ការចាញ់សង្គ្រាមយ៉ាងធ្ងន់ធ្ងររបស់រុស្ស៊ី ក្នុងការចូលឈ្លានពានទឹកដីអ៊ុយក្រែនពេញទំហឹង មានន័យថា រដ្ឋាភិបាលក្រុងមូស្គូឥឡូវនេះមើលឃើញថា អាវុធនុយក្លេអ៊ែរសម្រាប់ប្រើនៅសមរភូមិរបស់ខ្លួន មានសារៈសំខាន់កាន់តែខ្លាំងឡើង ក្នុងការទប់ទល់និងយកឈ្នះអង្គការអូតង់។ នេះបើយោងតាមរបាយការណ៍ថ្មីពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលព្រមានថា លោកខាងលិចត្រូវតែភ្ញាក់ខ្លួនឡើងចំពោះការគំរាមកំហែងនុយក្លេអ៊ែរដែលកើនឡើង។
នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលរថក្រោះទីមួយឆ្លងកាត់ព្រំដែនអ៊ុយក្រែននៅគ្រាចូលឈ្លានពានដំបូង ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ព្រមានពិភពលោកអំពី «ផលវិបាកដែលអ្នកមិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្ត្ររបស់អ្នក» បើនរណាព្យាយាមរារាំងរុស្ស៊ី។ នេះជាការគំរាមដែលគេមើលឃើញជាទូទៅថា វិមានក្រឹមឡាំងគំរាមប្រើអាវុធនុយក្លេអ៊ែរ។
របាយការណ៍ IISS ថា ការភ័យខ្លាចអំពីការកើនជម្លោះជាមួយរុស្ស៊ីបានធ្វើឱ្យលោកខាងលិចស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ (Kyiv)។ ប៉ុន្តែជិតពីរឆ្នាំមកនេះ របាយការណ៍ចារកម្មអាមេរិកដែលមិនចាត់ទុកថាសម្ងាត់ កាលពីខែធ្នូបានប៉ាន់ប្រមាណថា រុស្ស៊ីបានបាត់បង់ទាហានប្រហែល ៣១៥.០០០ នាក់ នៅអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន គឺជិត ៩០% នៃកងទ័ពមុនសង្គ្រាមរបស់ខ្លួន ដែលភាគច្រើនបានស្លាប់ដោយអាវុធដែលបរិច្ចាគដោយលោកខាងលិច។
លោក William Alberque អ្នកនិពន្ធរបាយការណ៍ និងជានាយកផ្នែកយុទ្ធសាស្ត្រ បច្ចេកវិទ្យា និងការគ្រប់គ្រងអាវុធនៅ IISS បាននិយាយថា៖ «ឥឡូវនេះប្រទេសរុស្ស៊ីមានទំនុកចិត្តតិចជាងមុន នៅក្នុងសមត្ថភាពធម្មតារបស់ពួកគេ ដោយសារតែអ្វីគ្រប់យ៉ាងដែលពួកគេបានបាត់បង់នៅក្នុងសង្គ្រាមអ៊ុយក្រែន»។
នោះមានន័យថា អាវុធបរមាណូរយៈចម្ងាយខ្លីរបស់ទីក្រុងមូស្គូ ដែលត្រូវបានគេស្គាល់ថាជាអាវុធនុយក្លេអ៊ែរសម្រាប់ប្រើនៅសមរភូមិ កំពុងកាន់តែមានសារៈសំខាន់សម្រាប់វិមានក្រឹមឡាំង។ នេះបើយោងតាមលោក Alberque ។
លោកថ្លែងថា៖ «រុស្ស៊ីមានកាំជ្រួចរយៈចម្ងាយខ្លី និងមធ្យម កាំជ្រួចបាញ់តាមអាកាស តាមដីគោក និងតាមសមុទ្រ ដែលមានសមត្ថភាពបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរពាសពេញសមូរភូមិ និងអាចបង្កហានិភ័យដល់អូតង់ទាំងមូល។ អូតង់ខ្លួនឯងខ្វះសមត្ថភាពប្រឆាំងនឹងសមត្ថភាពរុស្ស៊ី»។
ការប្រឹងប្រែងទប់ទល់
រុស្ស៊ីបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរសម្រាប់ប្រើនៅសមរភូមិ រួចហើយនៅក្នុងទឹកដី បេឡារុសជាសម្ពន្ធមិត្តរបស់ខ្លួន ដែលមានប្រទេសជិតខាងរបស់អង្គការអូតង់ជាច្រើន។ នៅពាក់កណ្តាលខែមករា បេឡារុសបានប្រកាសថា ខ្លួនបានអនុម័តគោលលទ្ធិយោធាថ្មីមួយ ដោយនិយាយថា «ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរសម្រាប់ប្រើនៅសមរភូមិនៅលើទឹកដីបេឡារុស គឺជាធាតុផ្សំដ៏សំខាន់នៃការទប់ស្កាត់សត្រូវដែលអាចកើតមានពីការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងបេឡារុស។ នេះជាវិធានការដែលយើងនឹងពង្រឹង»។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin នៅថ្ងៃទី ២០ ខែមករា។
របាយការណ៍ IISS ក៏បានរំលេចឯកសារដែលបានចេញផ្សាយកាលពីខែមិថុនាដោយអ្នកវិភាគនយោបាយ និងយោធាដ៏ល្បីរបស់រុស្ស៊ីលោក Sergei Karaganov ប្រធានក្រុមប្រឹក្សាគោលនយោបាយការបរទេសនិងការពារជាតិនៅទីក្រុងមូស្គូ ដែលលោកបានគាំទ្រការវាយប្រហារដោយអាវុធនុយក្លេអ៊ែរសម្រាប់ប្រើនៅសមរភូមិលើរដ្ឋអឺរ៉ុបដែលគាំទ្រអ៊ុយក្រែន ដើម្បីស្តារការទប់ទល់ប្រឆាំងនឹងអូតង់ឡើងវិញ។
នៅក្នុងឯកសារដែលមានចំណងជើងថា «ការសម្រេចចិត្តដ៏លំបាក ប៉ុន្តែចាំបាច់»លោក Karaganov បានសរសេរថា «វាជាការចាំបាច់ដើម្បីជំរុញឱ្យមានសភាវគតិការពារខ្លួនឯងដែលលោកខាងលិចបានបាត់បង់ការជឿជាក់ថា ការប៉ុនប៉ងរបស់ខ្លួនដើម្បីបំបាក់រុស្ស៊ីដោយបំពាក់អាវុធដល់ប្រជាជនអ៊ុយក្រែន គឺខុសបំណងលោកខាងលិចហើយ។ យើងនឹងត្រូវតែបង្ហាញឧត្តមភាពនុយក្លេអ៊ែរដ៏គួរឲ្យជឿជាក់ម្តងទៀតដោយចាប់ផ្តើមបន្ថយលក្ខខណ្ណសម្រាប់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ»។
លោក Karaganov សរសេរថា៖ «តាមសីលធម៌ នេះជាជម្រើសដ៏អាក្រក់មួយដែលយើងនឹងប្រើអាវុធរបស់ព្រះ។ នេះជាការបំផ្លាញខ្លួនយើងដល់ការបាត់បង់ខាងជំនឿសាសនាយ៉ាងធ្ងន់ធ្ងរ។ តែបើយើងមិនធ្វើបែបនេះទេ រុស្ស៊ីមិនត្រឹមតែអាចស្លាប់ទេ ប៉ុន្តែអរិយធម៌មនុស្សជាតិទាំងមូលទំនងជានឹងលែងមានតទៅទៀត។ តាមរយៈការបំបែកឆន្ទៈលោកខាងលិចក្នុងការបន្តការឈ្លានពាន យើងនឹងមិនត្រឹមតែជួយសង្គ្រោះខ្លួនយើង និងទីបំផុតរំដោះពិភពលោកចេញពីនឹមលោកខាងលិចដែលមានរយៈពេលប្រាំសតវត្សប៉ុណ្ណោះទេ តែយើងក៏នឹងជួយសង្គ្រោះមនុស្សជាតិផងដែរ»។
លោក Alberque កត់សម្គាល់ថា អ្នកវិទ្យាសាស្ត្រនយោបាយល្បីៗមួយចំនួននៅក្នុងប្រទេសរុស្ស៊ីបានចូលរួមក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរនេះ បន្ទាប់ពីការបោះពុម្ពផ្សាយឯកសាររបស់លោក Karaganov។
Karaganov ថែមទាំងបានទទួលការយល់ស្របពីប្រធានាធិបតីទៀតផង។ កាលពីខែតុលាឆ្នាំមុន នៅក្នុងសន្និសីទនយោបាយប្រចាំឆ្នាំនៅ Valdai ដែលជាទីក្រុងមាត់បឹងរវាងទីក្រុងមូស្គូ និងSt Petersburg លោក ពូទីនខ្លួនឯងបានជ្រើសរើស Karaganov ក្នុងចំណោមទស្សនិកជន។
លោកពូទីនបាននិយាយទៅកាន់លោក Karaganov ថា៖ «បាទ ខ្ញុំបានអានឯកសារទាំងអស់របស់លោក។ ហើយខ្ញុំមិនគិតថា យើងត្រូវការវាយប្រហារអូតង់ទេ ប៉ុន្តែខ្ញុំគិតថា ខ្ញុំត្រូវការជម្រើសបន្ថែមក្នុងលក្ខខណ្ឌនៃការបង្កើនភាពតានតឹងជាមួយអាមេរិក និងអង្គការអូតង់ដើម្បីទប់ទល់ការគំរាមកំហែង»។
លោក Alberque បាននិយាយបន្ថែមថា ជម្រើសទាំងនោះ ពាក់ព័ន្ធកាន់តែច្រើនឡើងជាមួយអាវុធនុយក្លេអ៊ែរសម្រាប់ប្រើនៅសមរភូមិ។
លោកថ្លែងថា៖ «ពួកគេកំពុងគិតជានិច្ចអំពីថា តើពួកគេនឹងត្រូវការអាវុធនុយក្លេអ៊ែរចំនួនប៉ុន្មាន ដើម្បីធ្វើឱ្យយើងទទួលបាន ដើម្បីធ្វើឱ្យយើងប្តឹងទាមទារសន្តិភាព ដោយមិនធ្វើឱ្យជម្លោះកើនឡើងហួសពីការគ្រប់គ្រងរបស់ពួកគេ គឺនៅពេលដែលយើងចាប់ផ្តើមវាយលុកគោលដៅដែលជ្រៅនៅក្នុងប្រទេសរុស្ស៊ី។ ដូច្នេះតើពួកគេរារាំងកុំឱ្យយើងវាយលុកទីក្រុងម៉ូស្គូដោយរបៀបណា? តើពួកគេរក្សាជម្លោះនៅកម្រិតសមរភូមិដោយរបៀបណា?»។
លោក Alberque ប្រាប់ VOA ទៀតថា៖ «ខ្ញុំគិតថា ពួកគេជឿថា ការប្រើប្រាស់អាវុធនុយក្លេអែរចំនួនតិចអាចគ្រប់គ្រងបាន ហើយអាចជាអត្ថប្រយោជន៍សម្រាប់រុស្ស៊ី។ ដូច្នេះ នេះជាអ្វីដែលយើងនឹងចាត់ទុកថាជាការធ្វើសង្រ្គាមនុយក្លេអ៊ែរដើម្បីឈ្នះ ដើម្បីទម្លាក់សហរដ្ឋអាមេរិក ដើម្បីរារាំងកុំឱ្យសហរដ្ឋអាមេរិកអាចចូលរួមក្នុងសង្រ្គាម ឧទាហរណ៍ រារាំងមិនឱ្យយើងមានលទ្ធភាពដើម្បីជួយពីទ្វីបអាមេរិក»។
បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg បាននិយាយថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយដោយរុស្ស៊ីនៅអ៊ុយក្រែននឹង «ផ្លាស់ប្តូរជាមូលដ្ឋាននៃធម្មជាតិនៃជម្លោះ» ហើយនិងមាន«ផលវិបាក»។
រុស្ស៊ីជឿជាក់ថា អង្គការអូតង់មិនមានការតាំងចិត្តក្នុងការឆ្លើយតបជាមួយនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ នេះបើយោងតាមរបាយការណ៍ IISS ដែលនិយាយថា វាមានសារៈសំខាន់សម្រាប់លោកខាងលិចក្នុងការគិតគូរឡើវិញ អំពីវិធានការទប់ស្កាត់របស់ខ្លួន។
លោក Alberque ថ្លែងថា៖ «តើយើងត្រូវណែនាំប្រព័ន្ធអាវុធនុយក្លេអ៊ែរសម្រាប់ប្រើនៅសមរភូមិដូចគ្នាទេ? ឬតើយើងលប់បំបាត់ជម្រើសរបស់រុស្ស៊ី តាមរយៈប្រព័ន្ធការពារដែនអាកាស និងកាំជ្រួចហ្វូងដែនអាកាសដ៏ទំនើប? ទាំងនេះជារឿងដែលយើងត្រូវដោះស្រាយ។ នេះជាបញ្ហាពិបាកដោះស្រាយថ្មីមួយ ឬជាបញ្ហាមួយដែល យើងមិនបានអើពើជាយូរមកហើយ»៕
ប្រែសម្រួលដោយលោក សុខ ខេមរា
វេទិកាបញ្ចេញមតិ