ពលរដ្ឋមីយ៉ាន់ម៉ារាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅថ្ងៃទីពីរនៅថ្ងៃអាទិត្យនេះក្នុងទីក្រុងរ៉ង់ហ្គូនដែលជាទីក្រុងធំជាងគេបង្អស់ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតបានប្រមូលផ្ដុំគ្នានៅទូទាំងប្រទេសដើម្បីតវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធា និងការចាប់ឃុំខ្លួនមេដឹកនាំដែលត្រូវបានជ្រើសរើសតាមការបោះឆ្នោតអ្នកស្រី Aung San Suu Kyi កាលពីសប្ដាហ៍មុន។
បាតុកម្មដែលនៅតែត្រូវបានធ្វើឡើងបើទោះបីជាមានការកាត់ផ្ដាច់អ៊ីនធឺណិត និងការរឹតត្បិតលើការប្រើប្រាស់បណ្ដាញទូរស័ព្ទក៏ដោយនោះ គឺជាបាតុកម្មធំជាងគេបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើបដិវត្តន៍ដែលដឹកនាំដោយព្រះសង្ឃកាលពីឆ្នាំ ២០០៧ មក។
ហ្វូងមនុស្សក្នុងទីក្រុងរ៉ង់ហ្គូន ដែលជាទីក្រុងពាណិជ្ជកម្មនៃប្រទេសមីយ៉ាន់ម៉ា បាននាំគ្នាកាន់ប៉ោងប៉ោងពណ៌ក្រហម ដែលជាពណ៌តំណាងឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី Suu Kyi ហើយពួកគេបាននាំគ្នាស្រែកបន្ទរថា៖ «យើងមិនចង់បានរបបផ្ដាច់ការយោធាទេ! យើងចង់បានលទ្ធិប្រជាធិបតេយ្យ!»។
កាលពីព្រឹកថ្ងៃអាទិត្យ ហ្វូងមនុស្សជាច្រើនមកពីគ្រប់ទិសទីក្នុងទីក្រុងរ៉ង់ហ្គូនបានជួបជុំគ្នានៅតំបន់ទីប្រជុំជន Hledan ដោយអ្នកខ្លះដើរកាត់ចរាចរណ៍ដែលកំពុងកកស្ទះ និងដើរដង្ហែក្បួននៅក្រោមកម្ដៅថ្ងៃក្ដៅហែងនៅតាមផ្លូវ។
ពួកគេបាននាំគ្នាគ្រវីទង់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងបានលើកម្រាមដៃបីឡើងលើ។ ការលើកម្រាមដៃបីបែបនេះបានក្លាយជានិមិត្តសញ្ញានៃការតវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារ។
អ្នកបើកបរនាំគ្នាចុចស៊ីផ្លេ ហើយអ្នកដំណើរនាំគ្នាកាន់រូបថតរបស់អ្នកស្រី Suu Kyi ដែលជាជ័យលាភីណូបែលសន្ដិភាព។
ទិដ្ឋភាពមួយចំនួននៃការតវ៉ានេះត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook។ រូបភាពនៃទិដ្ឋភាពទាំងនេះស្ថិតក្នុងចំណោមរូបភាពមួយចំនួនដែលលេចចេញពីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីពេលដែលរដ្ឋាភិបាលយោធាកាត់ផ្ដាច់អ៊ីនធឺណិត និងរឹតត្បិតលើបណ្ដាញទូរស័ព្ទកាលពីថ្ងៃសៅរ៍មក។
គេនៅមិនទាន់ឃើញមានអត្ថាធិប្បាយណាមួយនៅឡើយទេពីរដ្ឋាភិបាលយោធានៅក្នុងរដ្ឋធានីណៃពិដោ៕