ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រារព្ធ​ទិវា​ចងចាំ​សម័យ​ខ្មែរក្រហម

បុរសម្នាក់​អុជធូបបួងសួងនៅមជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ក្នុង​ទិវា​ជាតិ​នៃ​ការ​ចងចាំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)
បុរសម្នាក់​អុជធូបបួងសួងនៅមជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ក្នុង​ទិវា​ជាតិ​នៃ​ការ​ចងចាំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

«...គេ​ចង​បណ្តើរ​ យក​ទៅ​ទាំង​ខ្សែៗ​ សម្លាប់​ចោល​ទាំង​រណ្តៅៗ​ ដូច​សត្វធាតុ​ ស្លាប់​ដូច​សត្វ​តិរច្ឆាន​ ស្លាប់​ទាំង​បិទ​ភ្នែក​មិន​ជិត​ ស្លាប់​យ៉ាង​អាណោច​អាធម​ ទុក​ឲ្យ​អ្នក​ដែល​នៅ​រស់​ រង​នូវ​ការ​ស្រណោះ​អាឡោះ​អាល័យ​ ព្រឺព្រួច ​តក់​ស្លុត ​បាក់​ស្មារតី»។

ស្រ្តី​វ័យ​ប្រមាណ​ ៤០ ​ឆ្នាំ​ផ្លាយ​ បាន​អាន​វិយោគក​ថា​នេះ​ក្នុង​ទិវា​ជាតិ​នៃ​ការ​ចង​ចាំដែល​បាន​រំលឹក​ដល់​អតីត​ជន​រង​គ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម ដោយ​ក្តី​រំជួល​ចិត្ត​និង​សោកសៅ។

សាលា​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំថ្ងៃទី ២០ ​ខែ​ឧសភា ​ជារៀង​រាល់​ឆ្នាំ។​ ទិវា​នេះ​ដែល​កាល​ពី​អំឡុង​ទសវត្សរ៍​ទី ​៨០ ​ត្រូវគេ​ហៅថា​ជា​ទិវា​នៃ​ការ​ចង​កំហឹង​ចំពោះ​ពួក​ខ្មែរ​ក្រហម ​ចំពោះ​អំពើ​ឃោរឃៅ​របស់​ពួកគេ​ ដែល​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​ដោយ​ការ​សម្លាប់ ការ​បង្អត់​អាហារ​ និង​ការ​ធ្វើ​ពលកម្ម​ហួស​កម្លាំង ​យ៉ាង​តិច​ ១,៧​ លាននាក់។​

ឈុត​ឆាក​សម្តែង​ពីការ​មក​ដល់​របស់​ក្រុម​ទាហានខ្មែរ​ក្រហម នៅ​ក្នុង​ថ្ងៃប្រារព្ធ​ «ទិវាជាតិ​នៃ​ការ​ចង​ចាំ»​ ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

ឈុត​ឆាក​សម្តែង​ពី​សកម្មភាព​ចាប់ចង និង​សម្លាប់​របស់​ក្រុម​ទាហាន​ខ្មែរ​ក្រហម នៅ​ក្នុង​ថ្ងៃប្រារព្ធ​ «ទិវាជាតិ​នៃ​ការ​ចង​ចាំ» ដែល​បាន​ធ្វើ​ឡើង ​នៅ​មជ្ឈមណ្ឌល​ប្រ​ល័យ​ពូជសាសន៍​ជើងឯក រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

ការ​រំឭក​ឡើង​វិញ​នូវ​ស្ថានភាព​ខ្មៅ​ងងឹត​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក​ ដែល​ជា​សារមន្ទីរ​ដ៏​ធំ​មួយ​នៅ​ភាគ​និរតី​នៃ​ទីក្រុង​ភ្នំពេញ។

លោក​សុទ្ធ​ យីម​ វ័យ ​៦១ ឆ្នាំ​ ជា​អ្នក​ភូមិមួយ​រូប​នៅ​សង្កាត់​ក្រាំងពង្រ​ ខណ្ឌ​ដង្កោ។ លោកត្រូវ​ពួក​ខ្មែរ​ក្រហម​ជម្លៀស​ឲ្យ​រស់​នៅ​ក្នុង​កង​ចល័ត​ក្នុង​ខេត្ត​កណ្តាល។ លោក​បាន​រំលឹក​ពី​ទិដ្ឋភាព​ដែល​លោក​បាន​ជួប​ប្រទះ​ ក្នុង​គ្រា​កាល​នោះ​លោក​មាន​វ័យ​ជា​យុវជន​ពេញ​កម្លាំង​ពលកម្ម។

«សាលារៀន​ក៏​អត់មាន​ដែរ​ កាលពី​ជំនាន់​ប៉ុល ពត​ អត់​មាន​បង្រៀន​ អត់​មាន​ឲ្យ​យើង​រៀន​បាន​ទេ។ ចុះ​បើ​មាន​អ្នក​ចេះណា​បង្រៀន​ អត់​ផង​ហ្នឹង​ បើ​វា​យក​ វា​យក​អ្នក​ចេះ​ទៅ​វាយ​ចោល​អស់​ហើយ​ហ្នឹង​ រួច​ទៅ​រៀន​ស្អី​ទៅ»។

ទំនង​ជា​ដោយសារ​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​នាសម័យ​ខ្មែរ​ក្រហម លោក​សុទ្ធ​ យីម បាន​ថ្លែង​ការពារ​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ ថា​ជា​របប​មួយ​មិន​បាន​រំលោភ​សិទ្ធិ​មនុស្ស​ដូច​សម័យ​ខ្មែរ​ក្រហម​នោះ​ទេ។

​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​ត្រូវ​ផ្តួល​រំលំ ​នៅថ្ងៃទី​៧​ ខែមករា ឆ្នាំ​១៩៧៩ ក្រោម​ការ​គាំពារ​ដោយ​កងទ័ព​វៀតណាម។​

ក្នុង​ពិធី​នៅថ្ងៃ​នេះ​ មាន​ការ​សម្តែង​សិល្បៈ​ដែល​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​ និង​ការ​វាយ​សម្លាប់​ចោល​របស់​ក្រុម​ខ្មែរ​ក្រហម​ដែល​ស្លៀកពាក់​ខ្មៅ។​ រីឯ​ប្រជាពលរដ្ឋ​រង​គ្រោះ​ក៏​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ខ្មៅ​ដែរ។

ពលរដ្ឋ​កម្ពុជា​នាំ​គ្នា​អុជធូប​បួងសួង​ក្នុងឱកាស​ប្រារព្ធ «ទិវាជាតិ​នៃ​ការ​ចង​ចាំ»​ ​ ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​ប្រ​ល័យ​ពូជសាសន៍​ជើងឯក​ រាជធានី​ភ្នំពេញ ថ្ងៃទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

អតីត​អភិបាល​ក្រុងភ្នំពេញ​លោក​ប៉ា សុជាតិវង្ស ឈរនៅកណ្តាលរាប់ពីខាងឆ្វេង ជាប់នឹង​លោក​ឃួង ស្រេង​ អភិបាល​ក្រុង​ភ្នំពេញ​ ចូលរួមពិធីប្រារព្ធ​ «ទិវាជាតិ​នៃ​ការ​ចង​ចាំ»​ ​ ដែល​បាន​ធ្វើ​ឡើង ​នៅ​មជ្ឈ​មណ្ឌល​ប្រ​ល័យ​ពូជសាសន៍​ជើងឯក រាជធានី​ភ្នំពេញ ថ្ងៃទី​២០​ ខែ​ឧសភា​ ឆ្

ពិធី​ដដែល​នេះ​មាន​ការ​សូត្រមន្ត​ បង្សុកូល​ជូន​វិញ្ញាណខន្ត​ដល់​ជន​រង​គ្រោះដែល​បាន​ស្លាប់​បាត់​បង់​ជីវិតនៅ​ក្នុង​ប្រទេស​កម្ពុជា។​ ដោយ​ឡែក​មាន​ជន​រងគ្រោះ​ប្រមាណ ​២ ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​នេះ។

លោករ៉ុង ឈុន​ ដែល​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ មក​ពី​ខាង​កូតា​ គណបក្ស​សង្គ្រោះ​ជាតិ​ និយាយ​ថា​ កម្ពុជា​នាពេលនេះ​ កំពុង​ជាប់​ផុង​ក្នុង​វិបត្តិ​នយោបាយ​ ក្រោយ​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង។

«យើង​មើល​ឃើញ​ថា​ កម្ពុជា​យើង​ជួប​វិបត្តិ​ ជួប​វិបត្តិ​នយោបាយ​ ហើយ​ដែល​អ្នក​កាន់​អំណាច​បាន​ផាត់​ ដូច​ថា​ ផាត់​អ្នក​ប្រឆាំង​ចេញ​ពី​ឆាក​ មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ ដូចជា​ការ​បោះឆ្នោត​ សាកល​ថ្ងៃ​ ២៩ ខែ​កក្កដា​កន្លងទៅ​ថ្មីៗ​នេះ​ ហើយ​មាន​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់»។​

ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​ចងចាំ​ដែល​រៀបចំ​នៅ​ក្នុងមជ្ឈមណ្ឌល​ប្រ​ល័យ​ពូជសាសន៍​ជើងឯក​នោះ​ មាន​មន្ត្រីជា​ថ្នាក់​ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​បាន​ចូលរួម​ ក្នុង​នោះ​មាន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ ឃួង​ ស្រេង​ និង​អភិបាល​ខណ្ឌ​ជា​ច្រើននាក់​ផ្សេង​ទៀត។ ប៉ុន្តែ​មន្ត្រី​ទាំង​អស់​នេះ​មិន​បាន​ធ្វើ​សេចក្តីថ្លែង​ការណ៍​ណាមួយ​ទេ។

បើតាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ការ​ប្រារព្ធ​ទិវា​នេះ​ ក៏បាន​ធ្វើឡើង​នៅ​តាម​បណ្តា​ខេត្ត​នានា​រួមមាន​ ខេត្ត​ព្រះសីហនុ​ ខេត្ត​ត្បូង​ឃ្មុំ​ កំពង់​ចាម​ និង​បន្ទាយមានជ័យ៕

XS
SM
MD
LG