អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg និយាយថា ប្រទេសអ៊ុយក្រែនគួរបន្តទទួលបានការគាំទ្រដែលខ្លួនត្រូវការដើម្បីប្រយុទ្ធប្រឆាំងបណ្តេញរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន បើមិនដូច្នោះទេ សហរដ្ឋអាមេរិក អឺរ៉ុប និងផ្នែកជាច្រើនទៀតរបស់ពិភពលោក នឹងងាយទទួលរងគ្រោះកាន់តែខ្លាំងថែមទៀត ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្រេចបាននូវអ្វីដែលលោកចង់បានពីប្រទេសអ៊ុយក្រែននោះ»។
សេណារីយ៉ូរបៀបនេះក៏អាចធ្វើឱ្យរបបផ្តាច់ការមួយចំនួននៅផ្នែកផ្សេងៗទៀតក្នុងពិភពលោករៀនសូត្រតាម ដោយដណ្តើមយកទឹកដីពីកន្លែងផ្សេងផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ លោក Stoltenberg និយាយថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើការឆ្លើយតបរបស់អង្គការអូតង់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ លោកបន្ថែមទៀតថា៖ «នៅថ្ងៃនេះ រឿងនេះកំពុងកើតឡើងលើអ៊ុយក្រែន ថ្ងៃស្អែកវានឹងអាចកើតឡើងសម្រាប់កោះតៃវ៉ាន់»។
កាលពីថ្ងៃអាទិត្យនេះដដែល ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា ការធ្លាក់ចុះនៃការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ដល់រដ្ឋាភិបាលប្រទេសលោក នឹងផ្តល់សារដ៏ទន់ខ្សោយមួយ ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានសមាជិកសភានៃគណបក្សសាធារណរដ្ឋរាំងខ្ទប់ មិនឱ្យលោកអាចទទួលបានការយល់ព្រមពីសភា ដើម្បីជួយដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត។
ជាមួយនឹងការរំពឹងទុកលើជំនួយរបស់អាមេរិក ដែលកំពុងស្ថិតក្នុងភាពស្រពិចស្រពិលនោះ លោក Zelenskyy បានជំរុញដល់ប្រទេសអាល្លឺម៉ង់ឱ្យប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីប្រមូលកៀគរពីដៃគូសហភាពអឺរ៉ុប ក្នុងការផ្តល់ជំនួយបន្ថែមទៀតដល់រដ្ឋាភិបាលអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងរុស្ស៊ី។
ក្នុងការឆ្លើយតបទៅនឹងសំណួរមួយដែលថា ការធ្វើសមយុទ្ធយោធាឆ្នាំ ២០២៤ របស់អង្គការអូតង់ ដែលជាសមយុទ្ធយោធាដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក អាចជាដើមហេតុដែលអាចឱ្យមានការតបតពីរបុរសខ្លាំងក្នុងប្រទេសចិននិងរុស្ស៊ីនោះ លោក Stoltenberg និយាយថា អង្គការសម្ព័ន្ធភាពយោធាមួយនេះ ត្រូវបានបង្កើតឡើងដោយការពារបញ្ជៀសសង្គ្រាម មិនមែនដើម្បីបង្កសង្គ្រាមនោះឡើយ»៕
លោក Henry Ridgwell នៃវីអូអេ រាយការណ៍បន្ថែមពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ