​ភាគរយ​ហើយ​ក្ដី តែ​នៅ​ឃុំ​/​សង្កាត់​មួយ​ចំនួន​ អត្រា​នៃ​អ្នក​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទាប​នៅ​ឡើយ។

«ធម្មតា​យើង​ជា​តំណាងរាស្ត្រ យើង​ជា​គណបក្ស​នយោបាយ​ដែល​ទទួល​ការ​ខុសត្រូវ យើង​ត្រូវ​តែ​ធ្វើ​ម៉េច​ដើម្បី​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ។ យើង​ត្រូវ​តែ​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​បាន​ទៅ​ចុះ​ឈ្មោះ។ ហើយ​នេះ​គឺ​ជា​សិទ្ធិ ជា​សិទ្ធិ​របស់​គាត់។ ហើយ​យើង​ក្នុង​នាម​ជា​គណបក្ស​នយោបាយ រដ្ឋាភិបាល​ក៏​ដូចជា​ គ.ជ.ប គឺ​ថា​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​ធានា​ធ្វើ​ម៉េច​ឱ្យ​គាត់​អនុវត្ត​សិទ្ធិ​ឱ្យ​បាន​ទូលាយ ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ»។

តំណាងរាស្រ្តគណបក្សប្រឆាំងបក្សសង្រ្គោះជាតិលោកយឹម សុវណ្ណ ថ្លែងទៅកាន់អ្នកសសារព័ត៌មានបន្ទាប់ពីជូបជាមួយមន្ត្រី គ.ជ.ប នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
តំណាងរាស្រ្តគណបក្សប្រឆាំងបក្សសង្រ្គោះជាតិលោកយឹម សុវណ្ណ ថ្លែងទៅកាន់អ្នកសសារព័ត៌មានបន្ទាប់ពីជូបជាមួយមន្ត្រី គ.ជ.ប នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

យោង​តាម​របាយការណ៍​របស់​ គ.ជ.ឞ គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ប្រជាពលរដ្ឋ​ជាង​៧,៥​លាន​នាក់បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ ដោយ​នៅ​សល់​ពលរដ្ឋ​ជាង​២,១​លាន​នាក់​ទៀត​ នៅ​ពុំ​ទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​នៅឡើយ​។

លោក យឹម សុវណ្ណ ឱ្យ​ដឹង​ទៀត​ថា​ ការ​ស្រាវជ្រាវ​របស់​បក្ស​ប្រឆាំង ក៏​ដូចជា​ គ.ជ.ប ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង​២​លាន​នាក់​ដែល​ពុំ​ទាន់​បាន​ចុះ​ឈ្មោះ ជាង​១​លាន​នាក់​ជា​ពលករ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ លោក​ថា នេះ​អាច​ជា​បញ្ហា​សម្រាប់​ការបោះឆ្នោត​នា​ពេល​ខាង​មុខ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​បក្ស​ប្រឆាំង​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា គ.ជ.ប នឹង​យក​សំណើ​របស់​គណបក្ស​ប្រឆាំង​ទៅ​ពិភាក្សា ដោយ​ត្រូវ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​ថវិកា បច្ចេកទេស និង​ទិដ្ឋភាព​ច្បាប់។

លោក​បន្ត​ថា ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ចល័ត​ទៅ​តាម​ព្រំដែន​គឺ​ពុំ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​នោះ​ទេ។

«ទិដ្ឋភាព​ច្បាប់ ​មិន​អាច​ចល័ត​ទៅ​រក​ព្រំដែន ទៅ​រក​ការ​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ព្រំដែន​នោះ​ទេ។ គ.ជ.ប អាច​ធ្វើ​បាន មិនមែន​ធ្វើ​មិន​បាន​នោះ ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​សិន។ នេះ​គឺ​ជា​រឿង​សំខាន់​បាទ»។

លោកហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជូបជាមួយមន្ត្រីគណបក្សប្រឆាំងនៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោកហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជូបជាមួយមន្ត្រីគណបក្សប្រឆាំងនៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ពន្យារ​ពេល​ លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប ត្រូវ​រង់ចាំ​មើល​រហូត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ការ​ចុះឈ្មោះ​បោះឆ្នោត​សិន មុន​នឹង​ធ្វើ​ការ​វាយតម្លៃ និង​ធ្វើ​ការ​សម្រេច​ចិត្ត។

លោក​ថា កន្លង​មក គ.ជ.ប បាន​លើកពេល​ក្នុង​ការ​ចុះ​ឈ្មោះ​ឆ្នោត​ម្ដង​ជា​ពីរ​ដង ធ្វើ​ឱ្យ​សល់​ពេល​វេលា​កាន់​តែ​តិច ហើយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៀតសោត ​ក៏​បាន​ជួប​បញ្ហា​ផ្សេងៗ​ ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ​ខូច​ជា​ដើម។

អ្នកនាំ​ពាក្យ​ គ.ជ.ប រូប​នេះ​ ឱ្យ​ដឹង​ទៀត​ថា កន្លង​ទៅ​ គ.ជ.ប បាន​បង្កើត​ឱ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ចល័ត តែ​សម្រាប់​តែ​ភូមិ​ណា​ដែល​អត្រា​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាប​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ការ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់ពលករនៅ​ក្រៅ​ប្រទេស​ក្នុង​ការ​ចុះ​ឈ្មោះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​បែប​ចំអក​ទៅ​បក្ស​ប្រឆាំង​ថា គ.ជ.ប គ្មាន​សិទ្ធិ​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ​ទេ។

លោក​ក៏បាន​បដិសេធ​បង្ហាញ​ពី​ឆន្ទៈ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ធ្វើ​វិសោធនកម្ម​នេះ​ដែរ ប្រសិន​បើ​មាន​ការ​ស្នើ​ឡើង។

«រឿង​ឆន្ទៈ​ឬ​មិន​ឆន្ទៈ គណបក្ស​ប្រជាជន​មិន​និយាយ​ដល់​ទេ។ ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​ចង់​ឱ្យ​ទាំងអស់​គ្នា​អនុវត្ត​ច្បាប់​ដែល​មាន​ជា​ធរមាន​បច្ចុប្បន្ន​ហ្នឹង។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​មាន​ចំនួន​ភាគរយ​នៃ​ប្រជាជន​ដែល​មាន​អាយុ[គ្រប់​]បោះឆ្នោត​ហើយ គឺ​ជា​ការ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ដំណើរការ​បោះ​ឆ្នោត​បាន​ហើយ។ បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ធំៗ​មួយ​ចំនួន​នៅ​លើ​ពិភព​លោក គេ​បោះ​តែ​៤០​ភាគរយ​ផង​នៃ​ចំនួន​ដែល​មាន​អាយុ​បោះឆ្នោត​នោះ។ ប៉ុន្តែ​ឥឡូវ​ យើង​បាន​៨០​ភាគរយ​ជាង​ហើយ ខ្ញុំ​ជឿជាក់​ថា នៅ​បី​បួន​ថ្ងៃ​ទៀត​នេះ គឺ​ការ​ចុះឈ្មោះកាន់​តែ​កើន​តួលេខ​ឡើង​ វា​លើស​ពី​៨០​ភាគរយ​ហើយ​បាទ»។

លោក សុខ ឥសាន ចាត់​ទុក​ការ​ស្នើ​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ថា​គ្រាន់​តែ​ជា​ការ​ចេតនា​របស់​បក្ស​ប្រឆាំង​ក្នុង​ទាញ​យក​ប្រជាប្រិយ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។

ប៉ុន្តែ លោក​មិន​បាន​បង្ហាញ​ជំហរ​គាំទ្រ​ឬ​មិន​គាំ​ទ្រ​ចំពោះ​ការ​ចង់​ឱ្យ​ពន្យារ​ពេល​នៃ​ការ​ចុះ​ឈ្មោះ ដោយ​លោក​ថា​វា​ជា​សមត្ថកិច្ច​របស់​ គ.ជ.ឞ ជា​អ្នក​សម្រេច។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

ទោះ​យ៉ាងណា លោក សុខ ឥសាន ​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មក​ដល់​ពេល​នេះ​ថា​ជា​ជោគជ័យ​មួយ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះឆ្នោត​ (ERA) ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​អំពាវនាវ​ឱ្យ​ គ.ជ.ប បន្ថែម​ចំនួន​ថ្ងៃ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ខេត្ត​មួយ​ចំនួន។

ខេត្ត​ដែល​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ គ.ជ.ប បន្ថែម​ថ្ងៃ​ចុះឈ្មោះ​បោះឆ្នោត​មាន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត ​ត្បូងឃ្មុំ ព្រៃវែង សៀមរាប កំពង់ស្ពឺ កណ្ដាល ស្វាយរៀង និង​តាកែវ​។

អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា រាជធានី​ និង​ខេត្ត​ទាំង​នេះ នៅ​មាន​អត្រា​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ទាប​នៅ​ឡើយ ​បើ​ធៀប​ជាមួយ​ខេត្ត​ដទៃ៕

XS
SM
MD
LG