ការព្រួយបារម្ភទាក់ទងការរំលោភឈ្លានពានរបស់រុស្ស៊ី បានជំរុញប្រទេសជិតខាងរបស់រុស្ស៊ី ក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា អង្គការណាតូ(NATO) ពង្រឹងកងទ័ពនៅក្នុងប្រទេសរបស់ពួកគេ។
ខណៈដែលលោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ បានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនាកន្លងទៅ លោកជាមួយនឹងការកើនឡើងនៃសំឡេងបន្ទរនៅតំបន់អឺរ៉ុបខាងកើត កំពុងអំពាវនាវឲ្យកងទ័ពអង្គការណាតូអចិន្រ្តៃយ៍ធ្វើការទប់ទល់ប្រឆាំងការគំរាមកំហែងពីប្រទេសរុស្ស៊ី។
លោក Keir Giles ដែលជាអ្នកជំនាញខាងប្រទេសរុស្ស៊ីនៅឯChatham House ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បាននិយាយទៅកាន់ VOAតាមប្រព័ន្ធ Skype ថា៖ «វានៅតែជាករណីដែលថា កាលណាអ្នកចូលកាន់តែជ្រៅទៅភាគខាងកើតនៅក្នុងតំបន់អឺរ៉ុប ការយល់ឃើញអំពីការគំរាមកំហែងសន្តិសុខពីរុស្ស៊ី គឺមានកាន់តែខ្លាំងឡើង ហើយបញ្ហាកាន់តែផ្ទាល់ គឺការព្រួយបារម្ភកាន់តែបន្ទាន់របស់បណ្តាប្រទេសដែលនៅជិតរុស្ស៊ី»។
ប្រទេសប៉ូឡូញមានព្រំប្រទល់ជាប់នឹងទីក្រុងKaliningrad ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការពង្រាយទាហានរុស្ស៊ីយ៉ាងច្រើនបំផុត ហើយរដ្ឋាភិបាលក្រុងម៉ូស្គូអាចចាត់ទុកវត្តមានរបស់អង្គការណាតូអចិន្រ្តៃយ៍ក្នុងប្រទេសប៉ូឡូញជា ទង្វើនៃការឈ្លានពានមួយ។
លោក Giles បាននិយាយថា សកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបានបង្កឲ្យមានការព្រួយបារម្ភដល់បណ្តាប្រទេសនៅអឺរ៉ុបអំពីចេតនារបស់រុស្ស៊ីចំពោះបណ្តារដ្ឋអតីតសហភាពសូវៀត។
លោកបានបន្តថា៖ «ដូច្នេះ វាមិនមែនជាបញ្ហាថ្មីទេ។ វាជាបញ្ហាដែលប្រទេសប៉ូឡូញ និងរដ្ឋនៅតំបន់បាល់ទិក បាននិយាយជាយូរមកហើយ។ វាគឺគ្រាន់តែថា មុនពេលមានវិបត្តិអ៊ុយក្រែនកើតឡើង បណ្តាប្រទេសទាំងនោះត្រូវបានគេមើលឃើញក្នុងអង្គការណាតូ និងមួយផ្នែកនៅក្នុងសហភាពអឺរ៉ុប ថាជាអ្នកបង្កឲ្យមានបញ្ហាដោយលើកឡើងពីបញ្ហារុស្ស៊ី នៅពេលដែលវាមិនមានជាបញ្ហាកើតឡើងនៅឡើយ។ ឥឡូវនេះ ពិតណាស់ពួកគេបានបង្ហាញឲ្យឃើញថា បញ្ហានេះពិតជាត្រឹមត្រូវទាំងស្រុងមែន»។
ចាប់តាំងពីឆ្នាំ២០១៤ យន្តហោះចម្បាំងរបស់រុស្ស៊ីបានរំលោភលើដែនអាកាសរបស់ប្រទេសជិតខាង ក្នុងកម្រិតខ្ពស់មួយដែលមិនធ្លាប់ឃើញតាំងពីសង្គ្រាមត្រជាក់មក ហើយយន្តហោះអង្គការណាតូបានប្រវេប្រវារារាំងយន្តហោះទាំងនោះ។ លោក Giles អះអាងថា វិមានក្រឹមឡាំងកំពុងសម្លឹងរកមើលវិធីដើម្បីកែកុនការបាត់បង់ឥទ្ធិពលជាសកលរបស់ខ្លួនតាមរយៈការបង្ហាញអំណាចរបស់ខ្លួន។
លោកគូសបញ្ជាក់ថា៖ «ដោយសារតែបញ្ហានេះ វាត្រូវបានគេថ្លែងម្តងហើយម្តងទៀតនៅក្នុងប្រទេសរុស្ស៊ី ថា បណ្តារដ្ឋបាល់ទិកមួយចំនួន ជាពិសេសរដ្ឋដែលជាអតីតទឹកដីរបស់សហភាពសូវៀត គឺជាអតីតទឹកដីរបស់រុស្ស៊ី។ វាជាបញ្ហាមួយដែលលោកប្រធានាធិបតី ពូទីន បានមានប្រសាសន៍ដោយផ្ទាល់។ ហើយប្រទេសរុស្ស៊ីឥឡូវនេះបានបង្ហាញឲ្យឃើញពីរដងរួចមកហើយថា ក្នុងរយៈពេលប្រាំពីរនេះ ដែលរុស្ស៊ីពេញចិត្តក្នុងការប្រើកម្លាំងយោធាប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនក្នុងគោលបំណងគូសបន្ទាត់ព្រំដែនជាថ្មី»។
រដ្ឋតំបន់បាល់ទិកព្រួយបារម្ភថា វិមានក្រឹមឡាំងអាចនឹងយកការបង្ក្រាបជនជាតិភាគតិចរុស្ស៊ី ជាការដោះសារក្នុងការទាមទារទឹកដី ដូចដែលរុស្ស៊ីបានធ្វើរួចមកហើយជាមួយប្រទេសអ៊ុយក្រែន។
នៅក្នុងខែមិថុនា អង្គការណាតូបានប្រកាសថា នឹងពង្រឹងកម្លាំងយោធាសមាជិកសម្ព័ន្ធរបស់ខ្លួនដែលមានអារម្មណ៍ថា ស្ថិតនៅក្រោមការគំរាមកំហែងពីប្រទេសរុស្ស៊ី។
លោកRobert Pszczel អតីតនាយកការិយាល័យព័ត៌មានរបស់អង្គការណាតូនៅក្រុងម៉ូស្គូបានមានប្រសាសន៍ថា៖«វាគ្មានទេចេតនាលាក់បាំង ហើយក៏គ្មានចេតនាដែលប្រឆាំងរុស្ស៊ីដែរ។ ប៉ុន្ដែនៅពេលដូចគ្នានេះដែរ យើងត្រូវការប្រទេសសមាជិកណាតូដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខពិតប្រាកដ ដែលបង្កចេញពីសកម្មភាពរបស់ប្រទេសរុស្ស៊ី»។
ចាប់តាំងពីមានវិបត្តិអ៊ុយក្រែនមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានព្យាយាមលាបពណ៌ឲ្យអង្គការណាតូថា កំពុងឡោមព័ទ្ធប្រទេសរុស្ស៊ី។
ការធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់អង្គការណាតូក្នុងរយៈពេលជាងមួយទសវត្សរ៍ នឹងចាប់ផ្តើមនៅខែតុលាខាងមុខ ដែលមានការចូលរួមពីទាហាន៣៦.០០០នាក់មកពី៣០ប្រទេស។ ហើយសមយុទ្ធយោធារបស់អង្គការណាតូដែលបានគ្រោងទុកទាំងអស់ ប្រទេសរុស្ស៊ីក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ៕
ប្រែសម្រួលដោយ៖ ហង្ស វុទ្ធិកា