ដោយមានការលើកទឹកចិត្តពីក្រុមគ្រួសាររបស់អ្នកស្រី សៀវភៅប្រលោមលោករបស់អ្នកស្រី យឹម វ៉ារីនី រៀបរាប់ពីស្ត្រីបីជំនាន់នៃគ្រួសារញាតិវង្សានុវង្សរបស់ប្រទេសកម្ពុជា ដែលបានព្យាយាមកសាងជីវិតថ្មី នៅលើទឹកដីសហរដ្ឋអាមេរិក។ ឪពុករបស់អ្នកស្រីបានក្លាយជាមនុស្សសំខាន់ម្នាក់ ដែលធ្វើឲ្យអ្នកស្រីនឹកដល់ នៅពេលអ្នកស្រីសរសេរប្រលោមលោកនេះ។
អ្នកស្រី យឹម វ៉ារីនី ចងចាំពីកុមារភាពចុងក្រោយរបស់អ្នកស្រីពោរពេញដោយក្តីស្រឡាញ់ពីក្រុមគ្រួសារ ប៉ុន្តែត្រូវបានបិទបាំងដោយការបាត់បង់ និងការឈឺចាប់ដោយសាររបបប្រល័យពូជសាសន៍នៅកម្ពុជា។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំជឿជាក់ថា បើគ្មានព្រលឹងឪពុក និងព្រលឹងប្រជាពលរដ្ឋខ្មែរទេ នោះខ្ញុំមិនអាចសរសេរសៀវភៅនេះបានទេ»។
អ្នកស្រីចងចាំថា៖ «ខ្ញុំមានការចងចាំបន្តិចបន្តួចប៉ុណ្ណោះអំពីឪពុករបស់ខ្ញុំ ហើយការចងចាំដែលធ្វើឲ្យខ្ញុំមានការរន្ធត់ខ្លាំងបំផុតនោះ គឺថ្ងៃដែលខ្ញុំចាកចេញពីប្រទេសកម្ពុជា។ គាត់បានជូនពួកយើងទៅព្រលានយន្តហោះ»។ អ្នកស្រីបានបន្ថែមថា៖«កាលនោះខ្ញុំនៅក្មេងពេក មិនយល់ពីអ្វីដែលកំពុងកើតឡើងក្នុងប្រទេសទេ។ ខ្ញុំចាំបានថាខ្ញុំដើរឡើងជណ្តើរចូលក្នុងយន្តហោះ និងបានក្រលេកមើលទៅផ្លូវវិញ ហើយឃើញឪពុករបស់ខ្ញុំគ្រវីដៃលាមកយើង។ អ្វីដែលខ្ញុំមិនបានគិតដល់នោះ គឺនោះហើយជាពេលវេលាចុងក្រោយដែលខ្ញុំបានឃើញមុខឪពុករបស់ខ្ញុំ»។
នៅក្នុងគ្រួសាររបស់អ្នកស្រី មានតែអ្នកស្រី វ៉ារីនី ប្អូនស្រី និងជីដូនជីតារបស់អ្នកស្រី ប៉ុណ្ណោះ ដែលបានចាកចេញពីប្រទេសកម្ពុជា មុនរបបប្រល័យពូជសាសន៍បានចាប់ផ្តើមក្នុងប្រទេសកម្ពុជា។
ឪពុករបស់អ្នកស្រី ដែលជាអ្នកថែទាំឪពុកម្តាយវ័យចំណាស់ បានក្លាយទៅជាជនរងគ្រោះម្នាក់នាពេលនោះ។ រយៈពេលជាងបួនឆ្នាំ ក្រោមរបបផ្តាច់ការដោយសមាជិកកុំម្មុយនិស្តខ្មែរក្រហម និងមេដឹកនាំប៉ុលពត បានសម្លាប់ពលរដ្ឋខ្មែរជាងពីរលាននាក់។
អ្នកស្រី វ៉ារីនី និងបងប្អូនរបស់អ្នកស្រីបានមករស់នៅជាមួយម្តាយអ្នកស្រី ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក។ អ្នកស្រីនិយាយថា ពួកយើងបានរស់រានមានជីវិត ដោយសារតែបានជីតារបស់អ្នកស្រី។ លោកគឺជាអ្នកដែលរៀបចំឲ្យយើងរាល់គ្នាចាកចេញពីប្រទេស។ មិនដូចពលរដ្ឋកម្ពុជាផេ្សងទៀត គ្រួសាររបស់អ្នកស្រី យឹម វ៉ារីនី ជាញាតិវង្សានុវង្ស និងជាសាច់ញ្ញាតិរបស់សម្តេចនរោត្តមសីហនុ។ ម្តាយរបស់អ្នកស្រី គឺជាព្រះនាងម្ចាស់ម្នាក់នៅកម្ពុជា ប៉ុន្តែរស់នៅក្នុងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែម្តាយអ្នកស្រីគឺជាមនុស្សសាមញ្ញ ដូចជាជនភៀសខ្លួនផេ្សងទៀតដែរ។
អ្នកស្រីបានរៀបរាប់ថា៖ «នេះគឺជាជីវិតរបស់ពួកគាត់រស់នៅក្នុងប្រទេសកម្ពុជា ហើយនៅពេលមានសង្រ្គាម និងរបបប្រល័យពូជសាសន៍ចូលមកដល់ ពួកគាត់ត្រូវសាងជីវិតថ្មី។ ពួកគាត់ត្រូវតែបោះបង់ចោលជីវិត ដែលធ្លាប់តែរំពឹងទុក ហើយមករស់នៅសហរដ្ឋអាមេរិក និងចាប់ផ្តើមពីបាតដៃទទេឡើងវិញ។ យើងគ្មានទ្រព្យសម្បត្តិ គ្មានអ្វីទាំងអស់ ហើយនាមជាញាតិវង្សានុវង្សគឺគ្មានន័យអ្វីទាំងអស់សម្រាប់ជីវិតនៅសហរដ្ឋអាមេរិកនេះ»។ អ្នកស្រីបន្តថា៖ «នេះគឺជាអ្វីដែលពួកយើងបានរក្សាទុកជាប់ជាមួយខ្លួនយើង ដូច្នេះហើយអ្វីដែលខ្ញុំនិយាយ វាគឺជាបញ្ហាសំខាន់សម្រាប់គ្រួសាររបស់យើង»។
ដំណើរជីវិតរបស់កូនស្រី
អ្នកស្រី វ៉ារីនី ថ្លែងថា កាលពេលនៅជាក្មេងស្រីម្នាក់រស់នៅក្នុងសហរដ្ឋអាមេរិក របបប្រល័យពូជសាសន៍គឺស្ថិតនៅឆ្ងាយពីអ្នកស្រី ពីព្រោះអ្នកស្រីព្យាយាមសម្របខ្លួនទៅរបៀបរស់នៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រីមិនបានដឹងពីការស្លាប់របស់ឪពុកអ្នកស្រី ក្នុងរបបប្រល័យពូជសាសន៍ រហូតដល់អ្នកស្រីចាប់ផ្តើមស្រាវជ្រាវពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដើម្បីសរសេរសៀវភៅនេះ។ មុនពេលនោះ ព័ត៌មានពីជីវិតរបស់ឪពុកអ្នកស្រីក្នុងអំឡុងរបបប្រល័យពូជសាសន៍ និងការស្លាប់របស់ឪពុកអ្នកស្រីជារឿងអាថ៌កំបាំង។
អ្នកស្រីបានស្វែងរកឯកសារចម្លើយសារភាពរបស់អ្នករងគ្រោះ ដែលត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងទួលស្លែង ក្នុងរបបខ្មែរក្រហម ដែលបានតម្កល់ទុកនៅឯសាកលវិទ្យាល័យ Cornell។ មន្ទីរទួលស្លែង គឺជាមន្ទីរឃុំឃាំងសម្ងាត់ក្នុងរបប ប៉ុល ពត ជាកន្លែងដែលគេទុកធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់អ្នកទោស។ មានការប៉ាន់ស្មានថាអ្នកទោសប្រមាណ១៤.០០០នាក់ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងទួលស្លែងនេះ ឬហៅថាមន្ទីរស ២១។ មានអ្នកទោសចំនួនតិចតួចណាស់ដែលបានរស់រានមានជីវិត។ ឯកសារនៅឯសាកលវិទ្យាល័យ Cornellបានបង្ហាញពីអ្វីបានកើតឡើងទៅលើ ឪពុករបស់អ្នកស្រីអំឡុងពេលនោះ។
អ្នកស្រីបាននិយាយក្រោយពេលអ្នកស្រីបានគិតជាច្រើនឆ្នាំ អំពីអ្វីដែលកើតឡើងទៅលើឪពុកអ្នកស្រីថា៖ «ថ្ងៃដែលអាក្រក់ជាងគេសម្រាប់ខ្ញុំនោះ គឺជាថ្ងៃដែលខ្ញុំបានទទួលដំណឹងពីសាកលវិទ្យាល័យ Cornell ប្រាប់ថា គេបានរកឃើញឈ្មោះឪពុករបស់ខ្ញុំ និងចម្លើយសារភាពរបស់គាត់»។ អ្នកស្រីបន្តថា៖ «ទីបំផុតខ្ញុំបានដឹងការពិត។ ការពិត ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ស្រឡះ» ទោះបីជាការពិតនោះជារឿងឈឺចាប់យ៉ាងណាក៏ដោយ។
ការចងចាំពីឪពុកម្តាយ និងជីដូនរបស់លោកស្រី បានបំផុសជាគំនិតឲ្យអ្នកស្រីសរសេរសៀវភៅប្រលោមលោក ដែលមានចំណងជើងថា ព្រះនាងដែលនិរទេសខ្លួន នេះ ដោយមិនគ្រាន់តែធ្វើឲ្យគេហ៊ានប្រឈមមុខនឹងអតីតកាលនោះទេ ក៏ប៉ុន្តែក៏ធ្វើឲ្យគេមិនអាចបំភ្លេចរបបប្រល័យពូជសាសន៍នេះបានដែរ ហើយត្រូវចងចាំពីសម្រស់នៃវប្បធម៌របស់កម្ពុជាផងដែរ។
អ្នកស្រីក៏បានបន្ថែមថាការធំដឹងក្តីរបស់ «អ្នកស្រីពោរពេញដោយភាពរីករាយ ការពេញចិត្ត សេចក្តីស្រឡាញ់ គុណធម៌ ហើយដោយសារតែកម្ពុជាមានវប្បធម៌សម្បូរបែប សិល្បៈ ម្ហូបអាហារ និងគ្រួសារ ខ្ញុំចង់សរសេរសៀវភៅដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវទាំងនេះ»។
អ្នកស្រីបន្ថែមថា សៀវភៅនេះក៏រៀបរាប់ពីប្រធានបទសំខាន់ៗផងដែរ។ អ្នកស្រីថា៖
«នេះគឺជារឿងរ៉ាវអំពីបញ្ហាក្នុងការកំណត់អត្តសញ្ញាណខ្លួនឯង និងធ្វើការកែប្រែខ្លួនឯង។ រឿងរ៉ាវទាំងអស់នេះជាបញ្ហាសកលលោក ពីព្រោះវាគឺជាស្មារតីរបស់មនុស្ស និងបង្ហាញពីរបៀបដែលមនុស្សរួចពីការបាត់បង់ដ៍តក់ស្លុតនេះ ជាពិសេសពីរបៀបដែលគេកសាងជីវិតថ្មី រៀនពីអ្នកដែលនៅជិតខ្លួនជាងគេ ដើម្បីជួយអ្នកឲ្យកសាងខ្លួនរបស់អ្នក និងតួនាទីរបស់អ្នកក្នុងសហគមន៍»។
អ្នកស្រីនិយាយថា អ្នកស្រីសរសេរសៀវភៅនេះឡើង ទុកសម្រាប់កូនៗរបស់អ្នកស្រី ដូច្នេះពួកគេនឹងដឹងពីអ្វីដែលបានកើតឡើងទុកជាសេចក្តីគោរពដល់មនុស្សជាទីស្រឡាញ់របស់អ្នកស្រី ដែលត្រូវបានសម្លាប់ និងសម្រាប់ប្រជាជនកម្ពុជា ឲ្យដឹងថារបបប្រល័យពូជសាសន៍ បានបន្សល់ទុកស្នាមរបួស ប៉ុន្តែមិនបានកំណត់ពួកគេថាជាមនុស្ស។
អ្នកស្រីនិយាយថា៖ «អ្នកអាចជាមនុស្សឃោរឃៅ អ្នកអាចធ្វើរឿងសាហាវព្រៃផ្សៃ អ្នកអាចក្លាយជាមនុស្សផ្តាច់ការ ប៉ុន្តែវានឹងមិនសម្លាប់ស្មារតីរបស់មនុស្សបានទេ ហើយនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញនៅក្នុងសៀវភៅរបស់ខ្ញុំ»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា