មនុស្សជំនិតម្នាក់របស់លោកស្រី អង់សាន ស៊ូជី ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសភាថ្មីនៃប្រទេសនេះ។ លោក Win Myint ត្រូវបានបោះឆ្នោតជ្រើសរើសកាលពីថ្ងៃពុធ ឲ្យបន្តតំណែងពីលោក Htin Kyaw ដែលបានលាលែងពីតំណែងកាលពីសប្តាហ៍មុន ដោយលើកឡើងថាមានបញ្ហាសុខភាព។
លោក Win Myint វ័យ៦៦ឆ្នាំ ដែលបានកាន់តំណែងជាប្រធានសភាជាន់ទាបនៃប្រទេសមីយ៉ាន់ម៉ារហូតដល់សប្តាហ៍មុន គឺជាសកម្មជនជើងចាស់ម្នាក់នៅក្នុងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី អង់សាន ស៊ូជី ដែលដឹកនាំសភាទាំងពីរជាន់ថ្នាក់ ចាប់តាំងពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងឆ្នាំ២០១៥មក។
លោកត្រូវបានគេចាប់ដាក់ពន្ធនាគារក្នុងទសវត្សរ៍៩០ ក្រោមការដឹកនាំរបស់យោធា ហើយត្រូវបានបោះឆ្នោតទៅកាន់តំណែងក្នុងសភានៅឆ្នាំ២០១២ ខណៈដែលយោធាផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលមួយដែលមានតែនាម។
លោក Win Myint បានយកជ័យជម្នះលើបេក្ខជនពីរនាក់ទៀតយ៉ាងងាយស្រួលដោយរួមទាំងជ័យជម្នះលើលោក Myint Swe ដែលគាំទ្រដោយយោធាដ៏មានអំណាចផងដែរ។ យោធានៅប្រទេសមីយ៉ាន់ម៉ាកាន់កាប់អាសនៈ២៥ភាគរយនៅក្នុងសភា ក្រោមរដ្ឋធម្មនុញ្ញដែលយោធាបានធ្វើសេចក្តីព្រៀងដោយខ្លួនឯងកាលពីឆ្នាំ២០០៨ ដែលនៅទីបំផុតនឹងផ្តល់ការគ្រប់គ្រងទៅដោយរដ្ឋាភិបាលស៊ីវិលពេញលេញមួយ។ យោធាក៏មានតួនាទីក្នុងគណៈរដ្ឋមន្ត្រីដ៏សំខាន់មួយចំនួនផងដែរ ដោយរួមទាំងខាងកិច្ចការការពារជាតិនិងព្រំដែនផងដែរ។
ថ្វីត្បិតតែលោក Win Myint កាន់តំណែងជាប្រធានសភាក៏ពិតមែន ក៏លោកស្រី អង់សាន ស៊ូជី នៅតែជាមេដឹកនាំមីយ៉ាន់ម៉ាតាមជាក់ស្តែងដដែល ក្នុងតំណែងជាទីប្រឹក្សារដ្ឋ ដែលលោកស្រីបានប្រកាសថា ជាតំណែងមួយធំជាងប្រធានាធិបតីទៅទៀត។ លោកស្រីត្រូវបានហាមឃាត់មិនឲ្យកាន់តំណែងជាប្រធានាធិបតីក្រោមរដ្ឋធម្មនុញ្ញដែលធ្វើពង្រាងដោយយោធាដោយសារតែកូនប្រុសនិងស្វាមីរបស់លោកស្រីដែលបានទទួលមរណភាពហើយនោះជាជនជាតិអង់គ្លេស៕