រដ្ឋាភិបាលកម្ពុជា បានព្រមានជាថ្មីម្តងទៀត អំពីអនាគតនៃវត្តមានរបស់ការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយលើកឡើងថា ការិយាល័យនេះ នៅតែបង្កើនសកម្មភាពរបស់ខ្លួន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ នេះបើយោងតាមលិខិតមួយច្បាប់របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើជូនឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែល VOA ទទួលបាននៅថ្ងៃសុក្រនេះ។
លិខិតដដែល សរសេរថា រដ្ឋាភិបាលកម្ពុជា បានបន្តអនុញ្ញាតឲ្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មានប្រតិបត្តិការស្របច្បាប់នៅកម្ពុជា ទោះបីជាអនុស្សរណៈនៃការយោគយល់គ្នា (ឬMOU)ចុងក្រោយរវាងភាគីទាំងពីរ បានអស់សុពលភាពតាំងពីចុងឆ្នាំមុនក៏ដោយ។ ប៉ុន្តែស្ថានភាពបែបនេះនឹងមិនត្រូវអនុញ្ញាតឲ្យកើតមានបន្តទៅមុខទៀតដោយគ្មានកាលកំណត់ពេលនោះឡើយ។
លិខិតរបស់លោក ប្រាក់ សុខុន បញ្ជាក់ថា តំណាងនិងអ្នកនាំពាក្យរបស់ការិយាល័យនេះ បានបញ្ចេញឥរិយាបថព្រហើននិងមិនគោរពអធិបតេយ្យភាពកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាទង្វើមិនអាចទទួលយកបាននិងជាការបំពានក្រមសីលធម៌ការទូត ដូចមានចែងនៅក្នុងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។
ប៉ុន្តែ លិខិតដដែល មិនបានបញ្ជាក់ថាតើការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឬឥរិយាបថព្រហើនរបស់តំណាងឬមន្ត្រីនៃការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នោះ គឺជាទង្វើអ្វីមួយឲ្យពិតប្រាកដនោះទេ។
ទោះជាយ៉ាងនេះក្ដី លិខិតរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជានេះ លើកឡើងថា រដ្ឋាភិបាលកម្ពុជា នឹងរង់ចាំឲ្យការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ឲ្យបញ្ជាក់អំពីការទទួលយកអនុស្សរណៈនៃការយោគយល់គ្នាថ្មីមួយរវាងរដ្ឋាភិបាលកម្ពុជានិងការិយាល័យរបស់អង្គការសហប្រជាជាតិមួយនេះនៅត្រឹមចុងឆ្នាំនេះ មុននឹងសម្រេចលើអនាគតនៃវត្តមានរបស់ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សនៅកម្ពុជា៕