តុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបន្តឃុំខ្លួនកញ្ញានៅពន្ធនាគារព្រៃស។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលវិលត្រឡប់មកពីប្រទេសអូស្ត្រាលី ដែលតុលាការចោទពីបទរំលោភលើលក្ខខណ្ឌនៃការនៅក្រៅឃុំ។ ប៉ុន្តែក្រុមសិទ្ធិមនុស្សអះអាងថា ទាំងកញ្ញា ស៊ីថរ និងមេធាវីរបស់កញ្ញា មិនបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌបម្រាមពីតុលាការឡើយ។
ក្រោយបញ្ចប់សវនាការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក សំ ចំរើន មេធាវីការពារក្តីឱ្យកញ្ញា ឈឹម ស៊ីថរ ប្រាប់វីអូអេតាមទូរស័ព្ទយ៉ាងខ្លីថា តុលាការបានបដិសេធសំណើសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ។
អ្នកគាំទ្រមួយចំនួនបានប្រមូលផ្តុំនៅខាងមុខតុលាការ ខណៈកញ្ញា ឈឹម ស៊ីថរ ត្រូវបាននាំខ្លួនមកតុលាការផងដែរ។
អ្នកស្រី ឈឹម សុខន សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាអ្នកមកតាមដាននៅមុខសាលាដំបូង ជាមួយសមាជិកដែលមកគាំទ្រជាច្រើនអ្នកទៀត បញ្ជាក់ថា អ្នកស្រីផ្ទាល់ ដែលជាប់រឿងក្តីនៅតុលាការពីចោទប្រកាន់ញុះញង់ ដូចគ្នាទៅនឹងកញ្ញា ឈឹម ស៊ីថរ ក៏មិនដែលទទួលបានលិខិតបម្រាមមិនឱ្យចាកចេញទៅក្រៅប្រទេសនោះដែរ។
អ្នកស្រីបញ្ជាក់ថា៖ «អយុត្តិធម៌សម្រាប់គាត់[កញ្ញា ឈឹម ស៊ីថរ]ណាស់ ព្រោះអីគាត់អត់បានទទួល[លិខិតដែលជាបំរាម]អ្វីទាំងអស់។ បងក៏ជាអ្នកនៅក្នុងចំណោមអ្នកជាប់ទោសនោះដែរ បងប៉ុន្មាននាក់ហ្នឹង អត់បានទទួលលិខិតអី ក្រៅតែពីលិខិតដែលគេអនុញ្ញាតឱ្យចេញពីពន្ធនាគារ គឺបងបានទទួលតែអាហ្នឹងតែមួយសន្លឹកគត់»។
អ្នកស្រីបន្តថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ នេះគឺជារឿងអយុត្តិធម៌ណាស់ ព្រោះសហជីពបានទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ ប៉ុន្តែបែរជាប្រឈមនឹងការធ្វើទុក្ខបុកម្នេញទៅវិញ។ អ្នកស្រីថា កូដករនៅតែបន្តតវ៉ា ដើម្បីទាមទារឱ្យក្រុមហ៊ុនគោរពសិទ្ធិការងារឱ្យត្រឹមត្រូវ។
អ្នកស្រីបន្ថែមថា៖ «តាមពិតទៅការធ្វើការងារសហជីពនេះ គឺជាការងារដែលជួយសង្គមខ្លាំងណាស់ ព្រោះបើយើងតវ៉ាឱ្យកម្មករមានប្រាក់ខែ មានលក្ខខណ្ឌការងារល្អអ៊ីចឹងទៅ វាជួយដល់សង្គមយើង ហើយមិនចាំបាច់រវល់ដល់រដ្ឋាភិបាល ពេលដែលកម្មករគាត់មានអត្ថប្រយោជន៍ច្រើន ហើយល្អ ហើយមានការការពារល្អពីច្បាប់អីអ៊ីចឹង រដ្ឋាភិបាលគួរតែសប្បាយចិត្តរឿងហ្នឹង ហេតុអ្វីបានត្រូវធ្វើទុក្ខបុកម្នេញសហជីព អ៊ីចឹងមានតែគាត់មិនចង់ឱ្យកម្មករខ្មែរយើងហ្នឹងមានលក្ខខណ្ឌការងារល្អ ឬក៏មានជីវភាពសមរម្យ»។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់លើកដំបូង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅពេលដែលកញ្ញា និងសមាជិកសហជីពផ្សេងទៀតបានធ្វើកូដកម្មជាសាធារណៈ ទាក់ទងការទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិការងារ និងទទួលបុគ្គលិកដែលក្រុមហ៊ុនបានបញ្ឈប់ឱ្យយកចូលធ្វើការវិញ។ ប៉ុន្តែអាជ្ញាធរកម្ពុជាបានចោទប្រកាន់កញ្ញា និងសមាជិកសហជីពមួយចំនួន ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ប៉ុន្តែក្រោយមកបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេថា ការចោទប្រកាន់ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ដែលពួកគេគ្រាន់តែទាមទារលក្ខខណ្ឌការងារឱ្យមានការគោរពសិទ្ធិការងារនេះ គឺមិនគួរឱ្យកើតមានតាំងពីដំបូងមកម្លេះ ព្រោះសិទ្ធិធ្វើកូដកម្មមានការទទួលស្គាល់ទាំងក្នុងច្បាប់ជាតិ និងអន្តរជាតិ។ អ្នកស្រីយល់ថាការចាប់ខ្លួន និងឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ជាលើកទីពីរនេះ គឺជាការដាក់គំនាប ការគំរាមកំហែង និងការរឹតត្បិតសិទ្ធិសហជីព ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ។
អ្នកស្រីថ្លែងថា៖ «ហើយ[ការចាប់ខ្លួន]លើកទី២នេះ ក្នុងនាមជាអង្គការសង្គមស៊ីវិលមើលឃើញថា នេះជាការបន្តដាក់គំនាប ដើម្បីឱ្យថ្នាក់ដឹកនាំ និងក្រុមការងារបញ្ឈប់នូវការតវ៉ារបស់ខ្លួន ព្រោះមែនទែន តុលាការបានធ្វើការដោះលែងគាត់ ប៉ុន្តែមិនមានការផ្តល់ជាព័ត៌មានលម្អិតបែបណា ដល់មេធាវី និងកញ្ញា ពាក់ព័ន្ធនឹងការដាក់គាត់ស្ថិតនៅក្រោមការត្រួតពិនិត្យតុលាការ ហើយតម្រូវមិនឱ្យធ្វើដំណើរហ្នឹងដែរ»។
ចំណែកអង្គការលីកាដូក៏បញ្ជាក់ដែរថាសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ដោយមិនផ្ដល់ហេតុផលនៃការបដិសេធនេះ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការ បាននៅឡើយទេ។
កាលពីខែមេសា ឆ្នាំ ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ឈប់ការងារបុគ្គលិកមួយចំនួនធំនិងបានបង្កឱ្យមានការព្រួយបារម្ភអំពីការបណ្តេញចេញដោយអយុត្តិធម៌នៃបុគ្គលិកកាស៊ីណូចំនួន១៣២៩នាក់។ ការបញ្ឈប់ការងារនេះបានប៉ះពាល់ដល់មេដឹកនាំ និងសមាជិកសហជីពជាច្រើន។ ពួកគេមួយចំនួនបានធ្វើកូដកម្មបន្តរហូតមកដល់បច្ចុប្បន្ន បើទោះបីជា អ្នកខ្លះត្រូវប្រឈមបញ្ហាសេដ្ឋកិច្ចក៏ដោយ ហើយពួកគេនៅតែទាមទារលក្ខខណ្ឌឱ្យក្រុមហ៊ុនណាហ្គាវើលដ៍នេះ ទទួលពួកគេចូលធ្វើការវិញ៕