សហរដ្ឋអាមេរិកបានថ្កោលទោសការប្រហារជីវិតសកម្មជននយោបាយនិងមន្ត្រីជាប់ឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ និងបានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាជាបន្ទាន់។
ក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកថ្កោលទោសខ្លាំងក្លាបំផុតលើការប្រហារជីវិតដ៏សាហាវយង់ឃ្នងរបស់របបយោធាភូមា [មីយ៉ាន់ម៉ា] លើសកម្មជនប្រជាធិបតេយ្យនិងមេដឹកនាំជាប់ឆ្នោតមួយចំនួន»។
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា «ដោះលែងអ្នកដែលពួកគេបានឃុំឃាំងដោយអយុត្តិធម៌ និងអនុញ្ញាតឱ្យមានការត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញដោយសន្តិវិធីស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋភូមា [មីយ៉ាន់ម៉ា]»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា ប្រទេសនេះបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ៤ នាក់ ដែលខ្លួនបានចោទប្រកាន់ថាបានជួយអនុវត្ត «សកម្មភាពភេរវកម្ម» ប្រឆាំងនឹងរបបយោធា។ របបយោធានេះបានធ្វើរដ្ឋប្រហារដណ្ដើមគ្រប់គ្រងអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំមុន។ សកម្មជនទាំង ៤ នាក់នេះត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមករានៅក្នុងសវនាការបិទទ្វារមួយ។
អ្នកដែលត្រូវបានប្រហារជីវិតនោះគឺសកម្មជនប្រជាធិបតេយ្យលោក Kyaw Min Yu ដែលគេស្គាល់ថាឈ្មោះ Jimmy អតីតសមាជិកសភានិងជាសិល្បករ hip-hop លោក Phyo Zeya Thaw ដែលជាសម្ព័ន្ធមិត្តម្នាក់របស់មេដឹកនាំមីយ៉ាន់ម៉ាដែលរបបយោធាទម្លាក់ពីតំណែងអ្នកស្រី Aung San Suu Kyi និងសកម្មជនពីរនាក់ផ្សេងទៀតគឺលោក Hla Myo Aung និងលោក Aung Thura Zaw។
សហរដ្ឋអាមេរិកស្ថិតក្នុងចំណោមក្រុមអ្នករិះគន់ជាច្រើនដែលថ្កោលទោសលើការប្រហារជីវិតទាំងនេះ។
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នកស្រី Michelle Bachelet បាននិយាយថា៖ «ខ្ញុំរន្ធត់ចិត្តដោយសារតែបើទោះបីជាមានការអំពាវនាវនៅទូទាំងពិភពលោកក៏ដោយ ក៏របបយោធាមីយ៉ាន់ម៉ានៅតែធ្វើការប្រហារជីវិតសកម្មជនទាំងនេះដោយមិនខ្វល់អំពីសិទ្ធិមនុស្ស។ វិធានការដ៏ឃោរឃៅនិងថយក្រោយនេះគឺជាការពង្រីកនូវយុទ្ធនាការគាបសង្កត់ជាបន្តរបស់របបយោធាប្រឆាំងនឹងប្រជាពលរដ្ឋខ្លួនឯង»។
អ្នកស្រីបានបន្ថែមថា៖ «ការប្រហារជីវិតទាំងនេះ ដែលជាការប្រហារជីវិតដំបូងបង្អស់នៅមីយ៉ាន់ម៉ាក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ គឺជាការរំលោភយ៉ាងឃោរឃៅលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខរបស់មនុស្ស និងលើការធានាឱ្យមានការកាត់ក្ដីដោយយុត្តិធម៌។ សម្រាប់របបយោធា [មីយ៉ាន់ម៉ា] ការបង្កើនការសម្លាប់របស់ខ្លួននេះមានតែធ្វើឱ្យខ្លួនជាប់ជំពាក់កាន់តែជ្រៅនៅក្នុងវិបត្តិដែលខ្លួនបានបង្កើតឡើងនេះតែប៉ុណ្ណោះ»។
រដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ា ដែលជារដ្ឋាភិបាលស្រមោលដែលរបបយោធាមីយ៉ាន់ម៉ាចាត់ទុកថាខុសច្បាប់ បានបញ្ជាក់ថា ខ្លួនមានក្ដី «សោកសៅយ៉ាងខ្លាំង។ ...សហគមន៍អន្តរជាតិត្រូវតែដាក់ទណ្ឌកម្មលើភាពឃោរឃៅរបស់ពួកគេ [របបយោធាមីយ៉ាន់ម៉ា]»។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បាននិយាយថា៖ «ការប្រហារជីវិតនេះគឺជាការប្រឆាំងនឹងការអំពាវនាវម្ដងហើយម្ដងទៀតរបស់យើងឱ្យមានការដោះលែងអ្នកជាប់ឃុំទាំងអស់។ វានឹងធ្វើឱ្យប្រជាពលរដ្ឋ [មីយ៉ាន់ម៉ា] មានអារម្មណ៍កាន់តែខ្លាំងឡើងនិងធ្វើឱ្យសង្គ្រាមនេះកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ជាងនេះទៀត វាក៏នឹងធ្វើឱ្យមីយ៉ាន់ម៉ាកាន់តែឯកោបន្ថែមទៀតពីសហគមន៍អន្តរជាតិផងដែរ។ វាគឺជាក្ដីបារម្ភដ៏ធំធេងមួយ»។
លោក Richard Horsey ទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការមីយ៉ាន់ម៉ានៃអង្គការ International Crisis Group បាននិយាយថា៖ «លទ្ធភាពណាមួយនៃការចរចាដើម្បីបញ្ចប់វិបត្តិដែលបង្កើតឡើងដោយរដ្ឋប្រហារ [យោធា] នេះត្រូវបានផាត់ចោលអស់ហើយនៅពេលឥឡូវនេះ។ នេះគឺជារបបដឹកនាំដែលចង់បង្ហាញថា ខ្លួននឹងធ្វើអ្វីតាមអំពើចិត្តនិងមិនស្ដាប់តាមនរណាម្នាក់នោះទេ។ របបយោធានេះយល់ឃើញថាការប្រហារជីវិតនេះគឺជាការបង្ហាញឱ្យឃើញពីភាពខ្លាំងក្លា ប៉ុន្តែវាប្រហែលជាការគិតខុសដ៏ធ្ងន់ធ្ងរ»។
លោក Erwin van der Borght ប្រធានប្រចាំតំបន់នៃអង្គការសិទ្ធិមនុស្ស Amnesty International បាននិយាយថា៖ «ការប្រហារជីវិតទាំងនេះស្មើនឹងការដកហូតអាយុជីវិតមនុស្សដោយខុសច្បាប់ និងជាឧទាហរណ៍មួយទៀតនៃប្រវត្តិសិទ្ធិមនុស្សដ៏ឃោរឃៅរបស់របបយោធាមីយ៉ាន់ម៉ា។ ... សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់ ដោយសារតែមនុស្សជាង ១០០ នាក់ត្រូវគេជឿថាកំពុងរង់ចាំត្រូវគេប្រហារជីវិត បន្ទាប់ពីពួកគេត្រូវបានផ្តន្ទាទោសនៅក្នុងនីតិវិធីស្រដៀងគ្នានេះរួចមក»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters។
ប្រែសម្រួលដោយលោក ឈឹម សុមេធ