ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​​​ជើងទឹក​ខ្មែរ​អាមេរិកាំង​ទទួល​កំហុស​ចំពោះ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​សំបុត្រ​ប្រគុំ​តន្រ្តី​ Lady Gaga ពេស្យាចារ និង​ការ​សម្ងាត់​យោធា (Washington Post)


មេបញ្ជាការ​នាវាពិឃាដ​សហរដ្ឋ​អាមេរិក USS Mustin គឺ​លោក Michael "Vannak Khem" Misiewicz ជួប​បដិសណ្ឋារកិច្ច​ជាមួយ​ក្រុម​គ្រួសារ​​សាច់​ញាតិ​របស់​លោក​​ ខណៈ​ដែល​នាវា​របស់​លោក​បាន​មក​ចូល​សំចត​ដល់​​​កំពង់​ផៃ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១០។
មេបញ្ជាការ​នាវាពិឃាដ​សហរដ្ឋ​អាមេរិក USS Mustin គឺ​លោក Michael "Vannak Khem" Misiewicz ជួប​បដិសណ្ឋារកិច្ច​ជាមួយ​ក្រុម​គ្រួសារ​​សាច់​ញាតិ​របស់​លោក​​ ខណៈ​ដែល​នាវា​របស់​លោក​បាន​មក​ចូល​សំចត​ដល់​​​កំពង់​ផៃ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣​ខែ​ធ្នូ​ឆ្នាំ​២០១០។

លោក Misiewicz មាន​ដើម​កំណើត​នៅ​ប្រទេស​កម្ពុជា​និង​មាន​​ឈ្មោះ​ដើម​ហៅ​ថា Vannak Khem ប៉ុន្តែ​លោក​ត្រូវ​បាន​បុគ្គលិក​ស្ថានទូត​អាមេរិក​ម្នាក់​ទទួល​យក​ទៅ​ចិញ្ចឹម​នៅ​ពេល​ដែល​លោក​មាន​អាយុ​៦​ឆ្នាំ។

កំណត់​និពន្ធ៖ អត្ថបទ​នេះ​ជា​អត្ថបទ​ប្រែសម្រួល​ទាំង​ស្រុងជា​ភាសា​ខ្មែរ​ដោយ VOA ពី​អត្ថបទ​ដើម​របស់ Craig Whitlock នៃ​សារព័ត៌មាន​ Washington Post

Editor's Note: This article is a full-length Khmer-translation by VOA Khmer of the original English-language Washington Post article by Craig Whitlock.

មេបញ្ជាការ​កងទ័ព​ជើងទឹក​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​លើ​ករណី​ទទួល​ប្រាក់​សូក​ប៉ាន់​ជា​ថ្នូរ​នឹង​ការ​ចែក​រំលែក​ព័ត៌មាន​យោធា​សម្ងាត់​សំបុត្រ​យន្តហោះ​ ប្រើប្រាស់​សេវា​ពេស្យាចារ​និង​សំបុត្រ​ប្រគុំ​តន្រ្តី​របស់​តារា​ចម្រៀង Lady Gaga បាន​ទទួល​កំហុស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ចំពោះ​ការ​ចោទប្រកាន់​លើ​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង San Diego។

លោក​មេបញ្ជាការ​កងទ័ព​ជើងទឹក​ Michael (Vannak Khem) Misiewicz អាយុ ៤៨ ​ឆ្នាំ ដែល​ជា​និស្សិត​ ​បញ្ចប់​ការសិក្សា​ពីសាលា​បណ្ឌិត​សភា​កងទ័ព​ជើងទឹក​នៅ​ទីក្រុង Annapolis រដ្ឋ​ Maryland បាន​ក្លាយ​ជា​មនុស្ស​ទី​៨​ដែល​យល់ព្រម​ទទួល​កំហុស​នៅ​ក្នុង​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដ៏​ធំ​មួយ ដែល​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើរ​ដល់​កងទ័ព​ជើងទឹក​និង​ចូល​ដល់​ថ្នាក់​មន្រ្តី​ជាន់ខ្ពស់។ មនុស្ស​ជាង​១០០​នាក់​កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​លើ​ករណី​បទឧក្រិដ្ឋ ការបំពាន​ក្រម​សីលធម៌​ ឬ​ការ​បំពាន​ផ្នែក​រដ្ឋបាល។ ​

លោក Misiewicz បាន​តវ៉ា​នឹង​ការ​ចោទ​ប្រកាន់​ចំពោះ​រូប​លោក​ បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ប៉ុន្តែ​លោក​បាន​យល់​ព្រម​កែប្រែ​ចម្លើយ​របស់​ខ្លួន​និង​បាន​បង្ហាញ​ខ្លួន​នៅ​មុខ​ចៅក្រម​មួយ​រូប​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។ ​

លោកស្រី Wendy Gerboth និង​លោក Mark Adams ដែល​ជា​មេធាវី​របស់​លោក​នៅ​ទីក្រុង San Diego បាន​ថ្លែង​នៅ​ក្នុង​លិខិត​មួយ​ថា «តាំង​ពី​ករណី​នេះ​បាន​ចាប់​ផ្តើម​មក លោក​មេបញ្ជាការ Misiewicz បាន​យល់​ព្រម​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​លោក​ផ្ទាល់។ លោក​សុំ​អភ័យ​ទោស​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ដែល​លោក​បាន​បង្ក​ដល់​ក្រុម​គ្រួសារ​របស់​លោក កងទ័ព​ជើងទឹក​អាមេរិក​ និង​ប្រទេស​ដ៏​អស្ចារ្យមួយ​នេះ»។​

ក្រុម​ព្រះរាជអាជ្ញា​និង​ក្រុម​អ្នកស៊ើប​អង្កេត​សហព័ន្ធ​បាន​ចោទប្រកាន់​លោក Misiewicz ថា​បាន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុងផែនការ​សូកប៉ាន់​រយៈពេល​វែង ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​ជាប់​កុងត្រា​ជា​មួយ​នឹង​ក្រសួង​ការពារ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី គឺ​ក្រុមហ៊ុន Glenn Defense Marine Asia កេងប្រវ័ញ្ច​ពី​កងទ័ព​ជើងទឹក​អាមេរិក​នូវ​ទឹកប្រាក់​ជាង​២០​លាន​ដុល្លារ។ ក្រុមហ៊ុន​នេះ​បាន​ជាប់​កុងត្រា​ជាង​២៥​ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់សេវា​ដល់​នាវា​យោធា​សារ​ជាថ្មី ក្នុង​អំឡុង​ពេល​ចុះ​ចត​នៅ​កំពង់​ផែ​នៅ​អាស៊ី ហើយ​ក្រុមហ៊ុន​នេះក៏​បាន​សារភាព​ថា​ខ្លួន​បាន​គិត​ថ្លៃ​ខ្ពស់​ហួសហេតុ​ពី​រដ្ឋាភិបាល​អាមេរិក​សម្រាប់​សេវាកម្ម​របស់​ខ្លួន។

លោក Misiewicz មាន​ដើម​កំណើត​នៅ​ប្រទេស​កម្ពុជា​និង​មានឈ្មោះ​ដើម​ហៅ​ថា Vannak Khem ប៉ុន្តែ​លោក​ត្រូវ​បាន​បុគ្គលិក​ស្ថានទូត​អាមេរិក​ម្នាក់​ទទួល​យក​ទៅ​ចិញ្ចឹម​នៅ​ពេល​ដែល​លោក​មាន​អាយុ​៦​ឆ្នាំ។

មេ​បញ្ជាការកង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក លោក Michael Vannak Khem Misiewicz ​បញ្ជា​កប៉ាល់ពិឃាដមាន​ប្រព័ន្ធ​បាញ់​កាំ​ជ្រួច USS Mustin មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុងយ៉ូកូស៊ូកា Yokosuka ប្រទេស​ជប៉ុន។
មេ​បញ្ជាការកង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក លោក Michael Vannak Khem Misiewicz ​បញ្ជា​កប៉ាល់ពិឃាដមាន​ប្រព័ន្ធ​បាញ់​កាំ​ជ្រួច USS Mustin មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុងយ៉ូកូស៊ូកា Yokosuka ប្រទេស​ជប៉ុន។

លោក​បាន​ទៅ​រស់​នៅ​រដ្ឋ Illinois មុន​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​កុម្មុយនិស្ត​ខ្មែរ​ក្រហម​បន្តិច។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១០ ក្នុង​នាម​ជា​មេបញ្ជាការ​នាវា​ពិឃាដ​អម​នាវា​ចម្បាំង​ លោក Misiewicz បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល​៣៧​ឆ្នាំ នៅ​ពេល​ដែល​នាវា​នោះ​បាន​ចុះចត​នៅ​កំពង់ផែ​នៅ​ខេត្ត​ព្រះសីហនុ។

ក្នុង​អំឡុង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១២ លោក Misiewicz បាន​កាន់​តំណែង​ដ៏​សំខាន់​មួយ​ជា​អនុប្រធាន​ប្រតិបត្តិការ​កង​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ទី​៧ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន។ នៅ​ក្នុង​តួនាទី​នោះ លោក​អាច​មាន​ឥទ្ធិពល​ទៅ​ការ​សម្រេច​នានា​របស់​កងទ័ព​ជើងទឹក​អំពី​ថា​តើ​គួរ​ចត​នាវា​របស់​ខ្លួន​នៅ​កំពង់​ផែ​មួយ​ណា និង​រយៈពេល​ប៉ុន្មាន ដែល​តួនាទី​នេះ​ធ្វើ​ឲ្យ​លោក​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ក្រុមហ៊ុន Glenn Defense Marine Asia។

យោង​តាម​ដីកា​ចោទប្រកាន់​មួយ​លើករណី​នេះ លោក Misiewicz បាន​ទម្លាយ​នូវ​ព័ត៌មាន​សម្ងាត់​អំពី​ផែនការ​បម្លាស់​ទីកន្លែង​របស់​នាវា​កងទ័ពជើងទឹក​ដល់​ក្រុមហ៊ុន Glenn Defense Marine Asia ចំនួន​៦​លើក​ខុសៗ​គ្នា ខណៈ​ដែល​លោក​បម្រើការ​លើ​នាវា USS Blue Ridge ដែល​ជា​នាវា​ដឹក​នាំ​កង​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ទី​៧។​

បន្ថែម​ពី​លើ​នោះ​ទៀត យោង​តាម​លិខិត​ផ្លូវការ​មួយ​ដែល​រៀបចំ​ដោយ​ភ្នាក់ងារ​សហព័ន្ធ លោក Misiewicz ពេល​ខ្លះបាន​បញ្ជា​នាវា​ឲ្យ​ទៅ​ចត​នៅ​កំពង់ផែ​ដែល​ត្រួតត្រា​ដោយ​ក្រុមហ៊ុន Glenn Defense Marine។

ជា​ឧទាហរណ៍ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១១ នាវា​ចម្បាំង USS John C. Stennis បាន​ពន្យា​រយៈពេល​ចត​នៅ​កំពង់​មួយ​នៅ​ម៉ាឡេស៊ី​ដែល​ជា​របស់​ក្រុមហ៊ុន Glenn Defense Marine ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​គិត​ថ្លៃ​បន្ថែម​ពី​កងទ័ព​ជើង​ទឹក​ចំនួន​២៥០.០០០​ដុល្លារ។ ​

លោក Misiewicz បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​ទៅ​កាន់​ប្រធាន​ក្រុមហ៊ុន​នេះ​គឺ​លោក Leonard Glenn Francis មុន​ពេល​ដែល​នាវា Stennisចុះចត​នៅ​កំពង់ផែ​នោះ​បន្តិច​ថា «ឃើញ​ទេ? អ្នក​បាន​ស្នើសុំ។ ខ្ញុំ​បាន​ធ្វើ​ហើយ! ហាសហា!» ។

បើ​តាម​លិខិត​ថ្លែង​សច្ចា​នេះ​ថា​នៅ​ពេល​ពីរ​បី​ខែ​បន្ទាប់មក​ លោក Misiewicz បាន​ជួយ​ប្តូរ​ផ្លូវ​បើក​បរ​នាវា​ផ្ទុក​យ​ន្ត​ហោះ​មួយ​គ្រឿង​ទៀត​ឈ្មោះ USS Abraham Lincoln ដើម្បី​ឱ្យ​កប៉ាល់​នេះ​អាច​ចូល​ចត​ក្នុង​កំពង់ផែ​មួយ​នៅ​ប្រទេស​ថៃ​ដែល​ត្រួតត្រា​ដោយ​ក្រុម​ហ៊ុន​ Glenn Defense Marine Asia កាល​ពី​ខែ​មករា​ឆ្នាំ២០១២​ដោយ​មិន​បាន​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ទេ។

បើ​តាម​លិខិត​ថ្លែង​សច្ចា​នេះ​ថា​ការណ៍​ដូចគ្នា​បាន​កើតមាន​ឡើង​ជាមួយ​នាវា​ផ្ទុក​យ​ន្ត​ហោះ​មួយ​គ្រឿង​ទៀត​ឈ្មោះ​ USS George Washington កាល​ពី​ខែ​តុលា​ឆ្នាំ​២០១២ នៅ​ពេល​វា​បាន​លុប​ចោល​ទស្សនកិច្ច​មួយ​ក្នុង​ប្រទេស​សិង្ហបុរី​ហើយ​បាន​ទៅ​ឈប់​សំចត​នៅ​ឯ​កំពង់ផែ​មួយ​ក្នុង​ប្រទេស Malaysia ដែល​ចាត់ចែង​ដោយ​ក្រុមហ៊ុន Glenn Defense Maritime ដោយ​ផ្តល់​ប្រាក់​១លាន៨​សែន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន​នេះ។​

ដីកាចោទ​ប្រកាន់​ចែង​ថា​ជា​ថ្នូរ ពួក​អ្នក​ចាត់​ចែង​កិច្ចការ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Glenn Defense Marine Asia បំពេញ​បំណង​លោក​ Misiewicz ដែល​មាន​ចំណុចខ្សោយ​ដោយ​សារត្រូវការកាម​តណ្ហា ការ​ធ្វើ​ដំណើរ​និង​វត្ថុ​ប្រណីតៗ។

បើ​តាម​លិខិត​ថ្លែង​សច្ចា​និង​ដីកា​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​នេះ​បាន​បង់​ប្រាក់​ឱ្យ​លោក​ Misiewicz ចំណាយ​ពេលវេលា​ជាមួយ​ពួក​ស្ត្រី​ពេស្យា​ជា​ច្រើន​ដង​ដោយ​មាន​រួម​បញ្ចូល​ការ​ចំណាយ​ពេល​វេលា​នៅ​ក្នុង​សណ្ឋាគារ​ប្រណីត​មួយ​ក្នុង​ក្រុង​ម៉ានិល​កាល​ពី​ខែ​កុម្ភៈឆ្នាំ២០១១ ការ​ចំណាយ​ពេល​វេលា​មួយ​យប់​នៅ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ខែ​មេសា​ឆ្នាំ២០១២និងពីរ​យប់​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែកញ្ញា​ឆ្នាំ២០១២។

បើ​តាម​លិខិត​ថ្លែង​សច្ចា​នេះ​ថា​នៅ​ពេល​មួយ​លើក​ទៀត​ លោក​ Francis បាន​ធ្វើការ​ទាក់ទង​ជាមួយ​សេវាកម្ម​ផ្តល់​ស្ត្រី​អម​ដំណើរ​មួយ​ដើម្បី​ផ្តល់​ស្ត្រី​ពេស្យា​បួន​នាក់​ឱ្យ​ចំណាយ​ពល​វេលា​យ៉ាង​តិច​ណាស់​បី​ថ្ងៃ​ជាមួយ​លោក Misiewucz និង​មេបញ្ជាការ​ម្នាក់​ទៀត​នៃ​កងទ័ព​ជើង​ទឹក​ស.រ.អ.ដែលគេ​មិន​ប្រាប់​ឈ្មោះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១។ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ការ​គ្រោង​ជួប​គ្នា​នោះ​មិន​បាន​សម្រេច​ទេ​នៅ​នាទី​ចុង​ក្រោយ​បង្អស់​នៅ​ពេល​ដែល​នាយ​ទាហាន​ទាំង​នេះ​បាន​ត្រូវ​ចាត់​ឱ្យ​ទៅ​បំពេញ​បេសកកម្ម​ជា​ការ​ឆ្លើយ​តប​គ្រា​មាន​អាសន្ន​របស់​កង​ទ័ព​ជើង​ទឹក​ស.រ.អ.ដល់​មហន្តរាយ​មហា​រលក​សមុទ្រ​ tsunami ដែល​បាន​បោក​ខ្លាំង​លើ​ប្រទេស​ជប៉ុន។

​បើ​តាម​លិខិត​ថ្លែង​សច្ចា​នេះ​ថា​មួយ​ឆ្នាំ​បន្ទាប់​មក លោក​ Francis បាន​ផ្តល់​សំបុត្រ​ឱ្យ​លោក Misiewicz និង​នាយ​ទាហាន​បួន​នាក់​ទៀត​នៃ​កងទ័ព​ជើង​ទឹក​អាមេរិកាំង​ដែល​គេ​មិន​ប្រាប់​ឈ្មោះ​ដែល​អាច​ឱ្យ​ពួក​គេ​ទៅ​មើល​ការ​ប្រគុំ​តន្ត្រីកុង​ស៊ែ​មួយ​ដោយ Lady Gaga ក្នុង​ប្រទេស​ថៃ។ ​

ដោយ​ផ្តល់​កាដូ​ឱ្យ​លោក Misiewicz ក្រុម​ហ៊ុន​មាន​កុងត្រា​ខាង​កិច្ចការពារ​ប្រទេស​នេះ​មិនបាន​ភ្លេច​ប្រពន្ធ​និង​សមាជិក​ឯ​ទៀតៗ​នៃ​គ្រួសារ​លោក​ទេ។

បើ​តាម​ពួក​រដ្ឋអាជ្ញា​ថា​ ក្រុមហ៊ុន​នេះ​បាន​ផ្តល់​សំបុត្រ​ឱ្យ​លោក Misiewicz និង​ញាតិ​សន្តាន​បួន​នាក់​ទៅ​មើល​ការ​សម្តែង​រឿង​ Lion King​ នៅ​ក្នុង​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ២០១0 ទិញ​សំបុត្រ​យន្តហោះ​ឱ្យ​ម្តាយ ប្អូន​ប្រុស ប្រពន្ធ​និង​កូន​បី​នាក់​ធ្វើ​ដំណើរ​នៅ​ខាង​ក្នុង​ទ្វីប​អាស៊ី​និង​ពី​ស.រ.អ.ទៅ​កាន់​ប្រទេស​កម្ពុជា និង​ទិញ​កាបូប​ប្រណីត​មួយ​ឱ្យ​ប្រពន្ធ​លោក​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ។​

ចាប់​តាំង​ពី​ពេល​នោះ​មក​ ប្រពន្ធ​លោក​បាន​ដាក់​ពាក្យ​លែង​លោក​ហើយ៕

អត្ថបទ​ដើមរបស់​សារព័ត៌មាន The Washington Post ត្រង់​នេះ

ប្រែសម្រួលទាំង​ស្រុងដោយ ឈឹម សុមេធ និង ហុង ចិន្តា

XS
SM
MD
LG