សាលាដំបូងរាជធានីភ្នំពេញសម្រេចមិនអនុញ្ញាតឲ្យកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមហេតុផលថាបារម្ភអំពីការប្រព្រឹត្តបទល្មើសសាជាថ្មី។
ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ កើតមានឡើង ស្របពេលគ្មានដំណោះស្រាយសម្រាប់កូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានអូសបន្លាយពេលមកជិតមួយឆ្នាំ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការកាពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់ក្រុមមេធាវីការពារក្តីឲ្យកញ្ញាឈឹម ស៊ីថរ ដែលត្រូវបានចាប់ខ្លួន ដោយសារតែបំពានលក្ខខណ្ឌមួយចំនួន អំឡុងពេលកំពុងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
បើតាមលោក អំ សំអាត ក្រុមមេធាវីការពារក្តីកញ្ញា ឈឹម ស៊ីថរ បានសម្រេចបឹ្តងជំទាស់ទៅសាលាឧទ្ធរណ៍ ពាក់ព័ន្ធនឹងការច្រានចោលសំណើសុំនៅក្រៅឃុំរបស់សាលាដំបូងរាជធានីភ្នំពេញ និងថា កញ្ញាឈឹម ស៊ីថរ មិនដែលធ្លាប់ទទួលសេចក្តីជូនដំណឹងអំពីការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ នៅមុនពេលកញ្ញាធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។
លោកនិយាយថា៖ «អ៊ីចឹង កាលណាកញ្ញាឈឹម ស៊ីថរ មិនទទួល មេធាវីមិនទទួលការជូនដំណឹង វាស្មើនឹងអត់ដឹង ហើយឬក៏ស្មើនឹងអត់មានដីកាដាក់ក្រោមការត្រួតពិនិត្យ ព្រោះពួកគាត់អត់ដឹងផងហ្នឹង។ អ៊ីចឹង កញ្ញា ឈឹម ស៊ីថរ ដែលចេញទៅក្រៅក៏អត់មានអីខុសដែរ ព្រោះគាត់អត់បានទទួលការជូនដំណឹងពីដីកាដាក់ក្រោមការត្រួតពិនិត្យ អ៊ីចឹង ចោទប្រកាន់ពីការមិនគោរព និងគេចវេះទៅលើដីកាដាក់ក្រោមការត្រួតពិនិត្យនេះ វាមិនសមហេតុផល ហើយវាអត់ត្រូវតាមនីតិវិធីទេ»។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោកឃុន ថារ៉ូ យល់ថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មី និងការណ៍ដែលតុលាការមិនព្រមឲ្យកញ្ញាឈឹម ស៊ីថរ បានស្ថិតនៅក្រៅឃុំនេះ ជាទម្រង់នៃការរឹតត្បិតសិទ្ធិធ្វើការតវ៉ាតាមរយៈកូដកម្មដោយសន្តិវិធី។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ពីព្រោះថា សិទ្ធិសេរីភាពជាមូលដ្ឋាន សិទ្ធិសេរីភាពនៅក្នុងការធ្វើកូដកម្ម មិនមែនជាបទល្មើសព្រហ្មទណ្ឌទេ។ អ៊ីចឹងនៅក្នុងការចាប់ ខ្លួនកញ្ញា ស៊ីថរ ហើយនៅបន្តនៅក្នុងការដាក់សម្ពាធ ដោយប្រើប្រាស់នូវប្រព័ន្ធតុលាការនេះ វាគឺជាការរំលោភសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ»។
លោក ឃុន ថារ៉ូ បន្ថែមថា ការប្រើប្រាស់ប្រព័ន្ធតុលាការមកដោះស្រាយវិវាទការងារនឹងមិនអាចនាំមកបាននូវដំណោះស្រាយសមស្របមួយសម្រាប់គ្រប់ភាគីពាក់ព័ន្ធទេ តែវាជាការបង្អាក់ដំណើរការដោះស្រាយ ឬធ្វើឲ្យវិវាទនោះនៅជាប់គាំងរកច្រកចេញមិនបានទៅវិញ។
កញ្ញា ឈឹម ស៊ីថរ ដែលចេញមុខយ៉ាងសកម្មក្នុងការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី។
កញ្ញាស៊ីថរ ធ្លាប់ត្រូវបានចាប់ខ្លួនលើកទីមួយ កាលពីខែមករា ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារសកម្មភាពកូដកម្មរបស់សហជីពដែលកញ្ញាដឹកនាំ។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិល។
កញ្ញាស៊ីថរ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ កាលពីខែមីនា ហើយត្រូវបានចាប់ខ្លួនសាជាថ្មី កាលពីចុងខែវិច្ឆិកាកន្លងទៅនោះ ដោយអាជ្ញាធរចោទប្រកាន់ថា កញ្ញាបានរំលោភលក្ខខណ្ឌដែលហាមឃាត់កញ្ញាមិនឱ្យចាកចេញពីប្រទេស។ ប៉ុន្តែទាំង កញ្ញា ស៊ីថរ និងមេធាវីការពារក្តីឱ្យកញ្ញាសុទ្ធតែមិនបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌ ក្នុងការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទេ។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ដែលទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ។ សហរដ្ឋអាមេរិកក៏បានស្នើឲ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញាឈឹម ស៊ីថរផងដែរ។
ដោយឡែក ខណៈតុលាការរាជធានីភ្នំពេញបន្តឃុំខ្លួនកញ្ញាឈឹម ស៊ីថរ សកម្មជនមួយចំនួនបានធ្វើយុទ្ធការតស៊ូមតិតាមប្រព័ន្ធអនឡាញទាមទារឲ្យមានការដោះលែងកញ្ញាឈឹម ស៊ីថរ ដែលកំពុងមានវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ជុំវិញការបណ្តេញបុគ្គលិកចេញទាំងបង្ខំ និងការរើសអើងសហជីព។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកអ៊ី រិន្ទតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមតែគ្មានការឆ្លើយតប។
ចំណែករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន ថ្លែងការពារចំណាត់ការរបស់តុលាការថាធ្វើឡើងទៅតាមនីតិវិធីច្បាប់។
លោកថ្លែងថា៖«ការសម្រេចរបស់តុលាការ ច្រានចោល មិនច្រានចោលនោះ គេផ្អែកទៅលើអង្គហេតុ អង្គ ច្បាប់និងហានិភ័យនឹងភាពមិនរាងចាល និងការមិនចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន ជាមួយអាជ្ញាធរមានសមត្ថកិច្ច។ វាមិនមែនជាការយកតុលាការទៅធ្វើបាប ធ្វើទុក្ខបុកម្នេញអីនោះទេ អាហ្នឹងជាការសម្រេចតាមផ្លូវច្បាប់ និងនីតិវិធីច្បាប់ដែលមានជាធរមាន»។
គួរបញ្ជាក់ថាកូដកម្មរបស់កម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ពីក្រុមបុគ្គលិកថា ក្រុមហ៊ុនបានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព៕