ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​ថា ​ចំនួន​អ្នក​​ត្រូវ​ជម្លៀស​ពី​ទីក្រុង​កាប៊ុល​​ក្នុង​មួយ​ថ្ងៃៗ​មាន​ការ​ប្រែប្រួល


ទាហាន​អាមេរិកាំង​ផ្តល់​ទឹក​ដល់​កុមារ​មួយ​រូប​ក្នុង​ពេល​ជម្លៀសខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Hamid Karzai ក្នុងទីក្រុង​កាប៊ុល​កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ (រូបថត​ដោយ​ Samuel Ruiz / US Central Command Public Affairs / AFP)
ទាហាន​អាមេរិកាំង​ផ្តល់​ទឹក​ដល់​កុមារ​មួយ​រូប​ក្នុង​ពេល​ជម្លៀសខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Hamid Karzai ក្នុងទីក្រុង​កាប៊ុល​កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។ (រូបថត​ដោយ​ Samuel Ruiz / US Central Command Public Affairs / AFP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​ថា​ ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្គានីស្ថាន នឹង​ប្រែប្រួល​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​អាស្រ័យ​លើ​លក្ខខណ្ឌ​ជាក់លាក់​និង​សុវត្ថិភាព​នៅ​ថ្ងៃ​នោះ។​

នៅ​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ ​សេតវិមាន​បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​បាន​ជម្លៀស​ប្រជាជន​ចំនួន​៧.៨០០​ នាក់​ចេញ​ពី​ទីក្រុង​កាប៊ុល​ក្នុង​រយៈ​ពេល​២៤​ម៉ោង​មុន។ ​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​ សេតវិមាន​បាន​បន្ថែម​ចំនួន​៥.១០០​ នាក់​ផ្សេង​ទៀត​ចំពោះ​ការ​ជម្លៀស​សរុប​ប្រចាំ​ថ្ងៃ។​

មន្រ្តី​សេតវិមាន​បាន​និយាយ​ថា​ សរុប​មក​សហរដ្ឋ​អាមេរិក​បាន​ជម្លៀស​ប្រជាជន​ចំនួន​៣០.៣០០​ នាក់​កាលពី​សប្តាហ៍​មុន។​ ចាប់តាំង​ពី​ចុង​ខែ​កក្កដា​មក​ មនុស្ស​ប្រហែល​៣៥.៥០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង​កាប៊ុល។ ​មនុស្ស​រាប់ម៉ឺន​នាក់​ទៀត​កំពុង​រង់​ចាំ​ចេញ​ពី​ទីក្រុង​កាប៊ុល។ ​

លោក ​Biden​ បាន​និយាយ​ថា៖ «ពលរដ្ឋ​អាមេរិក​ណា​ក៏​ដោយដែល​ចង់​ត្រឡប់​ទៅ​ផ្ទះវិញនឹង​បានត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​យើង​ក៏​កំពុងធ្វើការដើម្បី​ជម្លៀស​សម្ព័ន្ធ​មិត្ត​អាហ្វហ្គានីស្ថាន​របស់​យើង​និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ចេញពី​ប្រទេស​ដែរ»។

លោក Biden ​បាន​និយាយ​ថា​ គ្មាន​យន្តហោះ​ណាមួយ​មកពី​ទីក្រុង​កាប៊ុល​បាន​ហោះ​ត្រង់​មក​សហរដ្ឋ​អាមេរិក​ទេ។​ លោក​បាន​និយាយ​ថាផ្ទុយ​ទៅវិញ​ រាល់​ជើង​ហោះហើរ​ទាំងអស់​ចុះ​ចត​ដំបូង​នៅ​ក្នុង​មូលដ្ឋាន​យោធា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ទី​ដែល​អ្នកមិន​មែន​ជាពលរដ្ឋ​អាមេរិក​នឹង​ត្រូវ​ឆ្លង​កាត់​ការត្រួត​ពិនិត្យ​ប្រវត្តិនិង​សន្តិសុខ៕

XS
SM
MD
LG