តុលាការយោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាច គឺលោកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ ពីបទបន្លំការបោះឆ្នោតក្នុងឆ្នាំ២០២០ ដែលគណបក្សរបស់លោកស្រីបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីនោះ។ នេះបើតាមការឱ្យដឹងរបស់ប្រភពមួយ នៅថ្ងៃសុក្រនេះ ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
ប្រភពដដែលនេះបានឱ្យដឹងទៀតថា លោកស្រី Suu Kyi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ ដោយបង្ខំឱ្យធ្វើការជាទម្ងន់។ ប្រភពនេះបន្ថែមទៀតថា លោកស្រី Suu Kyi ដែលមានវ័យ៧៧ឆ្នាំ ហាក់ដូចជាមានសុខភាពល្អជាធម្មតា។
លោកស្រី Suu Kyi ដែលបានជាប់ឃុំចាប់តាំងពីការផ្តួលរំលំដោយរបបយោធាតាំងពីឆ្នាំមុនមក ត្រូវបានតុលាការយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាត់ទោសពីបទពុករលួយ និងបទចោទប្រកាន់ផ្សេងៗមួយចំនួនទៀត ហើយដាក់ទោសឱ្យលោកស្រី ជាប់ពន្ធនាគារចំនួន១៧ឆ្នាំ។
មានមនុស្សប្រមាណជាង២.២០០នាក់ ត្រូវបានសម្លាប់ និងជាង១៥.០០០នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងការបង្ក្រាបរបស់ក្រុមយោធាទៅលើអ្នកប្រឆាំងតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីក្រុមយោធាដណ្ដើមអំណាចមក។ នេះបើតាមការឱ្យដឹងរបស់ក្រុមអ្នកតាមដានក្នុងស្រុកមួយ៕
តុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសលោកស្រី Suu Kyi ឱ្យជាប់ពន្ធនាគារ៣ឆ្នាំពីបទបន្លំការបោះឆ្នោត
ក្រុងរ៉ង់ហ្គូន —