ទិវាជាតិនៃការចងចាំ ថ្ងៃ ២០ ខែឧសភា ដែលជាផ្នែកមួយនៃសំណងរដ្ឋប្បវេណីបែបសមូហភាពផ្តល់ដោយសាលាក្តីខ្មែរក្រហម ត្រូវផ្អាកការប្រារព្ធ ដោយសារជំងឺកូវីដ១៩ ។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៨ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីទិវាជាតិនៃការចងចាំ ដោយសម្រេចកំណត់យក ថ្ងៃទី ២០ ខែឧសភា ជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យជាតិ និងមានការឈប់សម្រាកសាធារណៈសម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្តែនៅឆ្នាំ ២០១៩ រដ្ឋាភិបាលបានប្រកាសកាត់ថ្ងៃ ២០ ឧសភា ចេញពីថ្ងៃបុណ្យជាតិ។
ទោះជាថ្ងៃ ២០ ឧសភា ត្រូវបញ្ចូលឬដកចេញពីបញ្ជីថ្ងៃបុណ្យជាតិឈប់សម្រាកក៏ដោយ ក៏ទិវាជាតិនៃការចងចាំនេះត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯក និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដោយមានការសូត្រមន្ត បង្សុកូលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់។ ក្នុងនោះមានការសម្តែងសិល្បៈដែលបង្ហាញពីការធ្វើទារុណកម្ម និងការវាយសម្លាប់របស់ក្រុមខ្មែរក្រហមដែលស្លៀកពាក់ខ្មៅជាដើម។
ប៉ុន្តែនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ ទិវានេះត្រូវបានផ្អាកមិនប្រារព្ធ ដោយសារការកើតមានជំងឺកូវីដ១៩ នៅកម្ពុជា និងទូទាំងពិភពលោក។ នេះបើតាមការអះអាងរបស់អ្នកពាក់ព័ន្ធ។ សម្រាប់ជនរងគ្រោះ ទិវានេះមានសារៈសំខាន់សម្រាប់ពួកគេ ដែលជាការព្យាបាលផ្លូវចិត្តសម្រាប់ពួកគេដែលរងគ្រោះដោយផ្ទាល់ ឬមានក្រុមគ្រួសារ សាច់ញាតិស្លាប់ក្នុងរបបនេះ។
ប្រធានផ្នែកគម្រោងនិងផែនការនៃសារមន្ទីរទួលស្លែង លោក ហង្ស និស្ស័យ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ដោយសារការកើតមានជំងឺកូវីដ១៩ នៅឆ្នាំនេះ សារមន្ទីរទួលស្លែងមិនមានការជួបជុំណាមួយ ដើម្បីប្រារព្ធទិវាជាតិនៃការចងចាំនោះទេ។ លោកបន្តថា សារមន្ទីឧក្រិដ្ឋកម្មមួយនេះនឹងប្រារព្ធឡើងវិញនៅឆ្នាំក្រោយៗ។
«ឆ្នាំនេះ យើងអត់អាចដោយសារយើងនៅក្នុងស្ថានភាពកូវីដ អ៊ីចឹង ហើយយើងអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល។ យើងចៀសវាងការជួបជុំ។ អ៊ីចឹងសារមន្ទីរយើងមានរៀបចំជាព័ត៌មាន និងរូបថតមួយចំនួន បង្ហោះតាម Social Media [បណ្តាញសង្គម] របស់សារមន្ទីរ»។
ចំណែកប្រធានគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯក លោកស្រី រស់ សុភារ៉ាវី លើកឡើងដែរថា សារមន្ទីរជើងឯកដែលសាលារាជធានីភ្នំពេញ យកធ្វើជាទីតាំងសម្រាប់ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ក៏ត្រូវផ្អាកមិនមានការប្រារព្ធ ដោយសារតែជំងឺកូវីដ១៩ នេះផងដែរ។
នៅថ្ងៃអង្គារនេះដែរ លោក សាយ ឈុំ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានចេញលិខិតមួយផ្ញើទៅប្រធានគណៈកម្មាធិការគណបក្សរាជធានី-ខេត្ត អំពីការផ្អាកការប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធ ដែលគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី ២០ ខែឧសភា ដោយសារបញ្ហារាតត្បាតនៃជំងឺកូវីដ១៩។
កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៩ រដ្ឋាភិបាលបានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំចំនួនប្រាំមួយថ្ងៃ សម្រាប់មន្ត្រីរាជការ និយោជិត និងកម្មករ ក្នុងគោលដៅ ដើម្បីបង្កើនការទាក់ទាញការវិនិយោគពីក្រៅប្រទេសបន្ថែមទៀត ក្នុងនោះមានទាំងទិវាជាតិនៃការចងចាំនេះផង។
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ មានប្រសាសន៍ថា ទិវាជាតិនៃការចងចាំជាទិវាមួយដែលមានអត្ថន័យយ៉ាងសំខាន់ក្នុងការទទួលស្គាល់អំពីការបាត់បង់យ៉ាងធំធេង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកបន្តថា រដ្ឋាភិបាលគួរអនុញ្ញាតឲ្យឈប់សម្រាកដើម្បីអាចឲ្យប្រជាពលរដ្ឋប្រារព្ធពិធីផ្សេងៗក្នុងទិវានេះ។
«បើសិនជាយើងអាចធ្វើបានយើងគួរធ្វើនៅក្នុងលក្ខណៈជាតិ ព្រោះវាជាការចងចាំមួយរបស់ជាតិដែលប្រជាជនទាំងអស់ ជាពិសេសអ្នកដែលរស់រានមានជីវិត ៥ លាននាក់ ដែលកំពុងរស់សព្វថ្ងៃនេះ ហើយដែលបានកសាងប្រទេសជាតិនេះ។ ខ្ញុំគិតថា វាមានលក្ខណៈមានអត្ថន័យទូលំទូលាយ ហើយយើងគួរតែមានថ្ងៃមួយដែរ»។
ទិវាជាតិនៃការចងចាំនេះ គឺជាផ្នែកមួយនៃសំណងរដ្ឋប្បវេណីបែបសមូហភាព ដែលផ្តល់ដោយសាលាក្តីខ្មែរក្រហមទៅដល់ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលើកឡើងថា ការសម្រេចលុបចោលការឈប់សម្រាកក្នុងទិវាជាតិនៃការចងចាំនេះ មិនធ្វើឲ្យប៉ះពាល់ដល់សំណងរដ្ឋប្បវេណីដល់ជនរងគ្រោះនិងដើមបណ្តឹងនោះទេ។
«ការប្រារព្ធនេះគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ ដែលពួកគាត់អាចប្រារព្ធជាធម្មតា។ អាជ្ញាធរគឺអាចប្រារព្ធជាធម្មតា ក៏ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកដូចពីមុនទេ»។
បើតាមលោក នេត្រ ភក្រ្តា ក្រៅពីទិវាជាតិនៃការចងចាំ សាលាក្តីខ្មែរក្រហមក៏បានផ្តល់ជាសំណងសមូហភាពជាច្រើនទៀតទៅដល់ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី មានដូចជាការទទួលស្គាល់ជនរងគ្រោះជាដើមបណ្តឹង ការជួយជនពិការដោយសាររបបខ្មែរក្រហម ការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធ ការបញ្ចូលកម្មវិធីផ្សព្វផ្សាយ និងអប់រំ ការផ្សះផ្សាផ្លូវចិត្តពាក់ព័ន្ធនឹងរបបកម្ពុជាប្រជាធិបតេយ្យជាដើម។
លោក យន់ ប៊ីន អាយុ៦៥ឆ្នាំ ជាជនរងគ្រោះមួយរូបក្នុងរបបខ្មែរក្រហម ដែលបានចូលរួមជាសាក្សីនៅសាលាក្តីខ្មែរក្រហម។ លោកបានលើកឡើងថា ការប្រារព្ធទិវាជាតិនៃការចងចាំនេះមានសារៈសំខាន់ណាស់ សម្រាប់លោកនិងប្រជាពលរដ្ឋខ្មែរផ្សេងទៀត។
លោក យន់ ប៊ីន ត្រូវបានខ្មែរក្រហមយកទៅវាយសម្លាប់ក្នុងរណ្តៅ តែលោកនៅរស់រានមានជីវិត និងបានចេញពីរណ្តៅមកវិញ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំនឹកថាថ្ងៃហ្នឹង មិនអាចបំភ្លេចបានទេ ព្រោះវាជាថ្ងៃប្រវត្តិសាស្រ្តខ្មែររបស់ប្រជាជនខ្មែរ ដែលបានបាត់បង់ជីវិតទៅជិត ៣ លាននាក់»។
កាលពីអំឡុងទសវត្សរ៍ ១៩៨០ ទិវាជាតិនៃការចងចាំនេះត្រូវគេហៅថា ជាទិវានៃការចងកំហឹងចំពោះពួកខ្មែរក្រហម ចំពោះអំពើឃោរឃៅរបស់ពួកគេ ក្នុងអំឡុងពួកខ្មែរក្រហម គ្រប់គ្រងប្រទេសកម្ពុជាចាប់ពីខែមេសា ឆ្នាំ ១៩៧៥ ដល់ខែមករា ឆ្នាំ ១៩៧៩ ដែលបណ្តាលឲ្យប្រជាជនខ្មែរប្រមាណ ១ លាន ៧ សែននាក់ស្លាប់ ដោយការសម្លាប់ការបង្អត់អាហារ និងការធ្វើពលកម្មហួសកម្លាំង។
បើតាមឯកសារស្រាវជ្រាវនានា ខ្មែរក្រហមបានកំណត់យកថ្ងៃទី ២០ ឧសភា ជាថ្ងៃអបអរកំណើតសហករណ៍ដែលពួកគេបានបង្កើតឡើងតាំងពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ១៩៧៣ មក។ ក្រោយការឡើងកាន់អំណាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានដាក់ឲ្យអនុវត្តគោលការណ៍ សហករណ៍ដែលបានធ្វើឲ្យប្រជាជនខ្មែរក្លាយជាទាសករដាច់ថ្លៃរបស់អង្គការ ក្រោមការកាប់សម្លាប់យ៉ាងរង្គាល។ នេះជាហេតុផលនៃការជ្រើសរើសយកថ្ងៃទី ២០ ឧសភា ជាទិវា «ចងកំហឹង» ជាមួយក្រុមអតីតមេដឹកនាំខ្មែរក្រហម៕