ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា​នៅ​បន្ត​ធ្វើ ទោះ​មាន​ការរឹតត្បិត​ក៏ដោយ


ក្រុមបាតុករ កាន់​ផ្ទាំងរូប​អ្នកស្រី Aung San Suu Kyi និង​បដា​នានា នៅ​ចំណុច​ផ្លូវបំបែក​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន នៃ​ប្រទេស​ភូមា នៅ​ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមបាតុករ កាន់​ផ្ទាំងរូប​អ្នកស្រី Aung San Suu Kyi និង​បដា​នានា នៅ​ចំណុច​ផ្លូវបំបែក​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន នៃ​ប្រទេស​ភូមា នៅ​ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​បាតុករ​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ថ្ងៃ​ទី ៤ ជាប់ៗ​គ្នា ដោយ​បាន​បំពាន​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​យោធា​ដែល​មាន​បំណង​បញ្ឈប់​ការ​តវ៉ា​ដ៏​ធំ​នេះ។

ការ​តវ៉ា​ប្រឆាំង​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ បាន​កើត​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​យោធា​បាន​ប្រកាស​ដាក់​បម្រាម​គោចរ​ពី​ម៉ោង ៨ យប់ ដល់​ម៉ោង ៤ ភ្លឺ នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​ទីក្រុង Mandalay។ របប​យោធា​នេះ​ក៏​បាន​ហាមឃាត់​ការ​ប្រមូល​ផ្តុំ​គ្នា​ចាប់ពី ៤ នាក់​ឡើង​ទៅ នៅ​ទូទាំង​ប្រទេស​ផងដែរ។

បាតុកម្ម​ក៏​បាន​ធ្វើ​ឡើង​ផងដែរ​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​ទីក្រុង Mandalay។ ទីភ្នាក់ងារ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា ក្រុម​បាតុករ​ត្រូវ​បាន​អាជ្ញាធរ​បាញ់​ទឹក​ដាក់​ដើម្បី​បំបែក​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ទាំង៣ នោះ។

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​រួម​កម្លាំង​គ្នា​ចេញ​មក​តវ៉ា​តាម​ដង​ផ្លូវ​នានា​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា ចាប់តាំងពី​បាតុកម្ម​បាន​ចាប់ផ្តើម​មក ដោយ​បាន​កាន់​បដា​ដែល​សរសេរ​អក្សរ​ថា «សង្គ្រោះ​មីយ៉ាន់ម៉ា» និង «យើង​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ» ជាដើម។

ក្រុម​បាតុករ​ខ្លះ​បាន​កាន់​រូបថត​របស់​អ្នកស្រី Aung San Suu Kyi ដែល​ជា​មេដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​យោធា​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច ហើយ​ក្រុម​បាតុករ​ខ្លះ​ទៀត​បាន​លើក​ម្រាម​ដៃ​បី​នៅ​ពេល​ដែល​ពួកគេ​ដើរ​ក្បួន​តវ៉ា ដែល​ជា​សញ្ញា​បង្ហាញ​អំពី​ការ​ជម្នះ​ប្រឆាំង​នឹង​ការ​ជិះជាន់​សង្កត់សង្កិន។

បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នេះ​បាន​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅពេល​ដែល​មន្ត្រី​រដ្ឋការ បុគ្គលិក​ផ្លូវ​ដែក គ្រូ​បង្រៀន និង​កម្មករ​នៅ​តាម​ផ្នែក​ផ្សេងៗ បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG