ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​មីយ៉ាន់ម៉ា​បង្រ្កាប​ក្រុម​អ្នក​តវ៉ា​នឹង​រដ្ឋប្រហារ​យោធា


ក្រុមអ្នកតវ៉ាប្រឆាំងរបបយោធាមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នាជាមួយប៉ូលិស នៅក្នុងការតវ៉ាប្រឆាំងមួយ ក្នុងទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមអ្នកតវ៉ាប្រឆាំងរបបយោធាមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នាជាមួយប៉ូលិស នៅក្នុងការតវ៉ាប្រឆាំងមួយ ក្នុងទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

ប៉ូលិស​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​បង្ក្រាប​ក្រុម​បាតុករ​ដែល​តវ៉ា​ប្រឆាំងទៅ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​របស់​យោធា​នៅ​ក្នុង​ទីក្រុង​ណៃពិដោ​ នៅ​ថ្ងៃ​អង្គារ ដោយ​ពួក​គេ​បានព្រមាន​បាញ់​គ្រាប់​កាំភ្លើង​ជ័រ និង​បាន​ប្រើ​កាំភ្លើង​បាញ់​ទឹក បាញ់ទៅ​លើ​ក្រុម​អ្នក​បាតុករ​ទាំង​នោះ​ ដែល​បាន​ធ្វើ​ឲ្យ​បាតុករ​របួស​ធ្ងន់​យ៉ាង​តិច​ណាស់​ចំនួន​ ២ ​នាក់ នៅ​ក្នុង​អ្វី​ដែល​គេ​ជឿ​ថា​ជា​ស្នាម​របួស​ ដោយសារ​គ្រាប់​កាំភ្លើង​ពិត។

ក្រុម​បាតុករ​បាន​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ក្នុងរដ្ឋធានី​រ៉ង់ហ្គូន​ ប្រទេស​មីយ៉ាន់ម៉ា ​អស់​រយៈ​ពេល ​៤ ​ថ្ងៃ​ជាប់​គ្នា​មក​ហើយ​ ដោយមិន​អនុវត្ត​តាមគោល​ការណ៍​រឹត​បន្តឹង​របស់របប​យោធា​ ដែល​មាន​បំណង​បញ្ឈប់​នូវ​បាតុកម្ម​មហាជន​ ដែល​ប្រឆាំង​តវ៉ា​ចំពោះ​ការ​ទម្លាក់​រដ្ឋាភិបាលស៊ីវិល​ ដែល​ជាប់ឆ្នោត​របស់​ប្រទេស​មីយ៉ាន់ម៉ា​នោះ។

គ្រូពេទ្យ​ព្យាបាល​ម្នាក់​ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ព្យាបាលក្រុម​បាតុករ​ប្រឆាំង​តវ៉ា​ក្នុង​ទីក្រុង​ណៃពិដោ​នោះ​ បាន​ប្រាប់​វីអូអេ​ភូមា​ថា ​យ៉ាង​ហោច​ណាស់​មាន​បាតុករ​ ២ ​នាក់​បាន​រង​បួស​ធ្ងន់​ ហើយ​លោក​ជឿ​ជាក់​ថា អ្នក​ទាំង​ ២​ នាក់​នោះ មាន​របួស​ដោយ​ត្រូវ​នឹង​គ្រាប់​កាំភ្លើងពិត ​ដែលម្នាក់​រង​របួស​ដោយ​ការ​បាញ់​ចំ​ក្បាល និង​ម្នាក់​ទៀតត្រូវ​ចំ​ទ្រូង។

បាតុករ​ម្នាក់​ក្នុង​ចំណោម​នោះ​ឈ្មោះ Myat Thwe Khine ត្រូវ​បានគ្រូពេទ្យ​ដាក់​បំពង់​ជំនួយ​ដកដង្ហើម​ ហើយ​កំពុងស្ថិត​ក្នុង​ស្ថានភាព​មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ បន្ទាប់ពីត្រូវ​គ្រាប់​កាំភ្លើង​ចំ​ក្បាល​មក​។​បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​ពេទ្យ​ដែល​បាន​ថត​ស្គែន​មើល​ក្បាល​របស់​នាង​ បាន​ឲ្យដឹង​ថា ក្បាល​គ្រាប់​កាំភ្លើងកំពុង​នៅ​ជាប់​ក្នុង​ក្បាល​របស់​នាង​នៅ​ឡើយ។

ចំណែក​បាតុករ​ម្នាក់​ទៀត​ឈ្មោះ​ Soe Wai ​មាន​អាយុ​ ២៣ ​ឆ្នាំ​នោះ បាន​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ទ្រូង​របស់​គាត់។

វេជ្ជបណ្ឌិត​រូប​នេះ​មិនអាច​បញ្ជាក់​ថា ​តើ​មានក្រុម​បាតុករ​ប៉ុន្មាន​នាក់​ ដែល​ត្រូវ​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​ ឬ​បំពង់​បាញ់​ទឹក​នោះ​ទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ​ភាគ​ច្រើន​នៃ​ក្រុម​បាតុករ​ទាំង​ ២០​ នាក់​ដែល​ទទួល​ការ​ព្យាបាលនៅ​ក្នុង​មន្ទីរពេទ្យរបស់​លោក មិន​បាន​រង​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​ជ័រ​នោះ​ទេ។

ការ​ប្រឆាំង​តវ៉ា​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ក្នុង​ទី​ក្រុង​ណៃពិដោ​បាន​កើត​មាន​ឡើង​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​យោធាបាន​ប្រកាស​ដាក់​បំរាម​គោចរ​ចាប់​ពី​ម៉ោង ​៨ យប់​រហូត​ដល់​ម៉ោង ​៤ ​ភ្លឺ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​ទីក្រុង Mandalay។ របប​យោធា​មីយ៉ាន់ម៉ា​នេះ​ ក៏​បាន​ហាម​ប្រាម​ដល់​ការ​ជួប​ជុំ​គ្នាលើស​ពី​ ៤ ​នាក់​ឡើង​ទៅ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ អង្គការ​សហប្រជាជាតិ​បាន​សម្ដែង​ «ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំងក្លា»​ចំពោះ​ការ​បង្ក្រាបបាតុកម្ម​នេះ។

លោក Ola Almgren អ្នក​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​អំពាវនាវ​ឲ្យ​កងកម្លាំង​សន្ដិសុខ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​មូលដ្ឋាន​ ដោយ​រួម​បញ្ចូល​ទាំង​សិទ្ធិ​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​ដោយ​សន្ដិវិធី និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ផង​ដែរ»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «ការ​ប្រើប្រាស់​កម្លាំង​ហួសហេតុ​ទៅ​លើ​ក្រុម​បាតុករ​ គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ»។

លោក Almgren បាន​អំពាវនាវ​ឲ្យ​បណ្ដា​មេដឹកនាំ​យោធា​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា អនុវត្ត​ទៅ​តាម​វិធាន​ប្រជាធិបតេយ្យ និង​ដោះស្រាយ​នូវ​ភាព​ខ្វែងគំនិត​គ្នា តាមរយៈ​ការចរចា​ដោយ​សន្ដិវិធី៕

XS
SM
MD
LG