សកម្មជនសិទ្ធិមនុស្សរាប់រយនាក់ធ្វើការតវ៉ានៅទូទាំងទីក្រុងរ៉ង់ហ្គូនកាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីប្រឆាំងនឹងសំណើវិសោធនកម្មច្បាប់ធ្វើបាតុកម្មដោយសន្តិវិធីនៅក្នុងប្រទេសមីយាន់ម៉ា។
VOA ផ្សាយជាភាសាភូមារាយការណ៍ថា មានអ្នកតវ៉ាជាង៥០០នាក់បានធ្វើបាតុកម្មនៅទូទាំងទីក្រុងកាលពីថ្ងៃចន្ទ ខណៈដែលក្រុមអង្គការសង្គមស៊ីវិលជិត២០០នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើញត្តិប្រឆាំងនឹងការធ្វើវិសោធនកម្មនេះ។
ការធ្វើវិសោធនកម្មលើច្បាប់ជួបប្រជុំ និងការដើរហែរក្បួនដោយសន្តិវិធីនឹងអាចចោទប្រកាន់ក្រុមបាតុករពីបទព្រហ្មទណ្ឌបានងាយស្រួលជាងមុន ក៏ដូចជាបង្កើនការដាក់ទណ្ឌកម្មពីអំពើហិង្សានានាផងដែរ។
លក្ខខណ្ឌនៅក្នុងច្បាប់នោះបានចែងថា «ជនណាដែលញុះញ៉ុង បញ្ចុះបញ្ចូលដោយចេតនា ឬដឹងពីការប្រឆាំងនឹងសន្តិសុខជាតិ នីតិរដ្ឋ និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងសីលធម៌សាធារណៈ» នឹងត្រូវជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ។
រដ្ឋាភិបាលស៊ីវិលបច្ចុប្បន្នដែលដឹកនាំដោយជ័យលាភីណូប៊ែល លោកស្រី Aung San Suu Ky បានស្នើឲ្យបន្ថែមលក្ខខណ្ឌកាលពីខែមុន ដែលតម្រូវឲ្យអ្នកដែលរៀបចំបាតុកម្មតវ៉ាត្រូវផ្តល់ពត៌មានលម្អិតពីថវិកាចាយវាយរបស់ពួកគេ រួមទាំងពីប្រភពដែលផ្តល់ថវិកាទាំងនេះផងដែរ។
សំណើវិសោធនកម្មច្បាប់នេះត្រូវបានលើកយកមកពិភាក្សានៅក្នុងសភាជាន់ខ្ពស់ក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ខណៈមានការជំទាស់ពីសមាជិកសភាមួយចំនួន ក៏ដូចជាគណបក្សប្រឆាំងផងដែរ។
ច្បាប់ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១១ត្រូវបានដាក់ឲ្យប្រើប្រាស់ដើម្បីជួយលើកកម្ពស់សេរីភាពក្នុងការបញ្ជេញមតិ ដែលបានរងការបង្ក្រាបនៅក្រោមរបបយោធាកាលពីពេលមុន ជាពិសេសគឺដើម្បីអនុញ្ញាតឲ្យមានការធ្វើបាតុកម្មនៅតាមផ្លូវ ប្រសិនបើទទួលបានការអនុញ្ញាតជាមុន៕