កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ចាប់ផ្តើមដំណើរការពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកុម្ភៈក្នុងរាជធានីភ្នំពេញក្រោមការដឹកនាំរបស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេន។ អាណត្តិទី៣របស់កម្ពុជាចាប់ផ្តើមក្នុងពេលដែលមានបរិយាកាសតានតឹងផ្ទៃក្នុងនៃសមាគមតំបន់នេះនិងសម្ពាធពីខាងក្រៅកាន់តែខ្លាំង។
មូលបទរបស់អាស៊ានក្រោមការដឹកនាំរបស់កម្ពុជាគឺ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ វាជាមូលបទមួយដែលលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានចាត់ទុកថា ស្របនឹងបញ្ហាដែលតំបន់អាស៊ានកំពុងរងសម្ពាធពី«ចម្រុះជ្រុង»និង«ក្នុងកម្រិតមិនធ្លាប់មាន» ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកអង្គការនេះជិត២៣ឆ្នាំមក។
តំបន់អាស៊ីអាគ្នេយ៍ត្រូវបានអ្នកស្រាវជ្រាវមើលឃើញកាន់តែខ្លាំងឡើងថាជាព្រំដែនយុទ្ធសាស្ត្រសម្រាប់ទាំងហេតុផលនយោបាយ និងសេដ្ឋកិច្ចនៃមហាអំណាចសហរដ្ឋអាមេរិកនិងចិន។ ភាពតានតឹងរវាងមហាអំណាចទាំងពីរបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បន្តរហូតដល់រដ្ឋបាលលោកប្រធានាធិបតី Joe Biden។ នេះបើតាមសៀវភៅដែលមានចំណងជើងថា«កម្ពុជាក្នុងនាមប្រធានប្តូរវេនអាស៊ាន៖ ការឆ្លើយតបនឹងទស្សនៈប្រឈមនិងការពង្រឹងប្រសិទ្ធភាពកិច្ចការតំបន់»របស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពសហការគ្នាជាមួយមូលនិធិអាស៊ី។
លោក ប្រាក់ សុខុន បានថ្លែងប្រាប់គណៈកម្មការការបរទេសព្រឹទ្ធសភាកាលពីថ្ងៃទី៩ខែកុម្ភៈថា៖ «បន្ថែមលើសម្ពាធនិងការប្រឈមបណ្តាលមកពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ការប្រកួតប្រជែងដ៏តានតឹងបំផុតបន្ទាប់ពីការបញ្ចប់នៃសង្គ្រាមត្រជាក់រវាងមហាអំណាចធំជាងគេនៃពិភពលោកនិងវិបត្តិតំបន់កាន់តែជ្រៅទៅៗដូចបានរៀបរាប់ខាងលើនេះ អាស៊ានក៏កំពុងតែប្រឈមនឹងបញ្ហាផ្ទៃក្នុងនិងបញ្ហាស្ថាប័នដ៏លំបាកផងដែរ»។
ប្រធានអាស៊ានចាត់ទុកថាការប្រឈមទាំងនេះ បានបង្កសម្ពាធមកលើបណ្តាប្រទេសក្នុងតំបន់និងនាំឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ ប៉ះពាល់ដល់ការរក្សានិងពង្រឹងមជ្ឈភាពរបស់អាស៊ាន ពិសេសក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។
លោក ប្រាក់ សុខុន បានបន្ថែមថា៖ «វាក៏ប៉ះពាល់ដល់ឯកភាព សាមគ្គីភាព ភាពធន់របស់អាស៊ាន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការងារសមាហរណកម្មនិងការពង្រីកដៃគូខាងក្រៅជាដើម»។
ការប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានលើកនេះមិនមានតំណាងមកពីប្រទេសមីយ៉ាន់ម៉ាចូលរួមទេដោយសារតែរបបយោធាបានបដិសេធមិនបញ្ជូនតំណាងមិនពាក់ព័ន្ធនឹងនយោបាយឱ្យទៅចូលរួមពីព្រោះសមាជិកអាស៊ានមួយចំនួនដែលមានដូចជាម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីប្រកាន់ខ្ជាប់តាមការសម្រេចរបស់ព្រុយណេ អតីតប្រធានអាស៊ានកាលពីអាណត្តិមុនដែលមិនឲ្យតំណាងនយោបាយចូលរួម។ ពួកគេអនុញ្ញាតឲ្យតែតំណាងមិនមែននយោបាយប៉ុណ្ណោះ។ ក្រសួងការបរទេសរបបសឹកមីយ៉ាន់ម៉ាចាត់ទុកការសម្រេចនោះថា «ផ្ទុយនឹងគោលការណ៍និងការអនុវត្តនៃតំណាងស្មើភាពគ្នាក្នុងអាស៊ាន»។
ប្រទេសកម្ពុជាក្នុងនាមជាប្រធានបានខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំមួយដែលមានតំណាងអាស៊ានទាំង១០ចូលរួមរហូតដល់បានធ្វើឲ្យខកខានកិច្ចប្រជុំដ៏សំខាន់នេះដែលបានគ្រោងធ្វើជាលើកដំបូងកាលពីខែមករា។
វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាបានកើតមានឡើងតាំងពីខែកុម្ភៈឆ្នាំមុនក្រោយពីពួកយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់។ ការព្យាយាមរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនេះតាមរយៈដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅជួបមេដឹកនាំរដ្ឋប្រហារដោយផ្ទាល់កាលពីដើមខែមករាបាននាំឲ្យមានការរិះគន់ជាច្រើន។ អ្នកជំនាញព្រមានថាវិបត្តិនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា។
លោក Charles Dunst អ្នកស្រាវជ្រាវកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្រ្តដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបានចាត់ទុកថាវិធីសាស្រ្តរបស់លោក ហ៊ុន សែន ចំពោះប្រទេសមីយ៉ាន់ម៉ានឹងមិននាំមកនូវសន្តិភាពដល់ប្រទេសនោះទេ។
លោក Charles Dunst បានបញ្ជាក់បន្ថែមក្នុងខ្ទង់អត្ថាធិប្បាយដែលចេញផ្សាយកាលពីថ្ងៃទី៤ខែកុម្ភៈថា៖ «ផ្ទុយទៅវិញ វានឹងធ្វើឱ្យស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ឡើង បង្កើនភាពតានតឹងក្នុងអាស៊ាន និងធ្វើឱ្យខូចទំនាក់ទំនងជាក្រុមជាមួយសហរដ្ឋអាមេរិក ដែលទីបំផុតធ្វើឱ្យការអះអាងរបស់អាស៊ានចំពោះមជ្ឈភាពក្នុងតំបន់ចុះខ្សោយ»។
ក្នុងខណៈការដឹកនាំបានចេញដំណើរដោយមានឧបសគ្គខ្លះ ក៏កម្ពុជាសម្តែងក្តីសង្ឃឹមថាតំបន់នេះអាចជម្នះការប្រឈមនានាបានក្រោមមូលបទដែលបានបង្ហាញឲ្យដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នានេះដើម្បីសម្រេចបាននូវគោលដៅរួម។
លោក ប្រាក់ សុខុន បានបន្ថែមថាអាស៊ានត្រូវសង្កត់ធ្ងន់លើមជ្ឈភាពអាស៊ាន ការឯកភាព និងសាមគ្គីភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ ក្នុងពេលជាមួយគ្នានេះដែរអង្គការតំបន់នេះនឹងរួមចំណែកចំពោះសន្តិភាព ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងពិភពលោក។
អ្នកស្រាវជ្រាវមើលឃើញថានេះក៏ជាពេលដែលកម្ពុជាត្រូវប្រារព្ធខួបលើកទី២០នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្ដីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១២ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន។ សេចក្តីប្រកាសនោះបានជួយបន្ធូរភាពតានតឹងរវាងភាគីជម្លោះដែលមានចិនជាមួយនឹងសមាជិកអាស៊ានខ្លះក្នុងខណៈការចរចាលើក្រមប្រតិបត្តិនៅបន្ត។
ការប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានលើកនេះធ្វើឡើងដោយលក្ខណៈចម្រុះគឺមានប្រទេសដែលចូលរួមដោយផ្ទាល់ផងខណៈប្រទេសខ្លះទៀតដូចជាប្រទេសព្រុយណេនិងថៃវិញចូលរួមតាមអនឡាញប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសក៏បានឲ្យដឹងដែរថាក្រុមរដ្ឋមន្ត្រីក៏ផ្តោតការពិភាក្សាលើតម្រូវការក្នុងការពន្លឿនការអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន(ACRF)និងប្រតិបត្តិការក្របខណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន(ATCAF)។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាដែលបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ៕