ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​ថា​ លោក​ប្រើប្រាស់​«វិធីសាស្រ្ត​ទន់»​ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា​


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​លោក​ឧត្តមសេនីយ៍ Min Aung Hlaing ដែល​ជា​ប្រមុខរដ្ឋ​មីយ៉ាន់ម៉ា ក្នុង​អំឡុងពេល​នៃ​ជំនួប​លោក​ទាំងពី​រ​នៅ​ទីក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្វាគមន៍​លោក​ឧត្តមសេនីយ៍ Min Aung Hlaing ដែល​ជា​ប្រមុខរដ្ឋ​មីយ៉ាន់ម៉ា ក្នុង​អំឡុងពេល​នៃ​ជំនួប​លោក​ទាំងពី​រ​នៅ​ទីក្រុង​ណៃពិដោរ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (AP)

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ចន្ទ​នេះ​ អះអាង​ថា​លោក​នឹង​រង់ចាំ​មើល​ថា​តើ​ប្រធាន​សមាគម​អាស៊ាន​ក្រោយ​ទៀត ​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ ឬ​យ៉ាងណា ​ដោយ​លោក​បាន​ការពារ​វិធី​សាស្រ្ត​«ទន់»​របស់​លោក​ក្នុង​ការ​ដោះស្រាយ​កាល​ពី​កន្លង​ទៅ។​

នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​មួយ​ខ្សែ​នៅ​ក្នុង​ខេត្ត​ក្រចេះ ​លោក​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន ​បាន​ចោទ​ជា​សំណួរ​ថា​ ​តើ​គួរ​ប្រើ​ប្រាស់​វិធី​សាស្រ្ត​ទន់​ឬ​រឹង​ទៅ​លើ​បញ្ហា​នៅ​មីយ៉ាន់ម៉ា។

លោក​ថ្លែង​ថា៖​ «ហើយ​សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​មាន​អ្នក​យល់​ព្រម​ទៅ ​មាន​អ្នក​មិន​យល់​ព្រម។​ ​ អាហ្នឹង​ជា​ដំណើរ​ការ​ប្រជា​ធិបតេយ្យ។ ប៉ុន្តែ​ខ្ញុំ​ក៏​រង់ចាំ​មើល​ដែរ​រវាង​វិធីសាស្រ្ត​ទន់ ​និង​វិធីសាស្រ្ត​រឹង។​ ខ្ញុំ​ក៏​រង់ចាំ​មើល​ដែរ។​ ខ្ញុំ​នៅ​សល់​អាណត្តិ​របស់​ខ្ញុំ​នៅ​ត្រឹម​តែ​ជាង​១១​ខែ​ទេតើ! អ៊ីចឹង​អ្នក​ក្រោយ​ គេ​ដោះស្រាយ​ទៅ!​ ខ្ញុំ​មិន​ទៅ​ឈឺ​ក្បាល​អី​ខ្ញុំ​ណា​ពេក!»​

លោក​បន្ថែម​ថា៖​ «វិធីសាស្រ្ត​របស់​ខ្ញុំ​អាច​អ្នក​ឯង​មើល​ភាន់​ច្រឡំ ​ឬ​វិនិច្ឆ័យ​ខុស​អំពី​គោល​បំណង​របស់​ខ្ញុំ។ ​សូម​អ្នក​ឯង​អញ្ជើញ​ត​ទៅ​ទៀត​ទៅ!​ ធ្វើ​ត​ទៅ​ទៀត​ទៅ!​ ខ្ញុំ​ចង់​សួរ​តែ​មួយ​ម៉ាត់​ទេ។​ តើ​អ្នក​ឯង​មាន​លទ្ធភាព​ផ្តួល​រំលំ​អ្នក​កាន់​អំណាច​នៅ​ណៃពិដោ​សព្វ​ថ្ងៃ​បាន​ឬ​អត់?»​

នៅ​ពេល​ក្លាយ​ជា​ប្រធាន​អាស៊ាន​ចាប់​តាំង​ពី​ដើម​ខែ​មករា​មក​ លោក ​ហ៊ុន សែន​បាន​បង្ហាញ​ពី​បំណង​របស់​លោក​ចង់​ឲ្យ​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា ​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត ​មួយ​ឆ្នាំ​មក​ហើយ ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ឡើង​វិញ ​បន្ទាប់​ពី​ត្រូវ​បាន​ផាត់​ចោល​ដោយ​មេ​ដឹកនាំ​អាស៊ាន​កាល​ពី​កន្លង​ទៅ។​

លោក ​ហ៊ុន សែន ​ថែម​ទាំង​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មករា​ និង​ជួប​ជាមួយ​មេ​ដឹកនាំ​យោធា​ផង​ដែរ។​ ប៉ុន្តែ​ដំណើរ​ទស្សន​កិច្ច​នេះ​ ត្រូវ​បាន​រិះគន់​ថា​ មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ និង​បង្ហាញ​ការ​ទទួល​ស្គាល់​មេ​ដឹកនាំ​យោធា​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២១។​

លោក ​ហ៊ុន សែន ​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ថា៖ ​«ហើយ​បើ​មិន​និយាយ​គ្នា​ តើ​ទៅ​និយាយ​ជាមួយ​អ្នក​ណា?​ ​គេ​ចង់​ឲ្យ​ទាត់​ចោល​នៃ​រដ្ឋាភិបាល​នៃ​អ្នក​គ្រប់គ្រង​អំណាច​នៅ​ណៃពិដោ​តែ​ម្តង។ ​អ៊ីចឹង​អ្នក​ធ្វើ​ទៅ!»​

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ស្នើ​សុំ​ទុក​ឲ្យ​ប្រធាន​អាស៊ាន​បំពេញ​កិច្ច​ការ​របស់​ខ្លួន​បន្តិច ​មុន​នឹង​រិះគន់​វិធីសាស្រ្ត​របស់​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​

លោក​ថ្លែង​បន្ត​ថា៖​ «បើ​គ្នា​មិន​ទាន់​បាន​ធ្វើ​អី​ផង! គោលដៅ​ទៅ​ណា ​អី​ណា ​គឺ​មិន​ទាន់​និយាយ​គ្នា​បាន​ផង ​បែរ​ជា​ចាប់​ផ្តើម​បង្កើត​រឿង​ទៅ​ហើយ!​ សូម​អញ្ជើញ​ អ្នក​ឯង​ចង់​ធ្វើ​តាម​ចិត្ត​អ្នក​ឯង»។

លោក ​ហ៊ុន សែន ​បន្ថែម​ថា​ លោក​មិន​បោះ​បង់​ចោល​កុងសង់ស៊ីស​៥​ចំណុច​ឡើយ ​ដែល​លោក​ថាលោក​ជា​អ្នក​ផ្តួច​ផ្តើម​កាល​ពី​កិច្ច​ប្រជុំ​មេ​ដឹកនាំ​អាស៊ាន​ក្នុង​ខែ​មេសា ​ឆ្នាំ​២០២១។​

ប្រទេស​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​បាន​សម្រេច​មិន​អញ្ជើញ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​ ចូលរួម​កិច្ច​ប្រជុំ​កំពូល​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦​ និង​១៧ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​ នៅ​រាជធានី​ភ្នំពេញ​ឡើយ។​

នេះ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ម្តង​ បន្ទាប់​ពី​បាន​លើក​ពេល​ម្តង​រួច​មក​ហើយ​កាល​ពី​ខែ​មករា​ ក្រោយ​មាន​ភាព​ចម្រូងចម្រាស​លើ​ការ​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ ​ដែល​មេ​ដឹកនាំ​អាស៊ាន​មួយ​ចំនួន​ជំទាស់​នឹង​វត្តមាន​របស់​មន្រ្តី​ថ្នាក់​នយោបាយ​មីយ៉ាន់ម៉ា។​

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(Asian Vision Institute) ​លោក​ ឈាង វណ្ណារិទ្ធិ ​ថ្លែង​ថា​ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​មាន​តួនាទី​សំខាន់​មួយ ​គឺ​ការ​សម្របសម្រួល​ធានា​គោលការណ៍​មូលមតិ​គ្នា​ ឬ​កុងសង់ស៊ីស​សម្រាប់​ការ​សម្រេច​ចិត្ត។​

លោក​ថ្លែង​ថា៖ ​«សំខាន់​គឺ​យើង​ឲ្យ​អាស៊ាន​ជា​ចម្បង​ផង ​មជ្ឈភាព​អាស៊ាន ​សាមគ្គី​ភាព​អាស៊ាន​ជា​ចម្បង ​ហើយ​យើង​ធ្វើ​ជា​ប្រធាន​អាស៊ាន​គឺ​ជា​អ្នក​សម្រប​សម្រួល ​ធ្វើ​ម៉េច​ឲ្យ​មាន​ consensus ​[កុងសង់ស៊ីស]​នៅ​ក្នុង​អាស៊ាន​ហ្នឹង»។​

កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាពអត់​ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។​

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ ​មេ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ រួម​មាន​ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី ​ជា​ដើម ​បាន​បង្ហាញ​ជំហរ​ថា​ មេដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​ នឹង​មិន​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឡើយ​ ប្រសិន​បើ​មិន​មាន​ការ​វិវឌ្ឍ​៥​ចំណុច ​ដែល​មេ​ដឹកនាំ​អាស៊ាន​បាន​ឯក​ភាព​គ្នា ​កាល​ពី​ខែ​មេសា ​ឆ្នាំ​មុន៕

XS
SM
MD
LG