បណ្តាញសារព័ត៌មានរដ្ឋនៃប្រទេសមីយ៉ាន់ម៉ាបានផ្សាយកាលពីថ្ងៃចន្ទទី២២ ខែមេសាថាអនុប្រធានាធិបតីមីយ៉ាន់ម៉ាលោក Henry Van Thio ដែលបានបម្រើការនៅក្នុងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ហើយបានបន្តកាន់តំណែងនេះនៅក្រោយក្រុមយោធាបានបណ្តេញលោកស្រីដើម្បីក្តាប់អំណាចកាលពីឆ្នាំ២០២១ បានចុះចេញពីតំណែងដោយសារហេតុផលសុខភាពដែលមិនត្រូវបានបញ្ជាក់ជាក់លាក់ឡើយ។
ទូរទស្សន៍រដ្ឋ MRTV បានប្រកាសកាលពីថ្ងៃទី២២ ខែមេសាថាលោក Henry Van Thio អាយុ៦៥ឆ្នាំត្រូវបានអនុញ្ញាតឱ្យចូលនិវត្តន៍ពីតំណែងលោកដោយសារហេតុផលសុខភាពតាមរដ្ឋធម្មនុញ្ញតែមិនបានផ្តល់សេចក្តីលម្អិតអំពីសុខភាពលោកទេ ហើយក៏មិនបាននិយាយទេថាតើនរណានឹងកាន់តំណែងជំនួសលោកឡើយ។
លោក Van Thio ដែលជាជនអំបូរភាគតិច Chin នៃប្រទេសមីយ៉ាន់ម៉ានិងជាអតីតនាយទាហានម្នាក់ បានត្រូវតែងតាំងជាអនុប្រធានាធិបតីទីពីរកាលពីឆ្នាំ២០១៦នៅពេលគណបក្សរបស់លោកស្រី Suu Kyi ចាប់ផ្តើមអាណត្តិទីមួយរបស់ខ្លួនក្រោយឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំ២០១៥។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាដោយមានសំឡេងភាគច្រើនក្នុងសភាពីឆ្នាំ២០១៥ដល់ឆ្នាំ២០២១ នៅមុនត្រូវបានទម្លាក់ពីអំណាចដោយកងយោធា។
លោក Van Thio ជាសមាជិកតែម្នាក់គត់នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Suu Kyi ដែលកាន់តំណែងក្នុងឋានៈជាសមាជិកម្នាក់នៃក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខនៅក្រោយក្រុមយោធាក្តាប់អំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតនៅក្រោមរដ្ឋាភិបាលយោធាមុន ជាអង្គការរដ្ឋាភិបាលខ្ពស់បំផុតតាមរដ្ឋធម្មនុញ្ញទទួលខុសត្រូវខាងកិច្ចការសន្តិសុខនិងការពារជាតិត្រូវដឹកនាំដោយប្រធានាធិបតី។ តែជាការអនុវត្តវិញ ក្រុមយោធាគ្រប់គ្រងអង្គការនេះ។ សមាជិកនៃក្រុមប្រឹក្សានេះជាមេទាហានជាន់ខ្ពស់និងពួកអ្នកនយោបាយលម្អៀងទៅខាងយោធា។
ក្រុមប្រឹក្សានេះបំពេញមុខនាទីសំខាន់មួយនៅក្នុងការក្តាប់អំណាចដោយកងយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១នៅពេលលោក Win Myint ប្រធានាធិបតីនៅក្នុងរដ្ឋាភិបាលលោកស្រី Suu Kyi ត្រូវបានចាប់ឃុំឃាំងជាមួយលោកស្រី។ អនុប្រធានាធិបតីទីមួយលោក Myint Swe ដែលជាសមាជិកម្នាក់នៃគណបក្សមួយលម្អៀងទៅខាងយោធាបានក្លាយជាប្រធានាធិបតីស្តីទី។ ចំណាត់ការនេះបានអនុញ្ញាតឱ្យក្រុមប្រឹក្សានេះអាចប្រជុំគ្នាបាន ប្រកាសភាពអាសន្ននិងប្រគល់អំណាចឱ្យលោកឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing។
ទោះជាកងទ័ពអះអាងថាខ្លួនក្តាប់អំណាចតាមរដ្ឋធម្មនុញ្ញក៏ដោយ ក៏ពួកអ្នកប្រាជ្ញខាងច្បាប់ពណ៌នាសកម្មភាពនេះថាមិនត្រឹមត្រូវតាមច្បាប់ទេ។ កងទ័ពបានប្រកាសភាពអាសន្នច្រើនដងមកហើយ។
លោក Van Thio មិនបានបំពេញមុខនាទីសកម្មជាក់លាក់ណាមួយក្នុងរដ្ឋាភិបាលយោធាទេ ក្រៅពីជួយធ្វើឱ្យឃើញថាក្រុមយោធាគ្រប់គ្រងប្រទេសតាមរដ្ឋធម្មនុញ្ញ។
លោកសឹងតែបាត់មុខទាំងស្រុងពីសាធារណៈរហូតដល់ពេលលោកបានចូលរួមក្នុងការប្រជុំក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខកាលពីខែកក្កដាឆ្នាំទៅ នៅពេលស្ថានភាពអាសន្នត្រូវបានពន្យារពេលជាលើកទីបួន។ លោកបានអវត្តមានពីការប្រជុំក្រុមប្រឹក្សានេះកាលពីលើកមុនៗដើម្បីពន្យារពេលការគ្រប់គ្រងគ្រាមានអាសន្ន ដោយហេតុផលសុខភាព។ គេបានរាយការណ៍ថាលោកបានព្យាបាលនៅក្នុងមន្ទីរពេទ្យកាលពីឆ្នាំទៅមិញដោយសារលោកមានរបួសធ្ងន់ត្រង់ក្បាលនៅក្នុងការដួលនៅឯផ្ទះលោកក្នុងរដ្ឋធានីណៃពិដោ។
ពីរបីថ្ងៃក្រោយការប្រជុំកាលពីខែកក្កដារបស់ក្រុមប្រឹក្សាយោធា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានប្រកាសថាខ្លួនបានបណ្តេញលោក Van Thio ចេញពីគណបក្សដោយសារលោកបានចូលរួមក្នុងការប្រជុំជាមួយពួកយោធា។ កាលពីខែមីនាឆ្នាំទៅ រដ្ឋាភិបាលយោធាបានរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដោយសារបក្សនេះមិនបានចុះឈ្មោះឱ្យទាន់ពេលកំណត់ចុងក្រោយបង្អស់។ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យមិនបានទទួលស្គាល់ភាពស្របច្បាប់របស់ក្រុមប្រឹក្សាយោធាឡើយ។
គណបក្សលោកស្រី Suu Kyi បានឈ្នះឆ្នោតមានសំឡងភាគច្រើននៅក្នងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ តែនៅខែកុម្ភៈ ឆ្នាំ២០២១ កងយោធាបានរារាំងពួកសមាជិកសភាជាប់ឆ្នោតទាំងអស់មិនឱ្យកាន់កាប់អាសនៈរបស់ពួកគេក្នុងសភាទេ។ ក្រុមយោធាបានក្តាប់អំណាច និងបានចាប់ឃុំឃាំងសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលនិងគណបក្សរបស់លោកស្រី Suu Kyi លើកលែងតែលោក Van Thio និងលោក Myint Swe។
កងទ័ពបាននិយាយថាពួកគេបានក្តាប់អំណាចកាលពីឆ្នាំ២០២១ដោយសារមានការបន្លំសន្លឹកឆ្នោតច្រើន ទោះជាពួកអ្នកសង្កេតការបោះឆ្នោតឯករាជ្យមិនបានរកឃើញភាពមិនប្រក្រតីធំដុំក៏ដោយ។
ការក្តាប់អំណាចដោយកងទ័ពបាននាំឱ្យមានការប្រឆាំងពីប្រជារាស្ត្រ។ នៅក្រោយបាតុកម្មដោយសន្តិវិធីត្រូវបានបង្ក្រាបដោយកងកម្លាំងនាំឱ្យមានមនុស្សស្លាប់ អ្នកជំទាស់ច្រើននាក់នឹងការគ្រប់គ្រងយោធាបានកាន់អាវុធ ហើយក៏មានសង្គ្រាមក្នុងផ្នែកជាច្រើននៃប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ