សមាជិកសភាសហរដ្ឋអាមេរិកកំពុងអំពាវនាវឲ្យមានការចេញចូលបានរបស់ពួកអ្នកកាសែតនិងបុគ្គលិកផ្តល់ជំនួយទៅកាន់រដ្ឋ Rakhineដែលមានចលាចលនៅក្នុងប្រទេសមីយ៉ានម៉ា។
លោកតំណាងរាស្រ្តEd Royceប្រធានគណៈកម្មាធិការកិច្ចការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា «ការណ៍នេះមានសារៈសំខាន់បំផុតដែលយើងមានអ្នកយកព័ត៌មាននៅទីកន្លែងនោះ។ ហើយក៏មានសារៈសំខាន់ដែរដែលយើងមានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក USAID នៅទីនោះ។ ពីព្រោះដរាបណាមានវត្តមានរបស់ពួកគេនៅទីនោះ ពួកគេអាចពិនិត្យមើលអំពើព្រៃផ្សៃទាំងនោះបាន»។
លោកតំណាងរាស្រ្ត Royce បានមានប្រសាសន៍ទៀតថា រដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ បានសន្យាផ្តល់ប្រាក់ជំនួយ៣២លានដុល្លារ ហើយ២៨លានដុល្លារនៃប្រាក់ជំនួយនោះនឹងឲ្យទៅប្រទេសបង់ក្លាដែស ដែលនៅទីនោះជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន៥០ម៉ឺននាក់បានរត់ឆ្លងកាត់ព្រំដែនចាប់តាំងពីខែសីហាមក។
លោក Patrick Murphy មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍និយាយថាសហរដ្ឋអាមេរិកបានស្នើពួកមន្រ្តីស៊ីវិលនិងយោធារបស់មីយ៉ានម៉ាឲ្យចាត់វិធានការណ៍ដើម្បីបញ្ឈប់អំពើហិង្សា ហើយលោកតំណាង រាស្រ្តជាន់ខ្ពស់ Eliot Engel ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការនោះ បាននិយាយថាសហរដ្ឋអាមេរិកត្រូវតែពិចារណាពីការដាក់ទណ្ឌកម្មទៅលើពួកយោធាមីយ៉ានម៉ា។
សមាជិកសភាទាំងនោះក៏បន្ទរតាមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជា ជាតិដោយនិយាយថា អំពើហិង្សាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមបាននាំឲ្យមានការរត់គេចខ្លួនយ៉ាងច្រើននោះបណ្តាលមកពីការបោសសម្អាតខាងជាតិសាសន៍៕