ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការអូតង់ត្រៀមធ្វើសមយុទ្ធយោធាដ៏ធំបំផុតនៅសប្តាហ៍ក្រោយដោយមានទាហានចូលរួម​៩​ម៉ឺននាក់


រូបឯកសារ៖ រថក្រោះ​របស់​អង្គការ​អូតង់​តម្រង់​ជា​ជួរ​មុន​ធ្វើ​ប្រតិបត្តិការ​ ក្នុង​សមយុទ្ធយោធា Iron Spear ឆ្នាំ២០២២ នៅទីក្រុង Adazi ប្រទេស​ឡេតូនី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ រថក្រោះ​របស់​អង្គការ​អូតង់​តម្រង់​ជា​ជួរ​មុន​ធ្វើ​ប្រតិបត្តិការ​ ក្នុង​សមយុទ្ធយោធា Iron Spear ឆ្នាំ២០២២ នៅទីក្រុង Adazi ប្រទេស​ឡេតូនី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

អង្គការ​អូតង់ (NATO) នឹងបើក​ធ្វើ​សមយុទ្ធយោធាដ៏​ធំបំផុត​របស់​ខ្លួនដែល​មិន​ធ្លាប់​មាន​ក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍កន្លង​ទៅនៅ​សប្តាហ៍​ក្រោយ​ ដោយមាន​កងកម្លាំង​ចូលរួម​សរុប​ប្រមាណ​ ៩ម៉ឺន​នាក់​ ដោយ​សមយុទ្ធយោធា​នេះ​នឹង​មាន​រយៈពេល​ជា​ច្រើន​ខែ​ ក្នុង​បំណងបង្ហាញ​ថា​ កម្លាំង​សម្ព័ន្ធមិត្ត​អាច​ការពារ​បូរណភាព​ទឹកដីរបស់​ខ្លួន​រហូត​ដល់​ព្រំដែន​ជា​មួយ​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូបដែល​បាននិយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយត្រូវ​បាន​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។ ​

សមយុទ្ធ​នេះកើត​មាន​ឡើងខណៈពេល​ដែល​សង្គ្រាម​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែនកំពុង​ជាប់​គាំង​មិន​ទៅ​មុខ។ អង្គការ​អូតង់មិន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ក្នុង​ជម្លោះ​នេះ​ឡើយ​ ដោយ​ជួយ​រដ្ឋាភិបាល​ក្រុង​កៀវ​មិន​មែន​ជា​អាវុធ​ប្រល័យ​ជីវិត​ បើ​ទោះ​បីរដ្ឋជា​សមាជិក​របស់​ខ្លួនជា​ច្រើន​ បាន​ផ្តល់​អាវុធ​យុទ្ធភណ្ឌ​និង​គ្រាប់រំសេវ​ដល់​ប្រទេស​អ៊ុយក្រែន​តាម​ក្របខណ្ឌ​ផ្ទាល់​ខ្លួន​ឬ​ជា​ក្រុម​ ឬ​ផ្តល់​ការ​ហ្វឹកហាត់យោធា​ដល់​អ៊ុយក្រែន​ក៏​ដោយ។​ ​

អស់​ពេល​ជា​ច្រើន​ខែ​មុនប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin​ បញ្ជា​ឱ្យ​កងទ័ព​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២២ ​កន្លង​ទៅ​ អង្គការ​អូតង់​បាន​ចាប់ផ្តើម​បង្កើន​សន្តិសុខ​នៅតំបន់​ភាគ​ខាង​កើត​ជាប់​រុស្ស៊ីនិង​អ៊ុយក្រែន​រួច​ទៅ​ហើយ។ នេះ​ជា​ការ​បង្កើន​កម្លាំង​ដ៏​ធំ​បំផុត​របស់​ក្រុម​សម្ព័ន្ធមិត្ត​ក្រោយ​សង្គ្រាម​ត្រជាក់មក។ សមយុទ្ធ​យោធា​នេះ​ គឺ​ក្នុង​បំណង​ទប់ស្កាត់ជាមុន​មិន​ឱ្យ​រុស្ស៊ីយក​ប្រទេស​ណា​មួយដែល​ជា​សមាជិក​របស់​ខ្លួនធ្វើ​ជាគោលដៅ​វាយប្រហារ​នោះ​ឡើយ។

សមយុទ្ធយោធា​នេះ​មាន​ឈ្មោះ​ថា​ «អ្នកការពារ​ដ៏​ស្មោះស្ម័គ្រ​ឆ្នាំ​ ២០២៤ ​ឬ Steadfast Defender 24 នឹង​បង្ហាញ​ថា​ អង្គការ​អូតង់អាច​ធ្វើ​ប្រតិបត្តិការដ៏ស្មុគ្រស្មាញ​ចម្រុះក្នុង​រយៈពេលជា​ច្រើន​ខែ​ ​ដោយ​ឆ្លង​កាត់​ផ្ទៃដីរាប់ម៉ឺនគីឡូម៉ែត្រពី​ជ្រុង​ភាគខាង​ជើង​ ដល់​ភាគ​កណ្តាល​ ​និង​ផ្នែក​ខាង​កើត​ទ្វីបអឺរ៉ុប​ ​ទោះ​ស្ថិត​ក្នុងលក្ខខណ្ឌ​បែប​ណា​មួយ​ក្តី។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សម្ព័ន្ធភាព​យោធា​មួយ​នេះ ​ដែល​មាន​រដ្ឋ​ជាសមាជិកចំនួន​ ៣១​ប្រទេស។

កងកម្លាំងដែលចូល​រួម​ក្នុង​សមយុទ្ធយោធានេះ​ នឹង​បម្លាស់​ទី​ចុះឡើង​នៅ​ទូទាំងទ្វីបអឺរ៉ុប​រហូត​ដល់ចុង​ខែ​ឧសភា​ ​ក្នុងអ្វី​ដែលអង្គការ​អូតង់ពណ៌នា​ថា​ ​ជា​សេណារីយ៉ូ​ដែល​រៀប​ចំ​ដូច​ជា​ព្រឹត្តិការណ៍ជម្លោះ​កើត​ឡើង​មែនទែន​ ​ជា​មួយ​គូសត្រូវ​នៅ​ក្បែរ​ខាង​ខ្លួន។ នៅ​ក្រោម​ច្បាប់ផែនការ​ការពារ​ជាតិ​ថ្មី​របស់​អង្គការ​អូតង់​ គូ​សត្រូវ​ដ៏​ធំ​បំផុត​របស់​ខ្លួន​នា​ពេល​នេះ​គឺ​ប្រទេស​រុស្ស៊ី​និងក្រុម​អង្គការ​ភេរវម្ម​នានា៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG