ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋា​ភិបាល​តាំង​ពិព័រណ៍​ដើម្បី​រំឭក​អំពី​កំណើត​គុក​ទួល​ស្លែង


រូបថត​បង្ហាញពី​ការ​តាំង​ពិព័រណ៍ក្រោម​ប្រធាន​បទ «៤០ឆ្នាំ៖ ការ​ចង់​ចាំ​ជន​រង​គ្រោះ ស-២១» ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៩ ខែ​សីហា កន្លង​​ទៅ​នេះ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
រូបថត​បង្ហាញពី​ការ​តាំង​ពិព័រណ៍ក្រោម​ប្រធាន​បទ «៤០ឆ្នាំ៖ ការ​ចង់​ចាំ​ជន​រង​គ្រោះ ស-២១» ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៩ ខែ​សីហា កន្លង​​ទៅ​នេះ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

វិទ្យាល័យ​ទួល​ស្លែង​ដែល​ធ្លាប់​ជា​ថ្នាល​បណ្តុះ​វិជ្ជា​ដ៏​ធំមួយ​ក្នុង​ក្រុង​ភ្នំពេញ​ក្នុង​​មុន​សម័យ​ខ្មែរក្រហម​​បាន​ឆ្លង​កាត់​យុគ​ខ្មៅ​ងងឹត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​កម្ពុជា។ ​វិទ្យាល័យ​នេះ​បាន​ក្លាយ​ជា​គុក​សម្រាប់​ធ្វើ​ទារុណកម្ម​ជម្រិត​ទារ​យក​ចម្លើយ​យ៉ាង​ឃោរ​ឃៅ​របស់​ពួក​ខ្មែរ​ក្រហម។​

បន្ទាប់​មក​គុក​ទួល​ស្លែង​បាន​ក្លាយ​ជា​សារ​មន្ទីរ​ជាតិ​ទួល​ស្លែង។​ រដ្ឋា​ភិបាល​បាន​បង្កើត​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍​មួយ​ដើម្បី​រំឭក​អំពីអំពីគុក​នេះ។​

អ្នក​ស្រី ​ចាន់ គឹមស្រ៊ុន ពាក់​អាវ​ខ្មៅ សក់​ខ្លី​ក្រោម​ត្រចៀក​បន្តិច កំពុង​បី​កូនជាប់​នឹង​ដៃ​ប្រកប​ដោយ​ទឹក​មុខ​ស្រពាប់​ស្រពោន។​ ស្លាក​លេខ​អ្នក​ទោស​ព្យួរ​ជាប់​នឹង​ករបស់​អ្នកស្រី។​ ពួកខ្មែរ​ក្រហម​បាន​ថត​រូប​អ្នកស្រី​ទុក​ដើម្បី​បញ្ចូល​ក្នុង​បញ្ជី​អ្នក​ទោស​នៃ​មន្ទីរ​ស២១ ​ដែល​គេ​ស្គាល់​ថា​គុក​ទួល​ស្លែង។ ​រូប​ថត​របស់​ជន​រង​គ្រោះ​រូប​នេះ​ត្រូវ​គេ​ដាក់​តាំង​នៅ​ចន្លោះរូប​ថត​ធំៗ​ចំនួន​ពីរ​ផ្ទាំង​ផ្សេង​ទៀត ​នៅ​ក្នុង​សាលតាំង​ពិព័រណ៍​ក្នុង​សារមន្ទីរជាតិ​ទួល​ស្លែង។

ឈ្មោះ​ជន​រង​គ្រោះ​សរុប​ចំនួន​១៨០​នាក់តំណាង​ឲ្យ​អ្នក​ទោស​ក្នុង​គុក​ទួល​ស្លែង​យ៉ាង​តិច១២៣៨០​នាក់ ​ដែល​ត្រូវ​បាន​សម្លាប់​ ត្រូវ​បាន​គេ​ផ្តិត​លើ​ផ្ទាំង​សំពត់​ប្លាស្ទិក​ក្នុង​ស៊ុម​កញ្ចក់​ក្បែរ​នឹង​រូប​ថត​អ្នក​ស្រី​ចាន់ គឹមស្រ៊ុន ​ដែល​កំពុង​បីកូន​តូច​មួយ​ដេក​លក់​នៅ​លើ​ដៃ​ម្តាយ។ ​នៅ​ក្នុង​ស៊ុម​កញ្ចក់​ម្ចាង​ទៀត​ ​មាន​ពាក្យ​បួង​សួង​មួយ​ផ្ទាំង​របស់​ភ្ញៀវ​ទេសចរណ៍​ ដែល​មាន​ខ្លឹម​សារ​ជា​រួម​ចង់​ឲ្យ​ជន​រង​គ្រោះ​ក្នុង​គុក​ទួល​ស្លែង​ទាំង​អស់​ស្ថិត​ក្នុង​សុគតិភព។​

ទាំង​នេះ​គឺជា​ទិដ្ឋ​ភាព​មួយ​ចំនួនក្នុង​ពិធី​តាំង​ពិព័រណ៍​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ក្នុង​សារ​មន្ទីរ​ជាតិ​ទួល​ស្លែង។ ​ពិធី​តាំង​ពិព័រណ៌​នេះ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី​១៩​ខែ​សីហាក្រោម​ប្រធាន​បទ​«៤០​ឆ្នាំ៖ ​ការ​ចង់​ចាំ​ជន​រង​គ្រោះ​ស-២១»​ ដើម្បី​រំឭក​ដល់ការ​បង្កើត​សារមន្ទីរ​ជាតិ​ទួល​ស្លែង។​ សាធារណជន​អាច​ចូល​ទស្សនា​ការ​តាំង​ពិព័រណ៍​នេះ​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ។​

លោក​ ហង្ស និស្ស័យ​ ប្រធាន​ផ្នែក​គម្រោង ​និង​ផែនការ​ និង​ជា​អ្នក​សម្រប​សម្រួល​កម្ម​វិធី​អប់រំ ​និង​ពិព័រណ៍​នេះ ​ឲ្យ​ដឹង​ថា​ ពិធី​តាំង​ពិព័រណ៍​នេះ​គឺដើម្បី​បង្ហាញ​ដល់​សាធារណ​ជន​ឲ្យ​ដឹង​ពី​កំណ​កំណើត​នៃ​សារ​មន្ទីរ​ជាតិ​ទួល​ស្លែង​និង​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ឡើង​ដោយ​ពួក​ខ្មែរ​ក្រហម​នៅ​ទី​នេះ។​

«យើង​ដឹង​ហើយ​ថា ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​ក្រហម​មាន​អ្នក​ស្រាវជ្រាវ​ច្រើន​ណាស់​ ស្ទើរ​តែ​ទាំង​អស់​ហើយ។​ ប៉ុន្តែ​ចំពោះ ​ប្រវត្តិ​សារ​មន្ទីរ​ដែល​ការ​កកើត​ ការ​រៀប​ចំ​ រហូត​មក​ដល់​៤០​ឆ្នាំមាន​ការងារ​អី​ខ្លះ​ដែល​យើង​អនុវត្ត​ ខ្ញុំ​ជឿ​ថា ​នៅ​មាន​កន្លែង​ចំណុច​ចំណេះ​ដឹង​ដែល​កូន​សិស្ស ​យុវជន​ និង​ប្រជាជន​អាច​មក​មើល​ស្វែង​រក​បន្ថែម​ទៀត»។​

លោក ហង្ស និស្ស័យ​ ប្រធានផ្នែក​គម្រោង និង​ផែនការ​ និង​ជា​អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ និង​ពិព័រណ៌​ «៤០ឆ្នាំ៖ ការ​ចងចាំ​ជន​រង​គ្រោះ ស-២១» ថ្លែងប្រាប់ VOA ពីពិព័រណ៌​។ (កាន់ វិច្ឆិកា/VOA)
លោក ហង្ស និស្ស័យ​ ប្រធានផ្នែក​គម្រោង និង​ផែនការ​ និង​ជា​អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ និង​ពិព័រណ៌​ «៤០ឆ្នាំ៖ ការ​ចងចាំ​ជន​រង​គ្រោះ ស-២១» ថ្លែងប្រាប់ VOA ពីពិព័រណ៌​។ (កាន់ វិច្ឆិកា/VOA)

សម្រាប់​លោក​ហង្ស និស្ស័យ​ពិព័រណ៍​នេះក៏​ដើម្បី​ឧទ្ទិស​ដល់​ការ​រក្សា​សារមន្ទីរ​ជាតិ​ទួល​ស្លែងជា​កេរ​តំណែល​សម្រាប់​យុវ​ជន​ជំនាន់​ក្រោយ​ផង​ដែរ ​ជា​ពិសេស​វា​ទាក់​ទង​នឹង​ការ​គោរព ​ការ​ចងចាំអំពី​ជន​រង​គ្រោះ។​

នៅ​ក្នុង​ពិព័រណ៌​នេះ ​មាន​ការ​ដាក់​តាំង​នូវ​រូប​ភាព ​រូប​ថត ​សំណេរ គ្រឿង​សម្ភារៈ​ផ្សេងៗ​ដែល​ជាតឹកតាង​បង្ហាញ​ពី​ស្ថានភាព​របស់វិទ្យាល័យ​ទួល​ស្លែង​មុន​ឆ្នាំ​១៩៧៥ ​មុន​ពួក​ខ្មែរ​ក្រហមបាន​ប្រែក្លាយ​សាលា​រៀន​នេះ​ទៅ​ជា​មន្ទីរ​ឃុំឃាំង​នៅ​ឆ្នាំ១៩៧៦។​ ​មន្ទីរ​ឃុំ​ឃាំនេះ​ត្រូវពួក​ខ្មែរ​ក្រហម​ប្រើ​ដើម្បី​ធ្វើ​ទារុណកម្ម​ជម្រិត​សួរ​ចម្លើយ​អ្នក​ទោស​ដែល​ពួក​គេ​ចោទ​ថា​ បាន​ក្បត់​អង្គការ​ខ្មែរក្រហម​ ឬ​ចោទ​ថា​ ជា​ចារកម្ម​របស់​ភ្នាក់​ងារ​បរទេស​ប្រឆាំង​នឹង​របប​ខ្លួន ​មុន​នឹង​អ្នក​ទោស​ទាំង​នោះ​ត្រូវ​សម្លាប់​នៅ​ក្នុង​គុក​នេះ ​ឬ​យក​ទៅ​សម្លាប់​ចោល​នៅ​វាល​ពិឃាដ​បឹង​ជើង​ឯក។ ​រូប​ថត​មួយ​ចំនួន​បង្ហាញ​ពីការ​ពុះ​ខណ្ឌបន្ទប់​រៀន​ទៅ​ជាបន្ទប់​តូចៗ​ដើម្បី​ឃុំឃាំង​អ្នក​ទោស​ដែល​គ្មាន​កំហុស។​

ក្រៅ​ពី​នោះ​មាន​រូប​ថត​ស្តី​ពី​សកម្ម​ភាព​អភិរក្ស​ឯកសារ​ក្នុង​បណ្ណសារ​ដ្ឋាន ​និង​រូប​ថត​ស្តីពី​ដំណើរ​ការ​ការ​កាត់​ទោស​អតីត​មេដឹក​នាំ​ខ្មែរក្រហម​ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ។​

លោក​ Ing Phythanara ​ជនជាតិ​ខ្មែរ​កាត់​បាំរាំង ​ធ្លាប់​បាន​មក​ទស្សនា​សារ​មន្ទីរ​ជាតិ​ទួល​ស្លែង​កាល​ពី​ជាង១០​ឆ្នាំ​មុន។ ​លោក​បាន​នឹក​រឭក​ពី​ការ​ដែល​លោក​ត្រូវ​បង្ខំចាក​ចេញ​ពី​កម្ពុជា​ពេល​ខ្មែរក្រហម​ចូល​កាន់កាប់​អំណាច។​

«គឺ​ជា​ការ​រំឭក​កុំ​ឲ្យ​ភ្លេច។ ​មាន​មនុស្ស​ខ្លះ​អាច​មាន​ចិត្ត​អាក្រក់​មែនទែន​ ​ធ្វើ​បាប​ប្រជាជន​ខ្លួន​ឯង។ ​យើង​មិន​ត្រូវ​ភ្លេច​ទាំង​អស់»។​

លោក Jose Puente ​អ្នក​ទេសចរ​មក​ពី​ប្រទេស​ម៉ិចស៊ិក​ គិត​ថា​ ​ទួល​ស្លែង​គឺ​ជា​កន្លែង​រំឭក​ពី​សោកនា​ដកម្ម​ដែល​បាន​កើត​ឡើង។​

«ខ្ញុំ​គិត​ថា ​សារមន្ទីរ​នេះ​សំខាន់ ​និង​ទាក់ទាញ​អារម្មណ៍​យ៉ាង​ខ្លាំង។​ វា​សំខាន់​ពី​ព្រោះ​ថា ​ហេតុផល​នៅ​ពី​ក្រោយ​សារមន្ទីរ​នេះ​គឺ​ដើម្បី​បង្ហាញ​ថា​ ពេល​ខ្លះ​មនុស្ស​អាច​មាន​ភាព​ព្រៃផ្សៃ។ ​ហើយ​វា​សំខាន់​នៅ​ក្នុង​ការ​មាន​កន្លែង​រំឭក​ដូច​នេះ​ដើម្បី​កុំ​ឲ្យ​រឿង​នេះ​កើត​មាន​ឡើង​សារ​ជា​ថ្មី»។​

យូរៗម្តង​ អ្នក​ទស្សនាមួយ​ឬពីរ​នាក់​បាន​ចូល​មក​កាន់​បន្ទប់​តាំង​ពិព័រណ៌។ យោង​តាម​របាយ​ការណ៍នៃ​ការ​ចុះ​បញ្ជី​អ្នក​ទស្សនា ​មាន​អ្នក​ទស្សនា​ពិព័រណ៍​ចំនួន​ជាង​២០០​នាក់​ ប្រាំ​ថ្ងៃ​ក្រោយពី​ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ទី​១៩​ខែ​សីហា។​ ក្នុង​ចំណោម​នោះ​ភាគ​ច្រើន​គឺ​ជាជនជាតិ​បរទេស ដោយ​សារ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​ទស្សនា​នៅទីនោះ​មាន​ចំនួន​តិច​តួច។​

លោក​ Hadrien Cornut ​ជានិស្សិត​ពេទ្យអាយុ​២៨​ឆ្នាំមកពី​ក្រុង​ប៉ារីស ​ប្រទេស​បារាំង។ ​លោក​ចាប់​អារម្មណ៍​អំពី​ដំណើរ​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

«វា​ជា​រឿង​អាក្រក់​ណាស់​ ដែល​ប្រជាជន​ត្រូវ​រង់ចាំ​ជិត៤០​ឆ្នាំ​ដើម្បី​ការ​កាត់ក្តី​ពួក​ខ្មែរ​ក្រហម។ ​ប៉ុន្តែ​ ខ្ញុំ​ចង់​និយាយ​ថា ​យឺតយ៉ាវ​ក៏​នៅ​តែ​ល្អ​ជាង​មិន​ធ្វើ​សោះ​ដែរ។​ វា​ត្រូវ​តែ​មាន​ការ​កាត់ក្តី ​បើ​មិន​អ៊ីចឹង​ទេ​ គឺ​នឹង​មាន​ការ​បាត់បង់​ភាព​ជឿជាក់​លើ​មនុស្ស​ជាតិ»។​

ទោះជា​យ៉ាងណា ​អតីត​ប្រធាន​គុក​ទួលស្លែង​ឈ្មោះ​ ​កាំង ហ្គេចអ៊ាវ​ ​ហៅ​ ​ឌុច​ ​ត្រូវ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(ECCC)​ ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ឃោរឃៅ​ចំពោះ​ជន​ស្លូត​ត្រង់​ខ្មែរ៕

XS
SM
MD
LG