អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បានធ្វើទស្សនកិច្ចដោយមិនប្រកាសជាមុននៅថ្ងៃព្រហស្បតិ៍នេះទៅកាន់ប្រទេសអ៊ុយក្រែន ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកទៅកាន់ប្រទេសនេះតាំងពីពេលរុស្ស៊ីបានឈ្លានពានប្រទេសនេះជាងមួយឆ្នាំកន្លងមក។
លោក Stoltenberg បានទៅវិមានរំឭកវិញ្ញាណក្ខន្ធសម្រាប់ទាហានដែលបានពលីនៅក្នុងសមរភូមិ និងបានពិនិត្យមើលយុទ្ធោបករណ៍ខូចខាតរបស់រុស្ស៊ីដែលដាក់តាំងបង្ហាញនៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។
លោក Stoltenberg បានបង្ហាញការគាំទ្រជាប្រចាំដល់សមាជិកអង្គការអូតង់ដែលផ្គត់ផ្គង់អាវុធដើម្បីជួយកងទ័ពអ៊ុយក្រែន ហើយលោកបានឃើញសម្ព័ន្ធភាពនេះកាន់តែរីកធំឡើងបន្ទាប់ពីប្រទេសហ្វាំងឡង់បានចូលជាសមាជិកអង្គការអូតង់នៅក្នុងខែនេះដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី។ ពាក្យសុំចូលជាសមាជិករបស់ប្រទេសស៊ុយអែតក៏ត្រូវបានសមាជិកអង្គការអូតង់ស្ទើរតែទាំងអស់យល់ព្រមផងដែរលើកលែងតែប្រទេសហុងគ្រីនិងប្រទេសតួកគី។
ប្រទេសដាណឺម៉ាកនិងប្រទេសហូឡង់ដែលជាសមាជិកអង្គការអូតង់បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេសហការគ្នាទិញនិងកែច្នៃរថក្រោះ Leopard 2-A4 ចំនួន១៤ គ្រឿងសម្រាប់អ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិហូឡង់និងរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាកបាននិយាយថា រថក្រោះទាំងនេះនឹងរួចរាល់ដើម្បីដឹកជញ្ជូនដល់កងទ័ពអ៊ុយក្រែននៅដើមឆ្នាំក្រោយ។ ដាណឺម៉ាកនិងហូឡង់នឹងរួមគ្នាចំណាយថវិកាចំនួន ១៨០ លានដុល្លារសម្រាប់រថក្រោះទាំងនេះ។
អ៊ុយក្រែនបានស្នើសម្ព័ន្ធមិត្តនានាឱ្យផ្ដល់សព្វាវុធធុនធ្ងន់ដូចជារថក្រោះជាដើមដើម្បីអាចទប់ទល់បានជាមួយនឹងកងទ័ពរុស្ស៊ី។
កិច្ចព្រមព្រៀងរថក្រោះនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃពុធថា ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែន។ ប្រព័ន្ធមីស៊ីលនេះគឺជាសព្វាវុធមួយទៀតដែលអ៊ុយក្រែនចង់បានដើម្បីការពារឱ្យបានប្រសើរជាងមុនប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters