មេបញ្ជាការយោធាជាន់ខ្ពស់យោធាជើងទឹកស.រ.អា.ម្នាក់ដែលមានដើមកំណើត ខ្មែរគឺលោក ម៉ៃខល វណ្ណៈខឹម មីសៀវីក (Michael Vannak Khem Misiewicz) មិនទទួលទោសទេ ទោះជាលោកត្រូវនាយកក្រុមហ៊ុនផ្តល់សេវាកម្មយោធាថា លោកស្ថិតក្នុងបញ្ជីមន្ត្រីយោធាជើងទឹក៧នាក់ដែលទទួលសំណូកក្តី។ នេះបើ តាមសេចក្តីប្រកាសព័ត៌មានដែលវីអូអេទទួលបានកាលពីយប់ថ្ងៃព្រហស្បតិ៍។
លោកម៉ៃខល វណ្ណៈខឹម មីសៀវីក (Michael Vannak Khem Misiewicz) អាយុ ៤៧ឆ្នាំ ត្រូវមហាគណៈវិនិច្ឆ័យក្នុងតុលាការភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបាន ចោទប្រកាន់ពីបទល្មើសទាក់ទងនឹងការសូកប៉ាន់ចំនួន៧ថែមទៀត រាប់ទាំងការ ផ្តល់ព័ត៌មានសម្ងាត់របស់រដ្ឋទៅឲ្យក្រុមហ៊ុនផ្តល់សេវាផ្នែកយោធាចុះកិច្ច សន្យាឈ្មោះ Glenn Defense Marine Asia មានមូលដ្ឋានក្នុងប្រទេសសិង្ហបូរី ដែលត្រូវចោទថា បានបោកប្រាស់ប្រាក់រាប់លានដុល្លារពីយោធាជើងទឹកស.រ.អា.។
ប្រធានក្រុមហ៊ុននេះគឺលោក Leonard Glenn Francis កាលពីថ្ងៃ ព្រហស្បតិ៍បានទទួលកំហុសថា លោកបានប្រព្រឹត្តការសូកប៉ាន់មន្ត្រីយោធាជើងទឹកស.រ.អា.ជាច្រើនឆ្នាំនូវទឹកបា្រក់រាប់សិបលានដុល្លារជាលុយ ជាការចំណាយសម្រាប់ការធ្វើដំណើរកម្សាន្ត និងសេវាកម្មពេស្យាកម្មជាដើម។ ហើយមេបញ្ជាការយោធាជើងទឹកម្នាក់ទៀតគឺលោក Daniel Dusek អាយុ៤៧ឆ្នាំ បានទទួលកំហុសទាក់ទងនឹងបទចោទប្រកាន់របស់តុលាការដែរកាលពីម្សិលមិញ ក្រោយពីមេបញ្ជាការម្នាក់ទៀតគឺលោកហូស្សេ ល្វីស សាន់ឆេបានទទួលកំហុសស្រដៀងគ្នានេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន តុលាការបាននិយាយថា៖
«លោក Francis អាយុ៥០ឆ្នាំ ជាជនជាតិម៉ាឡេស៊ី បានបញ្ជាក់អត្តសញ្ញាណមន្ត្រីយោធាជើងទឹកស.រ.អា.៧នាក់ ដែលបានទទួលសំណូក រួមទាំងលោកឌូសេក មេបញ្ជាការ Jose Luis Sanchez និងលោកមេបញ្ជាការ ម៉ៃខល វណ្ណៈខឹម មីសៀវីក (Michael Vannak Khem Misiewicz) មន្ត្រីស៊ើបអង្កេតព្រហ្មទណ្ឌយោធាជើងទឹក John Beliveau និងមន្ត្រីមួយចំនួនទៀតដែលមិនត្រូវគេប្រាប់ឈ្មោះនៅឡើយ។
សេចក្តីប្រកាសព័ត៌មានតុលាការដដែលបានបញ្ជាក់ថា៖ «មន្ត្រីយោធាជើងទឹកទាំងអស់ដែលត្រូវបានចោទប្រកាន់ បានទទួលកំហុស លើកលែងតែលោកម៉ៃខល វណ្ណៈខឹម មីសៀវីក ដែលសំណុំរឿងរបស់លោកកំពុងបន្ត។ លោកម៉ៃខល វណ្ណៈខឹម មីសៀវីកមិនទទួលកំហុសនៅឡើយទេ»។
ទោះជាយ៉ាងណាក៏ដោយ សំណុំរឿងលោកម៉ៃខល វណ្ណៈខឹម មីសៀវីកនឹងត្រូវតុលាការចាប់ផ្តើមសវនាការនៅថ្ងៃសុក្រនេះដែលលោកម៉ៃខល វណ្ណៈខឹម មីសៀវីកអាចប្តូរចម្លើយរបស់លោក ទទួល ឬមិនទទួលបទចោទរបស់តុលាការ។
លោក Leonard Glenn Francis បានទទួលកំហុសថា លោកបានបោកប្រាស់យកប្រាក់យោធាជើងទឹកស.រ.អា.រាប់សិបលានដុល្លារ ដោយឲ្យយោធាជើងទឹកស.រ.អា.បង់លុយលើសចំនួនកម្រិតជាប្រចាំ រាប់ចាប់ពីសេវាកម្មប្រេង សេវាកម្មអូសនាវា សេវាកម្មដឹកកាកសំណល់។ លោក Francis បានព្រមព្រៀងលើទឹកប្រាក់៣៥លានដុល្លារដែលបានមកពីដំណើរការមិនប្រក្រតីនោះ សងលុយទៅដល់យោធាជើងទឹកស.រ.អា.វិញ។
រដ្ឋអាជ្ជារងលេស្លី ខាតវែល (Leslie R. Caldwell ) បានថ្លែងថា៖ «ការទទួលកំហុសថ្ងៃនេះរបស់លោក Leonard Francis ក្រុមហ៊ុនរបស់លោក ហើយនឹងមន្ត្រីយោធាជើងទឹកគឺជាជំហ៊ានដ៏សំខាន់ណាស់ក្នុងការបន្តកិច្ចការ ស៊ើបអង្កេតរបស់យើង។ យើងនឹងបន្តកិច្ចប្រឹងប្រែងរបស់យើងដើម្បីរកឫសគល់អ្នកពាក់ព័ន្ធក្នុងគម្រោងពុករលួយដែលកើតឡើងជាយូរមកហើយ ទាំងក្នុងនិងទាំងក្រៅ។ ផលប្រយោជន៍នៃយុត្តិធម៌ និងសន្តិសុខជាតិគឺជារឿងសំខាន់លើសអ្វីផ្សេងទៀត»។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់សម្តីលោក Francis មកបញ្ជាក់ថា លោកម៉ៃខល វណ្ណៈខឹម មីសៀវីកបានផ្តល់ព័ត៌មានសម្ងាត់និងព័ត៌មានពិសេសជាង១០ដងជាថ្នូរនឹងលុយសម្រាប់ការធ្វើដំណើរជាច្រើនលើករបស់លោក។
លោក ម៉ៃខល វណ្ណៈខឹម មីសៀវីក ឈ្មោះដើមខឹម វណ្ណៈមានស្រុកកំណើតនៅខេត្តកណ្តាល។ លោកបានចាកចេញពីប្រទេសកម្ពុជាក្នុងសម័យសង្គ្រាមនៅទសវត្សរ៍១៩៧០ ដោយឪពុកម្តាយចិញ្ចឹមរបស់ជាមន្ត្រីទូតអាមេរិកាំងបានយកមកស.រ.អា.ដើម្បីចិញ្ជឹមបីបាច់។
ក្នុងបេសកកម្មដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពស.រ.អា.និងកម្ពុជា លោកម៉ៃខល វណ្ណៈខឹម មីសៀវីកធ្លាប់ដឹកនាំកប៉ាល់ជើងទឹកស.រ.អា.ទៅកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ ហើយបានសម្រក់ទឹកភ្នែក ពេលទៅដល់ស្រុកកំណើត ពេលជួបជុំក្រុមគ្រួសារជាលើកដំបូងនោះ៕