ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ក្រុង សុំឲ្យ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ផ្អាក​កូដកម្ម រង់ចាំ​ការដោះស្រាយ​ជម្លោះ


រូបឯកសារ៖ កាស៊ីណូ NagaWorld នៅក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤។
រូបឯកសារ៖ កាស៊ីណូ NagaWorld នៅក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤។

តំណាង​សហជីព​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ (NagaWorld)​ បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សាលា​រាជធានី​ភ្នំពេញ​ មិន​ចង់​ឃើញ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត ​និង​ស្នើ​ឲ្យ​កម្មករ​និយោជិត ​ផ្តល់​ឱកាស​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ មាន​ការ​ជជែក​គ្នា​ជាមួយ​ភាគី​ក្រុមហ៊ុន​ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​ការងារ​កម្មករ​និយោជិត​ដោយ​បង្ខំ។​

គិត​ចាប់​ពី​ចុង​ខែ​មេសា​មក​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​ NagaCorp​ ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ទីក្រុង​ហុងកុង​ បាន​បញ្ឈប់​ការងារ​កម្មករ​និយោជិត​ចំនួន​ជាង​ ១៣០០​នាក់។​

នៅ​ព្រឹកថ្ងៃ​សុក្រ​នេះ​ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​នៅ​សាលា​រាជធានី​ភ្នំពេញ ​និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​នោះ​ ក៏​មាន​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ផង​ដែរ។​

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ កញ្ញា​ឈឹម សីថរ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បន្ទាប់ពី​ការ​ប្រជុំ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ពុំ​មាន​លទ្ធផល​ជាក់​លាក់​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​សម្រាប់​ជម្លោះ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទេ ​ប៉ុន្តែ​សាលា​រាជធានី ​ស្នើ​សុំកម្មករ​និយោជិតកុំ​ឲ្យធ្វើ​កូដកម្ម​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ សប្តាហ៍​នេះ។​

«និយាយ​រួម​ទៅ​អត់​មាន​និយាយ​ពី​ដំណោះ​ស្រាយ​ទេ​ និយាយ​រឿង​តែ​ស្នើ​សុំ​ឲ្យ​ផ្អាក​ ហើយទុក​ឱកាស​ឲ្យ​សាលា​ក្រុង​ក្នុង​ការ​ទៅ​រក​ដំណោះ​ស្រាយ​ ជជែក​ជាមួយ​ក្រុមហ៊ុន។​ហើយ​បើ​សិន​ជា​សាលាក្រុង​រក​មិន​បាន​ទេ​ អាហ្នឹង​ចាំ​ធ្វើ​កូដកម្ម​ទៅ»។​

មេ​ដឹកនាំ​សហជីព​រូ​បនេះ​ឲ្យ​ដឹង​ទៀត​ថា​ ខាង​សហជីព​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​ការ​ធ្វើ​កូដកម្ម​ នឹង​ត្រូវ​ផ្អាក​នោះ​ទេ​ ព្រោះ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​កម្មករ​និយោជិត។​

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូណាហ្គា​វើសដ៍ នៅ​រាជធានី​ភ្នំពេញ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូណាហ្គា​វើសដ៍ នៅ​រាជធានី​ភ្នំពេញ​ ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​ការងារ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)

បើ​តាម​សេចក្តី​ប្រកាស​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កម្មករ​និយោជិត​ចំនួន​ ១៣២៩​នាក់​ ត្រូវ​បាន​បញ្ឈប់​ពីការងារ​ដោយ​បង្ខំ​ នៅ​ចុង​ខែ​មេសា ​ឆ្នាំ​២០២១ ​ក្រោម​ហេតុផល​វិបត្តិ​កូវីដ១៩ ​ដោយ​ច្រាន​ចោល​ការ​ចរចា​ជាមួយ​សហជីព​អំពី​នីតិវិធី​ពាក់​ព័ន្ធ​ផ្សេងៗ​តាម​ផ្លូវ​ច្បាប់។​

សហជីព​បន្ត​ថា ​ក្រុមហ៊ុន​ថែម​ទាំង​ជ្រើសរើស​ឈ្មោះ​កម្មករ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ ដែល​ក្នុង​នោះ​មាន​ថ្នាក់​ដឹកនាំ​សហជីព​ និង​សមាជិក​សហជីព​ភាគ​ច្រើន ​ដោយ​មិន​គោរព​ច្បាប់​ស្តីពី​ការងារ​ និង​បទដ្ឋាន​អន្តរជាតិ។ ​សហជីព​លើក​ឡើង​ទៀត​ថា ​ តាម​រយៈ​ការ​បញ្ឈប់​ដោយ​បង្ខំ​នេះ​ កម្មករ​មួយ​ចំនួន​ធំ ​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក​ប្រាក់​សំណង​មិន​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ ដោយ​សារ​ពួកគេ​មាន​តម្រូវ​ការ​ចាំបាច់​ខាង​ហិរញ្ញ​វត្ថុ​ក្នុង​គ្រួសារ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ មាន​កម្មករ​និយោជិត​ចំនួន​៣៦៥នាក់​ ក្នុង​ចំណោម​កម្មករ​ដែល​ត្រូវ​បញ្ឈប់​ជាង​១៣០០​នាក់​នោះ​ កំពុង​ទាមទារ​ចូល​ធ្វើការ​វិញ។​

សេចក្តី​ប្រកាស​របស់​សហជីព​បាន​លើក​ឡើង​ថា៖​ «វិវាទ​នេះ ​សហជីព​ បាន​ព្យាយាម​ដោះស្រាយ​ដោយ​សន្តិវិធី​ ទាំង​នៅ​ក្នុង​ក្រុមហ៊ុន​ នៅ​ក្រសួង​ការងារ​ និង​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ អស់​រយៈ​ពេល​ជាង​៨​ខែ​ នៅ​តែ​មិន​មាន​ដំណោះស្រាយ»។​

សេចក្តី​ប្រកាស​បន្ថែម​ថា ​ដោយ​គ្មាន​ជម្រើស​បន្ត​ទៀត​ សហជីព​បាន​ធ្វើ​ការ​ប្រជុំ​ជាមួយ​សមាជិក​ ហើយ​បោះឆ្នោត​សម្ងាត់​សម្រេច​ធ្វើ​កូដកម្ម​ ដោយ​មាន​កម្មករ​និយោជិត​ចូលរួម​ចំនួន​ ១៦៥៣​នាក់​ ហើយ​សំឡេង​គាំទ្រ​ធ្វើ​កូដកម្ម​មាន​ជាង​ ៩៧​ភាគរយ​ ដើម្បី​ទាម​ទារ​ដំណោះស្រាយ​ចំនួន​ ៩​ចំណុច​ធំៗ​ ដែល​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​មិន​អនុវត្ត​តាម​ច្បាប់​ស្តីពី​ការងារ​កន្លង​មក។​

កញ្ញា ​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ NagaWorld និយាយ​ពីស្ថានភាព​បុគ្គលិកកាស៊ីណូ​នៃក្រុមហ៊ុន​ Naga World​នៅ ក្រៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទី​ក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
កញ្ញា ​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ NagaWorld និយាយ​ពីស្ថានភាព​បុគ្គលិកកាស៊ីណូ​នៃក្រុមហ៊ុន​ Naga World​នៅ ក្រៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទី​ក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

កញ្ញា ​ឈឹម សីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ថ្លែង​ថា​ ចំណុច​ដែល​ទាម​ទារ​ខាង​លើ​ រួមមាន​ការ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ ការ​ប្រើប្រាស់​កិច្ច​សន្យា​កម្ម​សិក្សា​ដែល​ខុស​ច្បាប់​ ការ​ស្នើ​សុំ​ដក​ប្រធាន​ផ្នែក​ ការ​ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ និង​ការ​គោរព​ច្បាប់​ការងារ​ ដែល​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ថា ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​បំពាន​ច្បាប់​ការងារ។​

វីអូអេ ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក​ Hein Dames ​បាន​ទេ​ នៅថ្ងៃ​សុក្រ​នេះ។ ​វីអូអេ​ ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​លោក ​ម៉េត មាសភក្តី​បាន​ដែរ​ នៅ​ថ្ងៃ​សុក្រ​ដដែល​នេះ។​

បើ​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ចុង​ក្រោយ​ដែល​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​ចុះ​បញ្ជី​ក្នុង​ទីក្រុង​ហុងកុង​ បាន​រក​ប្រាក់​ចំណេញ​ប្រមាណ​ ១០២​លាន​ដុល្លារ​អាមេរិក ​ក្នុង​ឆ្នាំ​២០២០ ​ទោះ​បី​ប្រទេស​កម្ពុជា ​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូវីដ១៩​ ក៏​ដោយ៕​

XS
SM
MD
LG