ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូដករ​ណាហ្គា​វើលដ៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​ពួក​គេ


អ្នកស្រី ម៉ម សុវថិន អាយុ៣៦ឆ្នាំ តំណាងកូដករណាហ្គាវើល៍ បានអង្គុយ និងលើកបដាតវ៉ាដែលមានពាក្យថា «អ្នកការពារសិទ្ធិសហជីព» នៅពីមុខក្រុមហ៊ុនណាហ្គាវើល៍ ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកស្រី ម៉ម សុវថិន អាយុ៣៦ឆ្នាំ តំណាងកូដករណាហ្គាវើល៍ បានអង្គុយ និងលើកបដាតវ៉ាដែលមានពាក្យថា «អ្នកការពារសិទ្ធិសហជីព» នៅពីមុខក្រុមហ៊ុនណាហ្គាវើល៍ ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កូដ​ករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ (NagaWorld) ដែល​នៅ​បន្ត​ធ្វើ​កូដកម្ម​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ជួយ​ដោះ​ស្រាយ​វិវាទ​ការងារ​រ៉ាំរ៉ៃ​របស់​ពួក​គេ​ជា​មួយ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ ដោយ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ និង​ទទួល​ពួកគេ​ចូល​ធ្វើ​ការ​វិញ។​

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ប្រមាណ​ជា​ ៥០ ​នាក់​ បាន​បន្ត​ធ្វើ​កូដកម្ម​នៅ​រសៀល​ថ្ងៃ​ទី​ ៣១​ ខែ​សីហា ​នៅ​ខាង​មុខ​កាស៊ីណូ​ណាហ្គា​វើលដ៍​ ២ ​ដោយ​មាន​ស្លៀក​ពាក់​សម្លៀក​បំពាក់​ជា​អ្នក​ជាប់​ឃុំ​ពណ៌​ទឹក​ក្រូច ​ឈរ​ និង​អង្គុយលើក​បដា​មាន​សរសេរ​ជា​អក្សរ​ទាមទារ​រក​ដំណោះ​ស្រាយ​ និង​មាន​រូបភាព​ម្ចាស់​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លើ​គ្រាប់​ឡូតូ​ជា​ក្រដាស​ ព្រមទាំង​មាន​កាត់​ក្រដាស​ជា​រូប​រាង​របាំង​ជញ្ជាំង​ពន្ធនាគារ​តំណាង​ឱ្យ​ភាព​ជាប់​ឃុំ​ផង​ដែរ។​ ក្រុម​កូដករ​ទាំង​នោះ​ក៏​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​មន្ត្រី​សហជីព​របស់​ពួក​គេ ​គឺ​កញ្ញា ​ឈឹម ស៊ីថរ​ និង​ទម្លាក់​ចោល​បទ​ចោទ​លើ​សហជីព​តទៅ​ទៀត។​

កំពុង​លើក​បដា​ឈរ​តវ៉ា​នៅ​មុខ​កាស៊ីណូ​ណាហ្គា​វើលដ៍​ អ្នក​ស្រី​ សៀក បញ្ញា ​អាយុ​៣៤ ​ឆ្នាំ ​កូដករ​មួយ​រូប​ប្រាប់​វីអូអេ​ថា​ ​អ្នកស្រី​និង​កូដករ​ផ្សេង​ទៀត​បន្ត​ចេញ​មក​តវ៉ា​នៅ​មុខ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ជា​រៀងរាល់​ថ្ងៃ​ គឺ​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គា​វើលដ៍​គោរព​ច្បាប់​ស្តីពី​ការងារ ​គោរព​សិទ្ធិសេរី​ភាព​របស់​សហជីព ​និង​គោរព​សិទ្ធិ​ការងារ​របស់​កម្មករ​ខ្មែរ។​ អ្នកស្រី​បន្ថែម​ដោយ​សង្ឃឹម​ថា​ នាយក​រដ្ឋ​មន្ត្រី​ថ្មី​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​នឹង​អាច​ដោះស្រាយ​វិវាទ​ការងារ​ដែល​បន្ត​អូស​បន្លាយ​ជា​យូរ​មក​ហើយ​នេះ​ជូន​ពួកគេ​បាន។​

អ្នកស្រី​ថ្លែង​ថា៖​ «ខ្ញុំ​សង្ឃឹម​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​ឡើង​កាន់​អំណាច​ថ្មី​នេះ​លោក​ ហ៊ុន ម៉ាណែត ​គាត់​នឹង​បញ្ចេញ​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រក​យុត្តិធម៌​មួយ​ឱ្យ​កម្មករ​ខ្មែរ​ ​ជា​ពិសេស​ឱ្យ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​គោរព​ច្បាប់​ស្តីពី​ការងារ​ គោរព​ច្បាប់​ប្រទេស​កម្ពុជា​ គោរព​សិទ្ធិ​សេរីភាព​របស់​សហជីព​ឯករាជ្យ ​(LRIQ)​ ជាពិសេស​គោរព​ការងារ​កម្មករ​ខ្មែរ»។​

កូដករ​ម្នាក់​ទៀត​ អ្នក​ស្រី ​ម៉ម សុវឌ្ឍិន ​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​បាន​ឆាប់​ផង​ដែរ។ ​អ្នកស្រី​ប្រាប់​វីអូអេ​ថា​ ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី​ថ្មី​គឺ​ លោក​ ហ៊ុន ម៉ាណែត​ អាច​ដោះស្រាយ​វិវាទ​ការងារ​របស់​កូដករ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​នេះ​បាន ​អ្នកស្រី​ថា​នោះ​ក៏​បង្ហាញ​ពី​សមត្ថភាព​ពិត​ប្រាកដ​របស់​ថ្នាក់​ដឹកនាំ​ដែរ។​

អ្នក​ស្រី​ថា៖​ «បើសិន​ជា​គាត់​មិន​ចង់​ឱ្យ​មាន​ភាព​ច្រំ​ដែរ​ មិន​ចង់​ឱ្យ​គេ​រិះគន់​ឬ​មិន​ចង់​ឱ្យ​គេ​ឃើញ​ថា​ ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ គាត់​ត្រូវ​តែ​ធ្វើ​ឱ្យ​ខុស​ពី​មុន។ ​មាន​ន័យ​ថា​ រក​យុត្តិធម៌​ឱ្យ​កម្មករ​ ដូច​ជា​ករណី​នៅ​ណាហ្គា​វើលដ៍ ​បើសិន​ជា​គាត់​អាច​ដោះស្រាយ​ចេញ​….​មិន​បាច់​ទៅ​ព្យាយាម​ទៅ​សម្តែង​ជា​មួយ​កម្មករ​អី​ផ្សេង​ទេ​ មក​ដោះស្រាយ​ជាមួយ​កម្មករ​ណាហ្គា​វើលដ៍​ គឺ​គេ​អាច​មើល​ឃើញ​ពី​សមត្ថភាព​គាត់​ពិតៗ​តែ​ម្តង»។​

ក្រុម​កូដករ​ដែល​បន្ត​ធ្វើ​កូដកម្ម​ទាំងនោះ​លើក​ឡើង​ថា ​ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍​នេះ​ រហូត​ទទួល​បាន​ដំណោះ​ស្រាយ​ពេញ​លេញ។​

បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍​ ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ភាគ​ហ៊ុន​ក្នុង​ទីក្រុង​ហុងកុង​ បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជា​ច្រើន​ខែ ​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​ ១.៣២៩ នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ​កាល​ពីខែ​មេសា ​ឆ្នាំ​ ២០២១។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក ​ប៉ែន បូណា ​បដិសេធ​ការ​អត្ថាធិប្បាយ ​ដោយ​ថា ​វិវាទ​ការងារ​នេះ​គឺ​ជា​ភារកិច្ច​របស់​ក្រសួង​ការងារ​ដែល​មាន​តួនាទី​ក្នុង​ការ​ដោះ​ស្រាយ។​

ប្រអប់តវ៉ាដែលរូបភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ណាហ្គាវើល៍ បានដាក់តាំងនៅលើទ្រូងផ្លូវពីមុខក្រុមហ៊ុន ណាហ្គាវើល៍ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ប្រអប់តវ៉ាដែលរូបភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ណាហ្គាវើល៍ បានដាក់តាំងនៅលើទ្រូងផ្លូវពីមុខក្រុមហ៊ុន ណាហ្គាវើល៍ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កូដករពីរនាក់អង្គុយលើកបដាតវ៉ា នៅពីមុខក្រុមហ៊ុន ណាហ្គាវើល៍ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអួអេ)
កូដករពីរនាក់អង្គុយលើកបដាតវ៉ា នៅពីមុខក្រុមហ៊ុន ណាហ្គាវើល៍ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអួអេ)

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ហេង សួរ​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​ទេ ដោយ​ទូរសព្ទ​ចូល​ តែ​មិន​មាន​អ្នក​ទទួល​ ហើយ​លោក​ក៏​មិន​ឆ្លើយតប​នឹង​សារ​ដែល​វីអូអេ​បាន​សួរ​តាម​បណ្តាញ​សង្គម​តេឡេក្រាម​នោះ​ដែរ។​

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការ​ងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ ​សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ​ យល់​ឃើញ​ថា​ ករណី​វិវាទ​ការងារ​នៅ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ការងារ​ជា​លក្ខណៈ​ប្រព័ន្ធ​មួយ​ដែល​មាន​រយៈ​ពេល​ជិត​៣​ឆ្នាំ​មក​ហើយ។ ​លោក​ថា​ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​មាន​ឆន្ទៈ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ឯករាជ្យ ​ដើម្បី​កុំ​ឱ្យ​មាន​អំពើ​អយុត្តិធម៌​កើត​មាន​ក្នុង​សង្គម។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​ជឿជាក់​ថា​ បញ្ហា​នេះ​មិន​មែន​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​លោក​មិន​ដឹង​ទេ ​តែ​បើ​សិន​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ដោះ​ស្រាយ ខ្ញុំ​គិត​ថា​ ចំណុច​មួយ​នេះ​វា​កាន់​តែ​មាន​ការ​អបអរ​សាទរ​ពី​សំណាក់​មហាជន​ ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ ពី​សំណាក់​កម្មករ​ដែល​គាត់​ទទួល​រង​ពី​ផល​ប៉ះពាល់​ទាំង​កត្តា​សេដ្ឋកិច្ច​និង​សិទ្ធិ​របស់​គាត់»។​

លោក​បន្ថែម​ថា​ ការណ៍​ដែល​មិន​មាន​ដំណោះ​ស្រាយ​ជូន​កូដករ​ក្នុង​វិវាទ​មួយ​នេះ ​គឺ​ជា​គំរូ​អាក្រក់​ដល់​និយោជក​ផ្សេង​ទៀត។​

ចាប់​តាំង​ពី​កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ ដែល​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​តាំង​ពី​ខែ​ធ្នូ ​ឆ្នាំ​ ២០២១​មក ថ្នាក់​ដឹកនាំ​សហជីព​របស់​ពួកគេ​យ៉ាង​ហោច​ណាស់​៩​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់ ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ។

កញ្ញា ​ឈឹម ស៊ីថរ ​មេ​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​(LRSU) ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។​ ចំណែក​សមាជិក​សហជីព​ចំនួន​ ៨ ​នាក់ ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី ១​ឆ្នាំ​ទៅ​ ១​ឆ្នាំ​កន្លះ ​ពី​បទ​ល្មើស​ដូចគ្នា​ ដោយ​ខ្លះ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ ​និង​ខ្លះ​ត្រូវ​បាន​ព្យួរទោស៕

XS
SM
MD
LG