សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលក្រមផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ឱ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
កញ្ញាឈឹម ស៊ីថរ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំ និងតំណាងសហជីពណាហ្គាវើលដ៍ចំនួន៩នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងញុះញង់ អំឡុងពេលនៃការតវ៉ាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទការងារ។ ប៉ុន្តែមានតែកញ្ញាស៊ីថរទេ ដែលត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ហើយមេដឹកនាំសហជីពរូបនោះត្រូវបានបញ្ជូនទៅឃុំខ្លួនភ្លាមៗក្រោយពេលប្រកាសសាលក្រម។
ចំណែកសមាជិកសហជីពចំនួន៨នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី១ ទៅ១ឆ្នាំកន្លះ ពីបទល្មើសដូចគ្នា។ ក្នុងចំណោមនោះ ៥នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន១ឆ្នាំកន្លះ តែមិនឃុំក្នុងពន្ធនាគារ ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងបីនាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ តែពួកគេត្រូវបានព្យួរទោស។
លោកសំ ចំរើន មេធាវីការពារក្តីឱ្យកញ្ញាឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត ប្រាប់ វីអូអេថា តុលាការបានសម្រេចឱ្យកញ្ញា ឈឹម ស៊ីថរ ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងតម្រូវឱ្យកញ្ញាបន្តឃុំខ្លួនក្នុងពន្ធនាគារ។ លោកថា សម្រាប់សមាជិកសហជីពផ្សេងទៀតត្រូវជាប់ទោសចន្លោះពី១ឆ្នាំ ទៅ១ឆ្នាំកន្លះ ប៉ុន្តែពួកគេត្រូវបានព្យួរទោស និងដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។
លោក សំ ចំរើន បន្ថែមថា មេធាវីមានការសោកស្តាយចំពោះការសម្រេចរបស់តុលាការ និងថា លោកនឹងពិភាក្សាជាមួយកូនក្តីថានឹងត្រូវប្តឹងទៅឧទ្ធរណ៍ ឬយ៉ាងណានោះ។
អ្នកស្រី ឃ្លាំង សុបិន្ត សមាជិកសហជីពដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ តែដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការប្រាប់វីអូអេនៅផ្លូវម្ខាងទល់មុខសាលាដំបូងរាជធានីភ្នំពេញថា តុលាការសម្រេចក្តីដោយគ្មានវិជ្ជាជីវៈ និងគ្មានយុត្តិធម៌សម្រាប់កូដករ។
អ្នកស្រីថ្លែងថា៖ «យើងទទួលបានថ្ងៃហ្នឹង គឺយើងអស់សង្ឃឹម ហើយយើងជឿជាក់មុតមាំថា តុលាការពិតជាអត់ដែលមានរកយុត្តិធម៌ឱ្យជនរងគ្រោះទេ មានតែផ្តល់អយុត្តិធម៌ដល់អ្នកដែលអត់ធ្វើខុស។ អ៊ីចឹងហើយបានខ្ញុំសង្កេតឃើញថាប្រទេសយើង អ្នកកាប់ព្រៃឈើ ជួញដូរគ្រឿងញៀន ឃាតក ធ្វើរឿងអាក្រក់ៗគេអត់ញញើតទេ ព្រោះគេអត់ជាប់ទោសកំហុសអីយូរ ឬក៏អត់មានបទចោទអីទេ ដោយឡែកអ្នកការពារសិទ្ធិមនុស្ស សិទ្ធិសេរីភាពការងារហ៊ាននិយាយអ្វីដែលជាការពិត គឺយើងតែងទទួលបានបទចោទពិសេសៗ ឬប្លែកៗតាមអ្វីដែលគេច្នៃឡើងឱ្យមើលទៅទំនង»។
កាលពីខែមករា ឆ្នាំ២០២២ កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅតុលាការពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីនាងបានដឹកនាំការធ្វើកូដកម្មអស់រយៈពេលជាងពីរសប្តាហ៍ ទាមទារឲ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទទួលយកបុគ្គលិកជាច្រើនរយនាក់ចូលធ្វើការវិញ និងផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដល់បុគ្គលិក ដែលត្រូវបានបណ្តេញចេញពីការងារទាំងបង្ខំ។
កញ្ញា ឈឹម ស៊ីថរ បាននិងកំពុងជាប់ឃុំក្នុងពន្ធនាគារជិតមួយឆ្នាំមកហើយ ចាប់តាំងពីមានការចាប់ខ្លួនកញ្ញាដាក់ឃុំចំនួនពីរដងរួចមក។
ក្រោយកញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួន សមាជិកសហជីពដែលជាក្រុមបុគ្គលិកណាហ្គាវើលដ៍រាប់រយនាក់បន្តធ្វើកូដកម្មទាមទារឱ្យមានការដោះលែងថ្នាក់ដឹកនាំរបស់ពួកគេ និងទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទការងារដែលកើតមានជាច្រើនឆ្នាំមកហើយនោះ។
ការបន្តធ្វើកូដកម្មតវ៉ានៅខាងមុខកាស៊ីណូណាហ្គាវើលដ៍ និងនៅតាមកំណាត់ផ្លូវខ្លះៗក្បែររដ្ឋសភាជាតិ បានធ្វើឱ្យសមាជិកសហជីពនេះត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
នៅមុនអំឡុង និងក្រោយពេលប្រកាសសាលក្រមនៅព្រឹកនេះ គេឃើញក្រុមបុគ្គលិកណាហ្គាវើលដ៍ជាង១០០នាក់ នាំគ្នាឈរលើកបដា និងរូបថត គាំទ្រថ្នាក់ដឹកនាំសហជីពរបស់ខ្លួន នៅខឿនផ្លូវម្ខាងទៀតពីមុខតុលាការ។
ក្រោយការប្រកាសកាត់ទោសថ្នាក់ដឹកនាំរបស់ពួកគេ អ្នកឈរតវ៉ាខ្លះបានស្រែកយំ ខ្លះបានស្រែកថា ការកាត់ទោសថ្នាក់ដឹកនាំរបស់ពួកគេគឺជារឿងអយុត្តិធម៌ ហើយពួកគេប្រកាសថា នឹងបន្តការតវ៉ាទាមទារឱ្យមានការដោះលែង និងទម្លាក់ចោលបទចោទលើថ្នាក់ដឹកនាំសហជីពរបស់ពួកគេ។
កញ្ញា ពៅ រស្មី អ្នកតវ៉ាដែលឈរគាំទ្រថ្នាក់ដឹកនាំសហជីពរបស់ខ្លួននៅខាងមុខតុលាការ និយាយថា ក្រុមបុគ្គលិកនាំគ្នាតវ៉ាឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទការងារ គឺជារឿងឆ្នាំងបាយ មិនមែនជារឿងនយោបាយនោះទេ។ កញ្ញាថា ក្រុមបុគ្គលិកនឹងបន្តតវ៉ារហូតទទួលបានដំណោះស្រាយ។
កញ្ញាប្រាប់វីអូអេថា៖«ពួកខ្ញុំតវ៉ាតែជាមួយថៅកែណាហ្គាវើលដ៍ទេ តែរាល់ការចោទប្រកាន់ជាច្រើន មិនចេះចប់មិនចេះហើយ។ អយុត្តិធម៌សម្រាប់គាត់ខ្លាំងមែនទែន ពួកខ្ញុំពិតជាមានអារម្មណ៍ថាវាអយុត្តិធម៌ខ្លាំងណាស់ តែសម្រាប់ពួកខ្ញុំ ពួកខ្ញុំនៅតែតវ៉ាដើម្បីទទួលបានសិទ្ធិការងារ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ពួកយើងនៅតែបន្តធ្វើកូដកម្មតទៅទៀតដើម្បីទទួលបានដំណោះស្រាយ ពីព្រោះរឿងហ្នឹង វាជារឿងឆ្នាំងបាយ មិនមែនជារឿងនយោបាយទេ»។
នាយកគ្រប់គ្រងកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានចូលឃ្លាំមើលការប្រកាសសាលក្រមនោះលើកឡើងថា សាលក្រមរបស់តុលាការគឺជាការរឹតត្បិត និងគំរាមកំហែងលើសិទ្ធិសេរីភាពនៃការជួបជុំ និងការធ្វើកូដកម្មដោយសន្តិវិធីរបស់បុគ្គលិក និងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍។
លោកថ្លែងថា៖«បញ្ហាណាហ្គាវើលដ៏វាកើតចេញអំពីវិវាទការងារ អ៊ីចឹងដំណោះស្រាយវាគួរតែមានការដោះស្រាយទៅតាមបញ្ហាការងារ។ ចំពោះការធ្វើកូដកម្ម គឺគាត់ធ្វើត្រឹមត្រូវស្របតាមផ្លូវច្បាប់ ដែលមានការជូនដំណឹងទៅក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធត្រឹមត្រូវតាមច្បាប់ការងារ។ ដូច្នេះបញ្ហាកូដកម្មវាមិនមែនជាបទល្មើសដែលត្រូវចោទប្រកាន់ពីបទធ្វើឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមនោះទេ»។
នៅថ្ងៃព្រហស្បតិ៍នេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក្រុមប្រឹក្សាសហជីពអូស្ត្រាលី (ACTU) និងអង្គការសម្ព័ន្ធភាពសកលនៃអង្គការសង្គមស៊ីវិល និងសកម្មជនហៅកាត់ថា CIVICUS បានអំពាវនាវឱ្យមានការទម្លាក់ចោលបទចោទលើថ្នាក់ដឹកនាំ និងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ទាំង៩ និងដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់។
អង្គការទាំងនេះលើកឡើងថា សាលក្រមនេះមានចេតនាបំបិទសំឡេងសកម្មជន និងអ្នកតស៊ូមតិសម្រាប់សិទ្ធិមនុស្ស និងសិទ្ធិការងារ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេនៅថ្ងៃព្រហស្បតិ៍។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដល់ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ។ ពានរង្វាន់នោះផ្តល់សម្រាប់អ្នកដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសកល៕