ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​សិទ្ធិ​មនុស្ស៖ របប​សឹក​យោធា​មីយ៉ាន់ម៉ា​ប្រើប្រាស់​អាវុធ​​រុស្ស៊ី និង​ចិន​ប្រឆាំង​ជនស៊ីវិល


រូបឯកសារ៖ សមាជិក​នៃ​ក្រុម​ជីវពល​នៃ​កង​កម្លាំង​ការពារ​ប្រជាជន (People's Defense Force (PDF)) ដែល​បាន​កាន់​អាវុធ​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា ត្រូវបាន​គេ​ឃើញ​នៅ​ជួរមុខ​ក្នុង​ទីក្រុង Kawkareik នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
រូបឯកសារ៖ សមាជិក​នៃ​ក្រុម​ជីវពល​នៃ​កង​កម្លាំង​ការពារ​ប្រជាជន (People's Defense Force (PDF)) ដែល​បាន​កាន់​អាវុធ​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា ត្រូវបាន​គេ​ឃើញ​នៅ​ជួរមុខ​ក្នុង​ទីក្រុង Kawkareik នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

អ្នកជំនាញ​ឯករាជ្យ​របស់​អង្គការ​សហប្រជាជាតិ​មួយ​រូប​ បាន​និយាយថា​ ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​ បាន​ផ្គត់​ផ្គង់គ្រឿង​សព្វាវុធ​ដល់​របបយោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ប្រឆាំង​នឹង​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​នេះ​។

លោក ​Tom Andrews អ្នក​រាយការណ៍​ពិសេសរបស់​អង្គការ​សហប្រជាជាតិ​ ស្តី​ពី​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​លម្អិត​មួយកាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​ស្តី​ពី​ប្រភេទ​អាវុធ ដែល​ប្រទេស​ចិន​និង​រុស្ស៊ី បាន​លក់​ទៅឲ្យ​របប​យោធានៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់តាំង​ពី​ឆ្នាំ​២០១៨​មក​ ដែល​ក្នុង​នោះរួម​មាន​យន្តហោះ​ប្រយុទ្ធ​ រថពាស​ដែក​ ប្រព័ន្ធមីស៊ីលបាលីស្ទិក​ និង​ប្រព័ន្ធការពារចល័ត​ជា​ដើម។​ ​របាយការណ៍​នោះ​ ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ កិច្ច​ព្រមព្រៀង​លក់​ទិញ​អាវុធ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ដោយការ​«ទទួល​ស្គាល់​ទាំង​ស្រុង​ថា​ អាវុធ​យុទ្ធភ័ណ្ឌ​ទាំង​នេះ​ នឹង​ទំនង​ត្រូវ​គេ​យក​ទៅ​ប្រើ​ប្រាស់ដើម្បី​វាយ​ប្រហារ​ទៅ​លើជនស៊ីវិល»។​

របាយការណ៍​នេះ​ ក៏​បានបង្ហាញ​ផង​ដែរ​ ពី​ប្រទេស​ស៊ែប៊ី ដែល​បាន​អនុញ្ញាតឲ្យ​មាន​ការ​បញ្ជូន​គ្រាប់​រ៉ុក្កែត និង​កាំភ្លើង​ធំទៅ​ឲ្យ​កងយោធា​ប្រទេស​មីយ៉ាន់ម៉ា។​ ​

គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ការ​បំភ្លឺជា​បន្ទាន់​ណាមួយ​ពី​ប្រទេសចិន​ ​មីយ៉ាន់ម៉ា​ រុស្ស៊ី ឬ​ប្រទេស​ស៊ែប៊ី​នោះនៅ​ឡើយ​ទេ។​

ប្រទេស​ចិន​និង​រុស្ស៊ី​ ​ជា​សមាជិកអចិន្ត្រយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។​

របាយការណ៍​របស់​លោក​ Andrews ក៏​បាន​បង្ហាញ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ប្រទេស​ បេឡារុស​ អ៊ុយក្រែន​ ប៉ាគីស្ថាន​ ​កូរ៉េខាង​ត្បូង​ និង​ប្រទេស​អ៊ីស្រាអ៊ែល​ផង​ដែរ​ ដោយ​និយាយ​ថា​ ប្រទេស​ទាំង​នេះ​ ជា​អ្នក​ផ្គត់​ផ្គង់​គ្រឿង​សព្វាវុធ​ទៅឲ្យ​ក្រុមយោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់តាំង​ពី​ឆ្នាំ​២០១៨​មក​ ​គឺ​ក្រោយ​ពេល​ដែល​ក្រុម​យោធា​នៅ​ក្នុង​ប្រទេស​នេះ បាន​បើកការវាយ​បង្រ្កាប​ទៅ​លើសហគមន៍​នៃ​ក្រុម​ជនជាតិ​ភាគតិចកាន់សាសនា​អ៊ីស្លាម Rohingya នៅរដ្ឋ Rakhine​ ភាគខាង​លិច​។​ ការ​បង្ក្រាប​នោះ បាន​ធ្វើ​ឲ្យ​មាន​ជន​ភៀស​ខ្លួន Rohingya ជាង​ ៧ សែន​នាក់​ បាន​ឆ្លង​ព្រំដែនទៅ​កាន់​ប្រទេស​បង់ក្លាដែសដែល​នៅ​ក្បែរ​ខាង​។​

ក្រុម​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បានដណ្តើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​មួយ​កាល​ពី​ថ្ងៃទី​១ ខែ​កម្ភៈ ឆ្នាំ​២០២១​ ដោយ​បាន​ចាប់​ឃុំខ្លួនមេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិលលោក​ស្រី​ Aung San Suu Kyi និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត​ ដោយ​អះ​អាង​ថា​ ការបោះឆ្នោត​សាកល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ខែ​វិច្ឆិកា​ ក្នុង​ឆ្នាំ​២០២០​ បាន​ប្រព្រឹត្ត​ទៅ​ដោយមាន​ការ​លួចបន្លំ​សន្លឹក​ឆ្នោត។ គណបក្ស​សម្ព័ន្ធជាតិ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ របស់​លោក​ស្រី​ Suu Kyi បាន​ទទួល​ជ័យ​ជម្នះយ៉ាង​ភ្លូកទឹក​ភ្លូកដី​ ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ​ ទៅ​លើ​គូប្រជែងនៃ​គណបក្ស​សហភាព​សាមគ្គីភាព​ និងការ​អភិវឌ្ឍន៍ ​ដែល​គាំទ្រ​ដោយ​របប​យោធា​មីយ៉ាន់ម៉ា។

ប្រទេសចិន​ បាន​ពណ៌នា​ទៅ​លើរដ្ឋប្រហារ​ក្នុង​ពេល​កន្លង​ទៅ​ថា​ ជា«ការសើរើ​គណៈរដ្ឋមន្ត្រី​» ហើយ​ប្រទេស​រុស្ស៊ី​ បាន​ហៅ​ការ​ធ្វើ​រដ្ឋប្រហារ​នោះ​ថា​ ​«គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​សុទ្ធសាធ​»​ របស់​ប្រទេស​មីយ៉ាន់ម៉ា។​ ប្រទេស​ទាំង​ពីរ​នេះ​ បាន​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួននៅ​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ​ ដើម្បី​បន្សាប​ការ​ឆ្លើយ​តប​របស់​ស្ថាប័ន​ពិភព​លោក​មួយ​នេះ​ ទៅ​លើការ​ធ្វើ​រដ្ឋ​ប្រហារនោះ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខអក្សរ​មួយ​ លោក Tom Andrews ដែល​ធ្លាប់​ធ្វើ​ជា​សមាជិកសភា​អាមេរិក​ ​ហាក់​ដូច​ជា​រិះគន់ទៅ​លើ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​បាន​ខក​ខាន​ ក្នុង​ការ​បោះ​ឆ្នោតទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ ដែល​បាន​អនុម័តរួច​ហើយ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ដែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋ​ជា​សមាជិកការពារ​កុំ​ឲ្យ​មាន​ការហូរចូល​អាវុធ​ទៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Andrews និយាយ​ថា​ ការ​បញ្ជូន​អាវុធ​ទៅឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​សម្លាប់​ជនស៊ីវិល គឺ​ជា​«អំពើ​អយុត្តិធម៌​ដ៏​ពិត​ប្រាកដ​»​ មួយ​ និង​បានអំពាវនាវ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​ ដើម្បី​ពិភាក្សានិង​បោះ​ឆ្នោត​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ ដើម្បី​ហាមប្រាម​ការផ្តល់​អាវុធទៅ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា។

លោកបន្ថែម​ថា៖ «​ការ​ពន្យារ​ពេល​កាន់​តែ​យូរ​របស់​អង្គការ​សហប្រជាជាតិ​ ​នឹង​ធ្វើ​ឲ្យមនុស្ស​ស្លូតត្រង់​កាន់​តែ​ច្រើន​ថែម​ទៀត​ ដែល​រួម​មាន​កុមារ​ផង​ដែរ​ នឹង​ស្លាប់នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។

កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បានចេញសេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​អំនាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សានៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

ក្រុមសកម្មជន​ឯករាជ្យ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ថៃមួយ​ ដែល​មាន​ឈ្មោះថាសមាគម​ផ្តល់​ជំនួយដល់អ្នក​ទោសនយោបាយ​ ​បានលើក​ឡើង​ថា​ ពលរដ្ឋមីយ៉ាន់ម៉ាយ៉ាងហោចណាស់​ប្រមាណ​១.៥៦០​នាក់ ត្រូវ​បាន​សម្លាប់នៅក្នុងការតវ៉ា​ដោយ​អំពើ​ហិង្សាប្រឆាំងនឹងរបប​យោធា​ ចាប់តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារយោធា​ កាល​ពីដើម​ខែ​កុម្ភៈ​ ឆ្នាំមុន៕​

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ​

XS
SM
MD
LG