លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បាននិយាយកាលពីថ្ងៃពុធថា លោកនឹងធ្វើឲ្យមេដឹកនាំយោធាក្នុងប្រទេសមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះវិបត្តិជនភៀសខ្លួននៅពេលបច្ចុប្បន្ននេះដែលកំពុងប៉ះពាល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅក្នុងប្រទេសនោះ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាងកន្លះលាននាក់បានឆ្លងព្រំដែនចូលក្នុងប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាងក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះដើម្បីគេចចេញពីការបង្ក្រាបទៅលើសហគមន៍ជនជាតិភាគតិចរបស់ខ្លួនដោយយោធាមីយ៉ាន់ម៉ាបន្ទាប់ពីពួកជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាបានចាប់ផ្តើមវាយប្រហារទៅលើកងកម្លាំងសន្តិសុខរដ្ឋមក។
ការបង្ក្រាបដែលបាននាំឲ្យអំពើព្រៃផ្សៃរាលដាល បានជំរុញឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ ទោះជាយ៉ាងនៅក៏ដោយ ពួកមន្ត្រីក្នុងប្រទេសមីយ៉ាន់ម៉ានៅតែបន្តបដិសេធពីការមានវិបត្តិនេះ។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Tillerson បានមានប្រសាសន៍ទៀតថា «យើងប្រាកដធ្វើឲ្យមេដឹកនាំយោធាទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតមានឡើងនៅរដ្ឋRakhineនោះ។ អ្វីដែលសំខាន់បំផុតចំពោះយើងគឺថា ពិភពលោកមិនអាចឈរមើល ហើយមើលអំពើឃោរឃៅដែលត្រូវបានរាយការណ៍នៅក្នុងតំបន់នោះទេ»។
អត្ថាធិប្បាយរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បានកើតមានឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មកពីសកម្មជនសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្ស Amnesty International ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានរងការចោទប្រកាន់ពីការបោសសម្អាតជាប្រព័ន្ធដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕