ប៉ូលិសមីយ៉ានម៉ាកាលពីថ្ងៃសៅរ៍និយាយថា ពួកគេបានឃុំខ្លួនអ្នកកាសែតបរទេស២នាក់ ដែលបានបម្រើការឲ្យបណ្តាញព័ត៌មានរដ្ឋតួកគីចំពោះការបង្ហោះយន្តហោះគ្មានមនុស្សបើក Drone លើបរិវេណសភានៅក្នុងរដ្ឋធានៅណៃពីដោ។
ការឃុំឃាំងពួកគេបានកើតមានឡើងនៅពេលដែលមានការតានតឹងយ៉ាងខ្លាំងរវាងមីយ៉ានម៉ានិងតួកគី ដែលបានរិះគន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះចំពោះការធ្វើបាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។
ប្រធានាធិបតី Recep Tayyip Erdogan នៃប្រទេសតួកគីបានចោទប្រកាន់មីយ៉ានម៉ាកាលពីខែកញ្ញា ពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ការចោទប្រកាន់នោះត្រូវបានមីយ៉ានម៉ាបដិសេធ។
អ្នកកាសែតដែលធ្វើការឲ្យបណ្តាញទូរទស្សន៍រដ្ឋ TRT បានត្រូវគេប្រាប់ឈ្មោះថា Lau Hon Meng មកពីប្រទេសសិង្ហបូរី ហើយនិងឈ្មោះ Mok Choy Linមកពីប្រទេសម៉ាឡេស៊ី។ អ្នកទាំង២ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្របានធ្វើការជាមួយលោក Aung Naing Soe អ្នកកាសែតមីយ៉ានម៉ា។ បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ពួកអាជ្ញាធរបានឆែកឆេរផ្ទះរបស់លោក Aung Naing Soe នៅក្នុងទីក្រុងរ៉ង់ហ្គូនកាលពីយប់ថ្ងៃសុក្រ។
ប៉ូលិសបាននិយាយថា ពួកគេរំពឹងថានឹងបានទទួលការអនុញ្ញាតពីតុលាការដើម្បីឃុំខ្លួនអ្នកកាសែតទាំង២នាក់នោះរហូតដល់១៥ថ្ងៃខណៈដែលពួកគេប្រុងប្រៀបរៀបចំធ្វើការចោទប្រកាន់ពួកគេពីការនាំយន្តហោះគ្មានមនុស្សបើក Drone ចូលក្នុងប្រទេសនោះដោយគ្មានការអនុញ្ញាតដែលជាការរំលោភមួយដែលអាចនាំឲ្យកាត់ទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ៕