នៅព្រឹកនៃថ្ងៃធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា អ្នកស្រី Nyein Nyein និពន្ធនាយករងនៃសារព័ត៌មាន Irrawaddy News បានដឹងថា មានតែអ្នកស្រីម្នាក់ឯងគត់ស្ថិតនៅក្នុងកិច្ចប្រជុំសារព័ត៌មានតាមអ៊ីនធឺណិត។
អ្នកស្រីបាននិយាយក្នុងន័យដើមថា៖
«ខ្ញុំមិនអាចទាក់ទងសហការីរបស់ខ្ញុំបានក្នុងពេល៣ឬ៤ម៉ោងនៅពេលដែលយោធាបានបិទទាំងស្រុងមិនត្រឹមតែសេវាអ៊ីនធឺណិតនោះទេ ប៉ុន្តែថែមទាំងសេវាទូរស័ព្ទចល័តផងដែរ»។
អ្នកស្រីបន្ថែមថា៖
«យើងមានកិច្ចប្រជុំក្នុងក្រុមអ្នកយកព័ត៌មាននៅពេលព្រឹកព្រលឹមពីរបៀបដែលយើងនឹងរាយការណ៍ ហើយនៅម៉ោងប្រមាណ៧ព្រឹក ស្រាប់តែពួកគេក៏បាត់ពីកិច្ចប្រជុំនេះ»។
ការបិទសេវាអ៊ីនធឺណិតនេះកើតឡើង នៅពេលដែលយោធាដណ្តើមយកអំណាច និងដាក់ប្រទេសឱ្យស្ថិតក្នុងភាពអាសន្នរយៈពេល១ឆ្នាំ បន្ទាប់ពីមានភាពតានតឹងរាប់ខែមក។ យោធាបានចោទប្រកាន់ថា ការបោះឆ្នោតនៅក្នុងខែវិច្ឆិកាឆ្នាំមុន មានការក្លែងបន្លំ។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតនេះយ៉ាងភ្លូកទឹកភ្លូកដី។
ការចូលប្រើប្រាស់អ៊ីនធឺណិតមានការរអាក់រអួលកាលពីសប្តាហ៍មុនដោយកម្មវិធី (apps) និងគេហទំព័រមួយចំនួនត្រូវបានបិទ រួមទាំងហ្វេសប៊ុកដែលជាកន្លែងពលរដ្ឋធ្លាប់បានបង្ហោះវីដេអូបន្តផ្ទាល់ពីការតវ៉ាកន្លងមក។
យោធាបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ថា គេហទំព័រនេះនឹងត្រូវបិទរហូតដល់ថ្ងៃអាទិត្យ ដោយលើកឡើងពីតម្រូវការក្នុងការរក្សា«ស្ថិរភាព»។
ប៉ុន្តែការផ្តាច់អ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនមែនជាអ្វីដែលថ្មីនោះទេ។
អ្នកស្រី Irene Khan អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសេរីភាពបញ្ចេញមតិបានប្រាប់VOAថា៖
«មានក្រុងជាច្រើននៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin ដែលមិនអាចភ្ជាប់អ៊ីនធឺណិត ឬត្រូវបានកាត់ផ្តាច់ ឬត្រូវបានកាត់បន្ថយរយៈពេលភ្ជាប់អ៊ីនធឺណិតដែលមានរយៈពេលយូរ»។
នៅក្នុងឆ្នាំ២០១៧ យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមការបង្ក្រាបដោយហិង្សាលើជនមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine ដោយធ្វើឱ្យមនុស្សរាប់សែននាក់ភៀសខ្លួនឆ្លងដែនទៅបង់ក្លាដែស។ ការប្រយុទ្ធរវាងក្រុមយុទ្ធជន និងយោធាមីយ៉ាន់ម៉ាបានរាលដាលដល់រដ្ឋ Chin ដែលជារដ្ឋជិតខាង និងដែលត្រូវបានគ្រប់គ្រងភាគច្រើនដោយគ្រិស្តសាសនិក។
យោធាបាននិយាយថា ខ្លួនវាយប្រហារទៅលើយុទ្ធជន និងបដិសេធថា មិនបានយកជនស៊ីវិលជាគោលដៅនោះទេ ប៉ុន្តែរបាយការណ៍អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ២០១៨បានសរសេរថា សកម្មភាពនៅមីយ៉ាន់ម៉ាត្រូវបានធ្វើឡើងដោយ«មានបំណងប្រល័យពូជសាសន៍»។
ការវាយប្រហាររបស់យោធានេះធ្វើឱ្យមានការកាត់ផ្តាច់អ៊ីនធឺណិតនៅក្នុងរដ្ឋទាំងពីរ ហើយរដ្ឋាភិបាលកណ្តាលបានលើកឡើងពី «ក្តីបារម្ភសន្តិសុខ»។
ការកាត់ផ្តាច់អ៊ីនធឺណិតប្រភេទនេះពោលគឺនៅក្នុងតំបន់ និងរយៈពេលយូរ មិនមែនជារឿងដែលកើតឡើងតែនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។
នៅក្នុងឆ្នាំ២០១៩ យុទ្ធនាការ #KeepItOn ដែលរៀបចំដោយអង្គការ Access Now បានតាមដានការបិទអ៊ីនធឺណិតចំនួន២១៣កន្លែងនៅក្នុងប្រទេសចំនួន៣៣។ នៅក្នុងពេលថ្មីៗនេះ ការបិទអ៊ីនធឺណិតត្រូវបានគេតាមដាននៅក្នុងប្រទេសអ៊ូហ្គាន់ដា តំបន់ Tigray នៃប្រទេសអេត្យូពី ប្រទេសបេឡារុស និងឥណ្ឌា និងនៅប្រទេសផ្សេងៗទៀត។
ការបិទអ៊ីនធឺណិតនេះជារឿយៗកើតឡើងក្នុងពេលមានចលាចល រួមមានការបោះឆ្នោតដែលមានការប្រជែងគ្នា ការតវ៉ា ឬចលាចលស៊ីវិល។
នៅក្នុងតំបន់ Kashmir ចំណែកដែលគ្រប់គ្រងដោយឥណ្ឌា ការភ្ជាប់អ៊ីនធឺណិតល្បឿនលឿនត្រូវបានបិទ ចាប់តាំងពីពេលដែលឥណ្ឌាបានដកហូតឋានៈពិសេសរបស់តំបន់នេះនៅក្នុងឆ្នាំ២០១៩។ ឥណ្ឌានិយាយថា ការបិទនេះជាការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងភាពជ្រុលនិយម ប៉ុន្តែអ្នកកាសែតនៅមូលដ្ឋានបារម្ភថា ការកាត់ផ្តាច់នេះជាមធ្យោបាយក្នុងការបំបិទសំឡេងអ្នកតវ៉ា និងរារាំងមិនឱ្យមានការចែកចាយព័ត៌មានអំពីអំពើឃោរឃៅ។
លោក Syed Shahriyar អ្នកកាសែតឯករាជ្យម្នាក់នៅក្នុងក្រុង Srinagar បានប្រាប់ VOAថា៖
«នៅក្នុងតំបន់ Kashmir គ្រប់ពេលវេលាទាំងអស់ សូម្បីតែឥឡូវនេះ ប្រសិនបើមានការប្រយុទ្ធដោយកាំភ្លើងនៅក្នុងតំបន់ South Kashmir រដ្ឋាភិបាលនឹងផ្អាកអ៊ីនធឺណិតនៅតំបន់នោះ»។
នៅពេលឥណ្ឌាលុបចោលមាត្រា៣៧០ ដែលផ្តល់សិទ្ធិរួមមានសិទ្ធិតាក់តែងរដ្ឋធម្មនុញ្ញ និងច្បាប់ដល់រដ្ឋដែលមានពលរដ្ឋភាគច្រើនជាជនមូស្លីម រដ្ឋាភិបាលក្រុងដេលីបានអះអាងដោយផ្អែកថា ការធ្វើបែបនេះមានភាពចាំបាច់ដើម្បីនាំយកស្ថិរភាពមកឱ្យតំបន់នេះ ដែលរងផលប៉ះពាល់ពីការប្រយុទ្ធរបស់អ្នកបំបែករដ្ឋអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
បទបញ្ជារបស់រដ្ឋាភិបាលក្នុងការបន្តការហាមឃាត់ការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿននៅក្នុងតំបន់នេះលើកឡើងពីតម្រូវការក្នុងការការពារសណ្តាប់ធ្នាប់សាធារណៈ និងរារាំង «ក្រុមប្រឆាំងជាតិ» មិនឱ្យប្រើប្រាស់សេវាអ៊ីនធឺណិតនេះខុស។
លោកShahriyar បាននិយាយថា ការបិទអ៊ីនធឺណិតនៅពេលនោះមាននៅគ្រប់ទីកន្លែង ហើយអ្នកកាសែតត្រូវធ្វើដំណើរតាមរថភ្លើង ឬតាមយន្តហោះទៅរដ្ឋធានីដេលីដើម្បីបញ្ចូនអត្ថបទព័ត៌មានរបស់ខ្លួន។
លោក Shahriyar បាននិយាយក្នុងន័យដើមថា៖
«ខ្ញុំមានមិត្តភក្តិម្នាក់ដែលរាយការណ៍ពីរឿងមួយ ហើយគាត់ត្រូវទៅរដ្ឋធានីដេលី និងមកវិញម្តងក្នុងមួយថ្ងៃ»។
លោកបន្ថែមថា៖
«ខ្ញុំមិនដឹងពីកន្លែងផ្សេងទៀតក្នុងពិភពលោកនោះទេ។ រឿងនេះអាចកើតមានឡើង។ អ្នកកាសែតត្រូវជិះយន្តហោះ ដើម្បីគ្រាន់តែរាយការណ៍ពីអ្វីដែលបានកើតឡើងនៅទីនេះ»។
ក្រៅពីធ្វើឱ្យការងាររបស់អ្នកកាសែតកាន់តែពិបាកជាងមុន ការកាត់ផ្តាច់អ៊ីនធឺណិតរារាំងមិនឱ្យមនុស្សម្នាទាក់ទងមិត្តភក្តិ និងគ្រួសាររបស់ពួកគេ និងចែកចាយព័ត៌មាន។
អ្នកស្រី Felicia Anthonio នៃយុទ្ធនាការ #KeepItOn បាននិយាយថា ការបិទអ៊ីនធឺណិតត្រូវបានរដ្ឋាភិបាល «ប្រើប្រាស់ជាឧបករណ៍» ដើម្បីធ្វើឱ្យប្រជាជនស្ថិតក្នុងភាពច្របូកច្របល់។
អ្នកស្រីបាននិយាយក្នុងន័យដើមថា៖
«នៅពេលអ្នកស្ថិតនៅក្នុងវិបត្តិមួយ ហើយអ្នកមិនអាចស្វែងរកព័ត៌មានបាន អ្នកមិនអាចទាក់ទងគ្រួសារ និងមិត្តភក្តិរបស់អ្នកបាន។ អ្នកត្រូវបានគេដាក់ឱ្យស្ថិតក្នុងភាពច្របូកច្របល់»។
ជាពិសេសនៅក្នុងពេលរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ពលរដ្ឋដែលត្រូវបានគេផ្តាច់ពីអ៊ីនធឺណិតក៏មិនអាចទទួលបានសេវាចាំបាច់ជាច្រើនផងដែរ។ សេវាដកប្រាក់ពីATMនិងធនាគារត្រូវបានគេផ្អាកនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលដែលយោធាបានបិទសេវាទាំងនេះ។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌា អ្នកកាសែតបានកត់សម្គាល់ថា កុមារដែលពឹងផ្អែកលើការអប់រំតាមអ៊ីនធឺណិតក្នុងពេលរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ទទួលរងផលប៉ះពាល់ខ្លាំង។
ការិយាល័យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សបានប្រកាសថា ការបិទអ៊ីនធឺណិតគឺជាអំពើខុសច្បាប់។
អ្នកស្រី Irene Khan ជឿថា មិនធ្លាប់មានមូលហេតុសម្រាប់រដ្ឋាភិបាលក្នុងការបិទការចូលប្រើប្រាស់អ៊ីនធឺណិតនោះទេ។
អ្នកស្រីបាននិយាយក្នុងន័យដើមថា៖
«ខ្ញុំគិតរកហេតុផលណាមួយមិនបាននោះទេ។ តាមពិត នេះជាមូលហេតុដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយរដ្ឋាភិបាលជាច្រើន បានធ្វើការសន្និដ្ឋានថា ការបិទអ៊ីនធឺណិតប្រភេទនេះ ពោលគឺការបិទអ៊ីនធឺណិតដោយពេល គឺតាមពិតទៅជាអំពើខុសច្បាប់»។
អង្គការសហប្រជាជាតិ និងអង្គការផ្សេងទៀតដូចជា អង្គការ Access Now សង្ឃឹមថា ការបិទអ៊ីនធឺណិតនឹងត្រូវបានកាត់បន្ថយ នៅពេលដែលសហគមន៍អន្តរជាតិបន្តថ្កោលទោសលើទង្វើនេះ។
ទំរាំដល់ពេលនោះ អ្នកកាសែត និងសកម្មភាពនិយាយថា ពួកគេកំពុងធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីឱ្យសហគមន៍របស់ពួកគេ និងពិភពលោកខាងក្រៅទទួលបានព័ត៌មាន៕
ចូលរួមរាយការណ៍ដោយលោក Moe Moe Htun និងអ្នកស្រី Jessica Jerreat