រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសម្ព័ន្ធមិត្តអូតង់ កំពុងត្រិះរិះរកមធ្យោបាយ ពង្រឹងសន្តិសុខនៅតាមព្រំដែនប្រទេសតួកគី មួយសប្តាហ៍ក្រោយពីក្រុងអង់ការ៉ា បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង នៅតាមបណ្តោយព្រំដែនស៊ីរី។
ក្រុមមន្ត្រីដែលចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសក្នុងទីក្រុងព្រុចសែល (Brussels) បាននិយាយកាលពីថ្ងៃអង្គារថា វិធានការបន្ថែមទាំងនោះរួមមានការបន្ថែមនាវានៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea) ការបន្ថែមយន្តហោះរបស់ក្រុមសម្ព័ន្ធមិត្តនៅមូលដ្ឋានទ័ពអាកាស Incirlik ក្នុងប្រទេសតួកគី និងការបំពាក់ប្រព័ន្ធការពារគ្រាប់ម៊ីស៊ីលជាដើម។
ក្រុមរដ្ឋមន្ត្រីការបរទេសទាំងនោះ បានហៅស្ថានការណ៍នៅតាមបណ្តោយព្រំដែនប្រទេសតួកគីជាប់នឹងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ថាមិនមានស្ថិរភាពនោះទេ។ រដ្ឋមន្ត្រីការបរទេសទាំងនោះនិយាយថា ពួកគេ«នៅតែប្តេជ្ញាបន្តបង្កើតវិធានការធានាបន្ថែមទៀត ហើយថា ក្រុមសម្ព័ន្ធមិត្តអូតង់កំពុងធ្វើការរួមគ្នាដើម្បីត្រៀមចូលរួមចំណែកតាមដែលពួកគេអាចធ្វើបាន»។ អគ្គលេខាធិការនៃសម្ព័ន្ធមិត្តអូតង់ លោក Jens Stoltenberg បាននិយាយថា ប្រទេសជាសមាជិកគួរតែសម្រេចក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ទៅលើវិធានការជាក់លាក់ ដែលខ្លួននឹងធ្វើសម្រាប់ប្រទេសតួកគី។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសលីទុយអានី (Lithuania) លោក Linas Linkevicius និយាយថា៖ «អ្វីក៏ដោយដែលប្រទេសតួកគីស្នើឡើង គួរតែត្រូវបានពិចារណា»។ លោកបន្ថែមថា៖ «វាជាកតព្វកិច្ចរបស់អូតង់ មិនថាការគំរាមកំហែងចេញពីទិសណាទេ សម្ព័ន្ធមិត្តអូតង់ត្រូវតែពិចារណាវារួមគ្នាប្រកបដោយសាមគ្គីភាព»៕