ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រយុទ្ធតប​ឬ​គេចខ្លួន? ច្បាប់​កេណ្ឌ​ទ័ព​ជា​ជម្រើស​លំបាក​សម្រាប់​យុវជន​មីយ៉ាន់ម៉ា


រូបឯកសារ៖ ហ្វូងមនុស្សតម្រង់ជួររង់ចាំដើម្បីចូលទៅស្ថានទូតថៃសម្រាប់ការណាត់ជួបទិដ្ឋាការនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទ២០ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ ហ្វូងមនុស្សតម្រង់ជួររង់ចាំដើម្បីចូលទៅស្ថានទូតថៃសម្រាប់ការណាត់ជួបទិដ្ឋាការនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទ២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាច្រើន​សប្តាហ៍​ក្រោយ​ពីរដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ប្រកាសជ្រើសរើស​កងទ័ព​នៅ​ទូទាំង​ប្រទេស​ ស្ត្រី​វ័យក្មេង​ពីរនាក់​ដែល​មក​ពី​តំបន់ឆ្ងាយ​ដាច់​ស្រយ៉ាល​នៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​រត់​ចូល​ព្រៃ​ ដើម្បី​កាន់អាវុធ​តស៊ូ​ប្រឆាំង​នឹង​ក្រុម​របបសឹក​មីយ៉ាន់ម៉ា។ ​នេះ​បើ​តាមការ​ចេញ​ផ្សាយ​របស់ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។ ​

ការ​គំរាម​កំហែង​ពី​កំណែន​យោធា​ដែល​ត្រូវ​បាន​ប្រកាស​ឡើង​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ បាន​ធ្វើ​ឱ្យ​បុរស​មីយ៉ាន់ម៉ាពីរ​នាក់ ដែល​ស្ថិត​ក្នុង​វ័យ​ឆ្នាំ៣០​ឆ្នាំ​ រស់​នៅ​ក្នុង​ទីក្រុង​ដ៏​បំផុតពីរ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ​សម្រេច​ចិត្ត​ឈប់​រស់​នៅ​ទីនោះ​ ហើយរត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេសថៃ​ដែល​នៅ​ក្បែរ​ខាង។

​ជម្រើស​នៃ​មនុស្ស​ទាំង​៤​នាក់​នេះ​ ​ ដែល​សម្រច​រត់ចូល​ព្រៃ​ធ្វើ​ការ​តស៊ូ​និង​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ក្បែរ​ខាង​ ជា​សញ្ញា​មិន​ល្អ​មួយ​នៅ​ក្នុង​ភាព​ច្របូកច្របល់របស់​ប្រទេស​នេះ​ ​ខណៈ​ដែលក្រុម​តស៊ូ​ប្រឆាំងនឹង​របប​សឹក​កំពុង​កើន​ឡើង​ ដែល​ជា​ការ​ប្រឈម​ដ៏​ធំបំផុត​មួយដល់​របប​សឹកមីយ៉ាន់ម៉ា​ ​តាំង​ពី​ខ្លួន​ធ្វើ​រដ្ឋប្រហារដណ្តើម​អំណាច​ក្នុងឆ្នាំ​២០២១​មក។

ដោយ​អនុវត្ត​ច្បាប់ដែល​អនុម័ត​ក្នុង​ឆ្នាំ​២០១០​ របប​យោធា​មីយ៉ាន់ម៉ាបាន​និយាយ​កាល​ពី​ខែ​កុម្ភៈ​ថា​ បុរស​ទាំង​អស់ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ដល់​៣៥​ឆ្នាំ​ ហើយនារី​ដែល​មាន​អាយុ​ចាប់​ពី​១៨​ដល់​២៧​ឆ្នាំ​ ត្រូវ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ពរយៈពេល​២​ឆ្នាំ​ ខណៈ​អ្នក​ដែល​មាន​ជំនាញ​ឯកទេសដូច​ជា​វេជ្ជបណ្ឌិត​ជា​ដើម​ ដែល​មាន​អាយុ​រហូត​ដល់​៤៥​ឆ្នាំ​ ត្រូវចូល​បម្រើ​កងទ័ពរយៈពេល​៣​ឆ្នាំ។ ​

​នេះមាន​ន័យ​ថា​ មនុស្ស​ប្រមាណ​១៤លាន​នាក់​ ឬ​ប្រមាណ​២៧ភាគរយ​នៃ​ប្រជាជន​មីយ៉ាន់ម៉ា​ទាំង​អស់ ​ត្រូវ​ជាប់​កំណែន​យោធា​ ដោយរបប​យោធា​មីយ៉ាន់ម៉ា​អំពាវនាវ​ឱ្យ​មានការ​ចុះ​ឈ្មោះចូល​យោធាចំនួនប្រហែល​៦ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។​ ការ​ប៉ាន់ស្មានទៅ​លើ​ចំនួនកងទ័ព​មីយ៉ាន់ម៉ា​ ក្រុមឧទ្ទាមតស៊ូប្រឆាំង​ ឬចំនួន​មនុស្ស​ដែល​រត់គេច​ពី​កំណែន​កងទ័ព​នោះ​ មិន​អាច​រក​បានឡើយ។ ​

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ ​បានធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការវាយប្រហាររបស់​ក្រុម​ឧទ្ទាម​ប្រឆាំង​កាល​ពី​ខែតុលា​កន្លង​ទៅ​ ដែល​ជា​ការ​គំរាមកំហែងដ៏​ខ្លាំង​បំផុត​មួយទៅ​លើ​របប​ខ្លួន​ ​ចាប់​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ ដែល​ដឹកនាំ​ដោយ​ជ័យលាភី​រង្វាន់ណូបែល​អ្នកស្រី Aung San Suu Kyi មក​។

«វា​ជា​ជម្រើស​របស់​ខ្ញុំ»

«ក្រោយ​ច្បាប់​កំណែន​យោធា​ត្រូវ​បានដាក់​ឱ្យ​អនុវត្ត​នោះ​ ពលរដ្ឋវ័យ​ក្មេងទាំង​អស់​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន»។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​នារី​ម្នាក់​ ដែល​ធ្លាប់​ជា​និស្សិតផ្នែក​វិទ្យាសាស្ត្រ​កំព្យូទ័រ​វ័យ​១៨​ឆ្នាំ​ ដែល​បាន​ចាកចេញ​ពី​រដ្ឋ​ Mon ដោយ​មិន​បាន​ប្រាប់​ដំណឹង​ដល់​ម្តាយ​ឡើយ ដើម្បី​ចូល​រួម​ជា​មួយ​ចលនា​ប្រដាប់​អាវុធរបស់ក្រុម​ឧទ្ទាម​សហភាព​ជាតិ​ការ៉ែន។ នាង​និយាយ​ថា​ «ខ្ញុំ​មិន​ខ្លាច​សមរភូមិ​ប្រយុទ្ធ​ឡើយ។ ​ខ្ញុំ​បាន​ធ្វើការ​ជ្រើស​រើស​រួច​ហើយ»។

នៅ​ក្នុង​រាជធានី​បាងកក​ប្រទេសថៃ​ឯណោះ​វិញ​ បុរស​ជនជាតិ​មីយ៉ាន់ម៉ា​ម្នាក់​ ដែល​មាន​អាយុ៣២​ឆ្នាំ​ ហើយ​ដែល​បាន​រត់​ភៀសខ្លួន​មក​ពី​ក្រុង​Mandalay ក្នុង​ប្រទេស​មីយ៉ាន់ម៉ាបាន​និយាយ​ថា​ «ខ្ញុំស្ថិត​នៅ​ជា​មួយ​គ្រួសារ​និង​ធ្វើការងារ​ខ្ញុំថ្ងៃ​មុន​សោះ តែ​ពេល​នេះ​ ខ្ញុំ​មក​ដល់​បាងកកបាត់​ទៅ​ហើយ»។

ពលរដ្ឋមីយ៉ាន់ម៉ា​ទាំង​៤​នាក់​នេះ​បាន​សុំ​មិន​ប្រាប់​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ ខណៈអ្នក​ដែលត្រូវ​ចូល​បម្រើ​ក្នុង​កងទ័ពក្នុង​វគ្គទី១​កំពុង​ចូលរួម​វគ្គហ្វឹកហ្វឺន​យោធា​ ហើយ​អាជ្ញាធរ​មូលដ្ឋាន​កំពុងចេញ​លិខិត​ដល់​អ្នក​ដែល​ត្រូវ​មាន​ឈ្មោះ​ត្រូវចូល​បម្រើក្នុង​ជួរ​កងទ័ព។

បណ្តាញ​ឃោសនា​សង្គម​ដែល​គាំទ្រ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ ​បាន​បង្ហាញរូបភាពបុរសវ័យ​ក្មេង​ជា​ច្រើននាក់កំពុង​ចូលរួមក្នុង​វគ្គបណ្តុះបណ្តាល​យោធា​ក្នុង​សាលប្រជុំ​ ដោយ​ពេល​ខ្លះ​គេ​ឃើញ​មាន​អ្នក​គាំទ្ររបប​សឹក​កាន់​ផ្កា​អបអរសាទរ​ពួក​គេ​ផង​ដែរ។

ប៉ុន្តែ​ការ​ប្រយុទ្ធ​ឥត​ស្រាកស្រាន្តអស់​រយៈ​ពេលជា​ច្រើន​ខែកន្លង​ទៅ​ បាន​ធ្វើ​ឱ្យ​របប​សឹក​មីយ៉ាន់ម៉ា​បាត់បង់កម្លាំងក្នុង​កងវរសេនាតូច​របស់​ខ្លួន​ក្នុងចំនួន​ពាក់​កណ្តាល​ស្ទើរ​តែគ្រប់អង្គភាព​ទាំង​អស់​ ដែលធ្វើ​ឱ្យ​របប​សឹក​ត្រូវ​តែ​អនុវត្ត​ច្បាប់​កំណែន​យោធា​របស់​ខ្លួន។

ការ​បង្អាក់នេះកំពុង​ជះផល​អវិជ្ជមាន​លើ​វិស័យ​សេដ្ឋកិច្ច។​ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Richard Horsey ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់ផ្នែកកិច្ចការ​មីយ៉ាន់​ម៉ានៃ​អង្គការ​តាក់តែង​គោល​នយោបាយ​ Crisis Group ។ ប៉ុន្តែ​លោក​និយាយ​ថា​ «ខ្ញុំ​មិន​ច្បាស់​ទេ​ថា​តើ​វា​នឹង​ប៉ះពាល់​ដល់​ផែនការ​កេណ្ឌកងទ័ព​ឬ​យ៉ាងណា​នោះទេ​ ដោយ​សារ​ចំនួន​កងទ័ព​ដែល​ត្រូវ​កេណ្ឌនោះមាន​ចំនួន​តិច​នៅ​ឡើយ»។ ​

យុវជន​គ្មាន​អនាគត

ដោយសារវិបត្តិ​ជា​បន្តបន្ទាប់តាំង​ពី​ទសវត្សរ៍៦០​មក​ ​បានធ្វើ​ឱ្យ​មនុស្សចាកចេញ​យ៉ាង​ច្រើន​ពី​ប្រទេស​នេះ ជាពិសេស​អ្នក​ចេះដឹង។ ​នេះ​បើ​តាម​ការ​បញ្ជាក់របស់អ្នក​ជំនាញ​ជនជាតិ​មីយ៉ាន់ម៉ា​លោក​ Tun Myint ដែល​ជាសាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ នៃ​មហាវិទ្យាល័យ​ Carleton រដ្ឋ Minnesota។

លោក​បន្ត​ទៀត​ថា​ «អ្នក​ដែល​មាន​ជំនាញឬ​ជិត​ក្លាយ​ជាវេជ្ជបណ្ឌិ​ សាស្ត្រាចារ្យ​ វិស្វករ និងលើ​ផ្នែក​ផ្សេងៗ​ទៀត​ បាន​ចាកចេញ​ពី​ប្រទេស​នេះ។ យុវជន​ពុំ​មាន​អនាគត​ទេ»។

អស់​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ នារី​ដែល​មាន​អាយុ​២១​ឆ្នាំ​ម្នាក់​មក​ពី​តំបន់Bago ​ដែល​ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​មីយ៉ាន់ម៉ា មាន​ក្តីស្រមៃ​មួយ​ចង់​សិក្សា​ថ្នាក់​ភាសា និងក្លាយ​ជា​មគ្គុទេសិកា​ទេសចរណ៍។ ប៉ុន្តែ​ព្រឹត្តិការណ៍​អាក្រក់ពីរ​កើត​ឡើង​ជួន​គ្នា​ក្នុង​ពេល​តែ​មួយ​ គឺ​រដ្ឋប្រហារ​និង​ជំងឺរាតត្បាត​កូវីដ១៩​នោះ​ បាន​បង្ខំ​នាង​ឱ្យ​ក្លាយ​ជា​អ្នក​លក់ដូរ​ក្នុង​ហាង​មួយ​ទៅវិញ។

ប៉ុន្តែ​ប៉ុន្មានសប្តា៍​កន្លង​ទៅ​នេះ​ នាង​បាន​ចូលរួម​ជា​មួយកងទ័ព​រំដោះ​ប្រជាជន​ Bamar ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កវី​និពន្ធ ហើយ​បាន​ក្លាយជា​មេដឹកនាំ​ក្រុម​សកម្ម​ប្រយុទ្ធ។

នាងបាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters ពី​ជំរំ​ហ្វឹកហ្វឺនមួយ​ថា​ «នៅ​ពេលច្បាប់​កេណ្ឌទាហាន​ត្រូវ​បាន​ប្រកាស​ឡើង​ ម្តាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំឱ្យ​ចូលរួម​ជា​មួយ​កងកម្លាំង​បដិវត្តន៍​ ដោយ​មិន​ត្រូវ​ចូលធ្វើ​ទាហាន​ឱ្យ​ក្រុម​របប​សឹក​នោះ​ឡើយ។ ​

បុរស​ដែល​មក​ពី​ក្រុង Mandalay ដែល​ធ្លាប់​ទទួល​ការ​បណ្តុះ​បណ្តាលជា​វិស្វករ​ម្នាក់ និង​បាន​លក់​ទ្រព្យ​សម្បត្តិក្នុង​ផ្ទះ​ដោយ​ប្រមូល​លុយ​បាន​២ពាន់ដុល្លារ​អាមេរិក​ បានរត់​ទៅរាជធានី​បាងកក​ប្រទេស​ថៃ​យ៉ាងកំសត់។

លោក​និយាយ​ថា​ «យើង​គ្មានគោលដៅ​ច្បាស់លាស់​សម្រាប់​អនាគត​ឬ​អាជីព​ការងារ​របស់​យើងទៀត​ឡើយ។ យើងគិត​តែ​ពី​របៀប​រស់​នៅសម្រាប់​មួយ​ថ្ងៃៗប៉ុណ្ណោះ»៕

XS
SM
MD
LG