តុលាការសហព័ន្ធអាមេរិកមួយបានចោទប្រកាន់បន្ថែមលើមេបញ្ជាការទាហាន ជើងទឹកជាន់ខ្ពស់ស.រ.អា.ម្នាក់ដែលមានដើមកំណើតខ្មែរពីបទពុករលួយ។ ការចោទប្រកាន់នេះកើតឡើងចំពេលដែលសហសេវឹកម្នាក់ទៀតដែលជាប់ចោទដូចគ្នានេះ បានទទួលកំហុស។
តុលាការសហព័ន្ធអាមេរិកនៅក្នុងទីក្រុងសានឌីយេហ្គោ ( San Diego) ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានបន្ថែមបទចោទប្រកាន់លើមេបញ្ជាការយោធាជើងទឹកជាន់ ខ្ពស់ស.រ.អា.ម្នាក់ ដែលមានដើមកំណើតខ្មែរពីបទពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងថ្ងៃតែមួយដែលសហសេវឹករបស់លោកម្នាក់ ដែលជាប់ចោទដូចគ្នានោះ បានទទួលទោស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការដែលវីអូអេទទួលបានកាលពីល្ងាចថ្ងៃពុធ។
លោកម៉ៃខល វណ្ណៈខឹម មីសៀវីក (Michael Vannak Khem Misiewicz) និង លោកហូស្សេ ល្វីស សាន់ឆេ (Jose Luis Sanchez) អាយុ៤២ឆ្នាំ មេបញ្ជាការ ម្នាក់ទៀតស្ថិតនៅក្នុងបទចោទប្រកាន់ស្រដៀងគ្នាថា បានផ្តល់ព័ត៌មានសម្ងាត់ របស់រដ្ឋទៅកាន់ក្រុមហ៊ុនផ្តល់សេវាផ្នែកយោធាចុះកិច្ចសន្យាឈ្មោះ Glenn Defense Marine Asia មានមូលដ្ឋានក្នុងប្រទេសសឹង្ហបូរី ដែលត្រូវចោទថា បានបោកកេងបន្លំប្រាប់រាប់លានដុល្លារពីយោធាជើងទឹកស.រ.អា.។
សេចក្តីប្រកាសព័ត៌មានរបស់តុលាការនេះបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«នៅថ្ងៃនេះដែរ មេបញ្ជាការយោធាជើងទឹកស.រ.អា. ម៉ៃខល វណ្ណៈខឹម មីសៀវីក អាយុ៤៧ឆ្នាំ ដែលត្រូវចោទប្រកាន់ថា បានផ្តល់ព័ត៌មានសម្ងាត់ពីលើកមុននោះ ត្រូវចោទប្រកាន់ដោយមហាគណៈវិនិច្ឆ័យក្នុងតុលាការភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាពីបទល្មើសចំនួន៧ថែមទៀតទាក់ទងនឹងការសូកប៉ាន់»។
កន្លងមក លោកខឹម វណ្ណៈមិនបានទទួលកំហុសពីការចោទប្រកាន់រាប់បញ្ចូលទាំងការ ផ្តល់ព័ត៌មាន ឯកសារនិងការប្រើប្រាស់ឥទ្ធិពលលោកនោះទេ។ តែសេចក្តីប្រកាសព័ត៌មានរបស់តុលាការដដែលបានបញ្ជាក់ថា មេបញ្ជាការម្នាក់ទៀតក្នុងក្រុមរបស់លោកដែលជាប់ចោទពីបទស្រដៀងគ្នានោះគឺលោកហូស្សេ ល្វីស សាន់ឆេបានទទួលកំហុស ដោយសារភាពថា លោកបានប្រើប្រាស់ឥទ្ធិពលរបស់លោក និងផ្តល់ឲ្យក្រុមហ៊ុនចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលស.រ.អា.នេះ នូវព័ត៌មានសម្ងាត់ស្តីពីផ្លូវចល័តរបស់នាវាទី៧ស.រ.អា.ក្នុងតំបន់អាស៊ី និងព័ត៌មានសម្ងាត់ផ្សេងៗទៀតទាក់ទងនឹងព័ត៌មានផ្ទៃក្នុងរបស់ទាហានជើងទឹកស.រ.អា. ជាថ្នូរនឹងលុយ ការចំណាយសម្រាប់ការធ្វើដំណើរនិងការកម្សាន្តសប្បាយហើយនឹងសេវាកម្មបេស្យាកម្មទៀតផង ចាប់តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៣។ លោកសាន់ឆែ ជាជនជាប់ចោទម្នាក់ក្នុងចំណោម៧នាក់។ ហើយលោកជាជនទី៥ ដែលបានទទួលទោសកំហុសជាបន្តបន្ទាប់ទាក់ទងនឹងបទចោទរបស់តុលាការ។
លោក James B. Burch អនុប្រធានផ្នែកស៊ើបអង្កេតនៃការិយាល័យស៊ើបអង្កេត បទឧក្រិដ្ឋនៃក្រសួងការពារប្រទេសស.រ.អា.ដែលជាស្ថាប័នមួយក្នុងចំណោម ស្ថាប័ន២ទៀត ធ្វើការស៊ើបអង្កេតរឿងអាស្រូវដ៏ធំនេះ។ លោកបានថ្លែងថា ការស៊ើបអង្កេតនេះជាការព្រមានដល់អ្នកដែលប្រព្រឹត្តអំពើលោភលន់ និងធ្វើឲ្យខូចដល់អធិបតេយ្យភាពស.រ.អា.។
លោកបានថ្លែងតាមប្រសាសន៍ដើមថា៖ «ជាថ្មីម្តងទៀត លទ្ធផលទាំងនេះ បញ្ជូនសារឲ្យដឹងថា អំពើពុករលួយនឹងត្រូវស៊ើបអង្កេត និងកាត់ទោសដោយគ្មានការលើកលែងនោះទេ»។
លោកម៉ៃខល វណ្ណៈខឹម មីសៀវីកត្រូវគេដឹងថា មកដល់ពេលនេះ នៅតែជាជន គ្មានទោសនៅឡើយ មុនពេលតុលាការកាត់ទោស ដោយមានភស្តុតាងនិង សាក្សីនោះ។
លោកម៉ៃខល វណ្ណៈខឹម មីសៀវីក ឈ្មោះដើមខឹម វណ្ណៈមានស្រុកកំណើតនៅ ខេត្តកណ្តាល។ លោកបានចាកចេញពីប្រទេសកម្ពុជាក្នុងសម័យសង្គ្រាមនៅ ទសវត្សរ៍១៩៧០ ដោយឳពុកម្តាយចិញ្ចឹមរបស់លោកជាមន្ត្រីទូតអាមេរិកាំងបានយកមកស.រ.អា.ដើម្បីចិញ្ចឹមបីបាច់។
ក្នុងបេសកកម្មដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពស.រ.អា.និងកម្ពុជា លោកម៉ៃខល វណ្ណៈខឹម មីសៀវីកធ្លាប់ដឹកនាំកប៉ាលជើងទឹកស.រ.អា.ទៅកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ ហើយសម្រក់ទឹកភ្នែក ពេលទៅដល់ស្រុកកំណើត ពេលជួបជុំក្រុមគ្រួសារជាលើកដំបូងនោះ៕