នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានបញ្ជាក់ថា ឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយដើម្បីបើកការចរចាជាមួយរបបយោធាមីយ៉ាន់ម៉ា ស្របពេលដែលរបបយោធានេះកំពុងចុះខ្សោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
របបយោធាមីយ៉ាន់ម៉ាកំពុងប្រឈមនឹងការបះបោរប្រឆាំងពីគ្រប់ជ្រុង ដោយក្រុមសម្ព័ន្ធភាពប្រឆាំងនឹងរបបយោធានេះបានដណ្តើមកាន់កាប់ប៉ុស្តិ៍យោធានិងទីប្រជុំជនជាច្រើនកន្លែង ដែលក្នុងនោះរួមមានទាំងផ្នែកមួយចំនួននៃតំបន់ប្រជុំជនសំខាន់មួយនៅជិតព្រំដែនជាមួយប្រទេសថៃកាលពីចុងសប្តាហ៍កន្លងទៅនេះផងដែរ។
ការបះបោរប្រឆាំងនេះគឺជាការប្រឈមដ៏ធំបំផុតសម្រាប់របបយោធាមីយ៉ាន់ម៉ា ចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំ ២០២១ មក។
នាយករដ្ឋមន្ត្រីថៃលោក Srettha បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយនៅកោះ Samui នៃប្រទេសថៃកាលពីថ្ងៃអាទិត្យថា៖ «របបយោធា [មីយ៉ាន់ម៉ា] បច្ចុប្បន្នកំពុងចុះខ្សោយ។ ប៉ុន្តែ ទោះបីជាពួកគេកំពុងចុះខ្សោយក៏ដោយ ក៏ពួកគេនៅមានអំណាចនិងសព្វាវុធ។ ប្រហែលនេះជាពេលវេលាក្នុងការទាក់ទងពួកគេនិងបង្កើតកិច្ចព្រមព្រៀងមួយ»។
លោក Srettha បាននិយាយថា មីយ៉ាន់ម៉ាមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសថៃ ហើយលោកនិងមន្ត្រីថៃដទៃទៀតបាននិយាយជាមួយភាគីពាក់ព័ន្ធផ្សេងៗនៅមីយ៉ាន់ម៉ា និងដៃគូអន្តរជាតិនានារួមទាំងប្រទេសចិននិងសហរដ្ឋអាមេរិកផងដែរ។
លោកបានបន្ថែមថា៖ «ប្រសិនបើមីយ៉ាន់ម៉ាមានការបង្រួបបង្រួម សន្តិភាព និងវិបុលភាព ប្រទេសដែលទទួលបានផលប្រយោជន៍ច្រើនបំផុតគឺប្រទេសថៃ»៕
កោះ Samui ប្រទេសថៃ —
វេទិកាបញ្ចេញមតិ