ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ប្តេជ្ញា​បន្ត​បាតុកម្ម លុះត្រាតែ​មាន​ដំណោះស្រាយ​អាច​ទទួល​យក​បាន


សកម្មភាព​កូដកម្ម​នៅ​ខាង​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
សកម្មភាព​កូដកម្ម​នៅ​ខាង​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ទោះបី​ជា​សាលា​រាជធានី​ភ្នំពេញ​ ព្រមាន​មិន​ឲ្យ​មាន​ការ​ប្រមូលផ្តុំ​ ក្រោយ​ពី​មាន​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​កាល​ពីថ្ងៃអង្គារ​ កម្មករ​និយោជិត​រាប់​សិប​នាក់​ នៅ​បន្ត​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​លើ​វិវាទ​ការ​ងារ​ជាមួយ​ក្រុមហ៊ុន ណាហ្គាវើលដ៍​ ដែល​មាន​ប្រតិបត្តិការ​កាស៊ីណូ​នៅ​ប្រទេស​កម្ពុជា​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​ ចុះ​កាល​ពី​ថ្ងៃ​ទី​២១ ខែធ្នូនេះ​ តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ ​ត្រូវ​ផ្សព្វផ្សាយពី​ស្មារតី​នៃ​កិច្ចប្រជុំ​ចុងក្រោយ​នេះដល់​កម្មករ​និយោជិត​ «ឲ្យ​រំសាយ​ការ​ប្រមូល​ផ្តុំ​ជា​ដាច់ខាត» ដើម្បី​ទុក​ពេល​ដោះស្រាយ​ជាមួយ​អាជ្ញាធរ។ ហើយ​ការ​រំសាយ​នេះ​ គឺទុក​លទ្ធភាពឲ្យ​កម្មករ​និយោជិត​ជា​អ្នកសម្រេច​ចិត្ត។

សកម្មភាព​កូដកម្ម​នៅ​ខាង​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
សកម្មភាព​កូដកម្ម​នៅ​ខាង​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

​ប៉ុន្តែ​នៅ​ថ្ងៃ​ពុធនេះ កម្មករ​មួយ​ចំនួន​បាន​ថ្លែង​ក្នុងពេល​ធ្វើបាតកម្មនៅ​មុខកាស៊ីណូ​ណាហ្គាវើលដ៍​ថា ពួកគេ​មិន​អាច​បញ្ឈប់​ការ​តវ៉ា​បាន​ទេ​ ល្គឹកណា​ពួកគេ​មិន​បាន​ដំណោះស្រាយ​ ស្របតាម​ការ​ទាមទារ​របស់​ពួកគេរយៈ​ពេល​ជិត​មួយ​ឆ្នាំមក​នេះ។

កញ្ញា ម៉ឺន​ សៀកហៀង អតីត​បុគ្គលិក​ផ្នែកកាស៊ីណូប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​អស់រយៈពេល​ពីរ​ឆ្នាំ​មក​នេះ និង​ជា​អ្នកចូលរួម​បាតុកម្ម​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​ស្ថិត​នៅ​ក្បែរ​រដ្ឋសភា​ជាតិ​ បាន​ប្រាប់​វីអូអេ​ថា កញ្ញា​ និង​បាតុករ​ដទៃ​ នឹង​មិន​បញ្ឈប់​ការ​តវ៉ា​នោះ​ទេ ប្រសិន​បើ​មិន​ទទួល​បាន​ដំណោះស្រាយ​សមស្រប។

កញ្ញា ម៉ឺន សៀកហៀង អតីត​បុគ្គលិក​ផ្នែក​កាស៊ីណូប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​អស់រយៈពេល​ពីរ​ឆ្នាំ​មក​នេះ និង​ជា​កូដករ​មួយរូប​ ចូលរួម​ក្នុង​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
កញ្ញា ម៉ឺន សៀកហៀង អតីត​បុគ្គលិក​ផ្នែក​កាស៊ីណូប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​អស់រយៈពេល​ពីរ​ឆ្នាំ​មក​នេះ និង​ជា​កូដករ​មួយរូប​ ចូលរួម​ក្នុង​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

«បើ​ក្រុមហ៊ុន​អត់​ព្រម​ដោះស្រាយ​ឲ្យ​ពួកខ្ញុំ​ទេ​ ពួកខ្ញុំ​នៅ​តែ​បន្ត​ការ​តវ៉ា​អញ្ចឹង។ រហូត​ដល់​ក្រុមហ៊ុន​ចេញ​មុខ​ដោះស្រាយ»។

ក្នុងពេល​ធ្វើ​បាតុកម្ម​ជុំទី​ប្រាំ​នៅ​ថ្ងៃពុធនេះ​ បាតុករ​មួយចំនួន​ បាន​លើក​បដា​ ដែល​បង្ហាញ​ ​ការ​ទាមទារឲ្យ​ក្រុម​ហ៊ុន​ណាហ្គា​វើល​ដ៍​ត្រូវទទួល​យកបុគ្គលិក​៣៦៥​នាក់​ឲ្យបាន​ចូល​ធ្វើការ​វិញ​ និងថា​ ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​ ត្រូវផ្តល់​ប្រាក់​ឈ្នួល​ស្មើៗ​គ្នា​ដល់​បុគ្គលិក​ក្នុង​ស្រុក​ធៀប​នឹង​បុគ្គលិក​បរទេស។ ​

បាតុករ​មួយ​រូប​ទៀត​ គឺ​អ្នក​ស្រី​ ចាន់ សេរីសួគ៌ អាយុ ៣១​ឆ្នាំ អតីតបុគ្គលិកផ្នែក​សម្អាត​សណ្ឋាគារ​ប្រចាំ​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​អស់​រយៈពេល​ ៧​ឆ្នាំ បាន​រក្សា​ជំហរ​បន្ត​តវ៉ា​ ស្រប​ពេល​បង្ហាញ​ពី​ការ​លំបាក​មួយ​ចំនួន​ បន្ទាប់​ពី​អ្នកស្រី​បាន​បាត់​បង់​ការងារ។

អ្នកស្រី ចាន់ សេរីសួគ៌ អាយុ​៣១ឆ្នាំ អតីត​ផ្នែក​សម្អាត​សណ្ឋាគារ​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​អស់​រយៈពេល​ ៧​ឆ្នាំ និង​ជា​កូដករ​មួយ​រូប ចូលរួម​ក្នុង​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​រាជធានីភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
អ្នកស្រី ចាន់ សេរីសួគ៌ អាយុ​៣១ឆ្នាំ អតីត​ផ្នែក​សម្អាត​សណ្ឋាគារ​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​អស់​រយៈពេល​ ៧​ឆ្នាំ និង​ជា​កូដករ​មួយ​រូប ចូលរួម​ក្នុង​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​រាជធានីភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

«ច៎ា អស់​រយៈពេល​ ៨​ខែ​ហើយ​ដែល​ក្រសួង​អត់​ព្រម​មក​ចរចា​ជាមួយ​សហជីព​ និងជាមួយ​ក្រុមហ៊ុន។ ខ្ញុំ​មាន​ទុក្ខ​លំបាក​ណាស់​បង​ ធនាគារ​ ហើយ​នៅ​កូន​តូច​ កូន​ខ្ញុំ​ទើប​បាន​តែ​មួយ​ខួប​។ គាត់​បៅ​ទឹកដោះគោ​បង។ រយៈ​ពេល​ ៨​ខែ​ជាង​ដែល​ក្រុមហ៊ុន​បញ្ឈប់​យើង​ហ្នឹង​គឺ​ ខ្ញុំ​មាន​ផលលំបាក​ខ្លាំង​មក​បង ពី​ព្រោះ​អី​នៅ​បន្ទុក​កូន​ខ្ចី​នៅ​ឡើយ​»។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​របស់សាលា​រាជធានី​ភ្នំពេញ​ ក្នុងពេល​មាន​ការ​ប្រជុំ​រវាង​ភាគីពាក់​ព័ន្ធ​រក​ច្រក​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ​ កម្មករ​និយោជិត​«ពុំ​បាន​រំសាយ​ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​សម្តែង​មតិ​ដោយ​ខុស​ច្បាប់​តាមការ​ស្នើ​សុំរបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​របៀប​រៀបរយ​សាធារណៈ»។

​អភិបាល​រង​រាជធានី​ភ្នំពេញ​លោក កើត​ ឆែ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោកសុំ​បង្វែរ​សំនួរ​ពាក់ព័ន្ធ​នឹង​ការ​បន្ត​ធ្វើ​បាតុកម្ម​ទៅ​កាន់​សហជីព​តំណាង​ឲ្យ​កម្មករ​នយោជិត​ និង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​បន្ត​ប្រើ​វិធានការ​អប់រំ​ក្នុង​ករណី​មាន​បាតុកម្មបន្ត​ទៅពេល​ខាង​មុខ​ពី​សំណាក់​កម្មករ​នយោជិតក្រុមហ៊ុន​ណាហ្គាវើលដ៍។ ​

លោក​បាន​ថ្លែង​ថា៖ «នេះ​ជា​ការងារ​ដែល​ បើ​សិន​ជា​សាលា​រាជធានី​ភ្នំពេញ​ចង់​ចាប់​ខ្លួន​ យើង​ចាប់​ខ្លួន​តាំង​ពី​ដើម​ទី​មក​ហើយ។ មិនមែន​អញ្ចឹង​ទេ។ អញ្ចឹង​ប្អូន​ឯង​មើល​ទៅ ច្បាប់​ស្តី​ពី​បាតុកម្ម​ដោយ​សន្តិវិធី​តើ​វិធានការ​ច្បាប់​ដែល​ត្រូវ​អនុវត្ត​មាន​អ្វី​ខ្លះ។ អញ្ចឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​ចេះ​ប៉ះដៃ​យក​ដៃ យក​ជើង​ប៉ះ​ជើង​នោះ​ទេ។ គឺ​យើង​ប្រើ​វិធានការ​អប់រំ​ទាំងអស់។ អញ្ចឹង​មក​ដល់​ឥឡូវ​នេះ​ យើង​ប្រើ​វិធានការ​អប់រំ​ដដែល»។

សកម្មភាព​ល្បាត​អំឡុងពេល​មាន​កូដកម្មនៅ​ខាង​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
សកម្មភាព​ល្បាត​អំឡុងពេល​មាន​កូដកម្មនៅ​ខាង​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

យ៉ាងណាក៏ដោយ​ លទ្ធផល​ប្រជុំ​នៅ​សាលារាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ បាន​បង្ហាញ​ថា​ តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​យល់​ព្រម​ធ្វើ​បញ្ជី​ឈ្មោះ​កម្មករ​និយោជិត​ចំនួន​៣៦៥​នាក់​ ដោយ​មានការ​បែងចែក​ជា​ពីរ ​គឺ«​យល់​ព្រម​ទទួល​យក​សំណង​ ដើម្បី​បញ្ឈប់​ពី​ការងារ​ ប៉ុន្តែ​ស្នើ​សុំ​គោលការណ៍​ទូទាត់​ ឲ្យ​បាន​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់​ស្តី​ពីការងារ​» ​និង​«អ្នកស្នើសុំ​ចូល​បម្រើការងារ​វិញ​»។​

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​និង​ជា​តំណាងភាគី​ចរចា​មួយ​រូប កញ្ញា​ ឈឹម ស៊ីថរ បាន​និយាយថា ​កម្មករ​និយោជិត​នឹង​បន្ត​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ស្រប​ពេល​កំពុង​ស្វះ​សែ្វង​រក​ដំណោះស្រាយ​លើ​វិវាទ​ជាមួយ​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ ​

«បើ​សិន​ជា​សាលារាជធានី​ភ្នំពេញ​យល់​ឃើញ​ថា​ ជា​បាតុកម្ម​ខុស​ច្បាប់។ លោក​ពិចារណា​តាម​គតិ​តាម​មន​សិការ​ត្រឹមត្រូវ​ទៅ ចាត់​វិធានការ​ដែល​សមគួរ​នឹង​ចាត់វិធានការ​ចុះ។ ដោយ​ឡែក​ខាង​កម្មករ​និយោជិត​គាត់​បញ្ជាក់​គោល​ជំហរ​ដដែល​ថា នេះ​ជាការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី»។

មេដឹកនាំ​សហជីព​រូបនេះ​ បន្ថែម​ថា​ ការដោះស្រាយ​វិវាទ​ការងារ​ដែល​ផ្តើម​ចេញ​ពីការ​បញ្ឈប់​បុគ្គលិក​ជាង​១៣០០​នាក់​នោះ​ មិន​អាច​ធ្វើ​សម្រេច​បាន​ឆាប់ៗទេ​ ដោយ​លើក​ហេតុផល​ថា ក្រោយ​ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃអង្គារ​នោះ កិច្ច​ប្រជុំបាន​ត្រឹម​ផ្តោត​តែ​មួយ​ចំណុច​ប៉ុណ្ណោះ​ ពាក់ព័ន្ធ​នឹង​បុគ្គលិក​ចំនួន​៣៦៥​នាក់​ ដែល​កំពុង​ទាមទារ​ឲ្យ​បាន​ត្រឡប់​ចូល​ធ្វើ​ការ​វិញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG