សំណើច្បាប់ដែលស្នើឡើងដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីដាក់កំហិតបន្ថែមទៀតទៅលើច្បាប់ជួបជុំគ្នាដែលកំពុងតែមានភាពប្រទាំងប្រទើសរួចស្រេចទៅហើយ បានធ្វើឲ្យមានការរិះគន់កើនឡើងបន្ថែមទៀត ដោយអង្គការសិទ្ធិមនុស្សនានាបានចោទប្រកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ាថាបានធ្វើឲ្យដំណើរវិវឌ្ឍទៅមុខរបស់លទ្ធិប្រជាធិបតេយ្យ «ធ្លាក់ក្នុងស្ថានភាពអាក្រក់»។
កាលពីថ្ងៃទី ៧ ខែមិនាកន្លងទៅនេះ ព្រឹទ្ធសភាមីយ៉ាន់ម៉ាបានអនុម័តវិសោធនកម្មលើច្បាប់ជួបជុំ និងការដើរក្បួនតវ៉ាដោយសន្តិវិធី ដែលក្នុងនោះអាចនឹងមានការដាក់ទោសជាប់ពន្ធនាគារចំនួន ៣ ឆ្នាំ សម្រាប់អ្នកណាដែលបានផ្គត់ផ្គង់ថវិកាដល់ការតវ៉ា ឬក៏ការតវ៉ាណាដែលមានគោលបំណងធ្វើឲ្យ «ប៉ះពាល់ដល់សន្តិសុខជាតិ នីតិរដ្ឋ សណ្ដាប់ធ្នាប់សាធារណៈ ឬក៏សីលធម៌សាធារណៈជាដើម»។
សំណើវិសោធនកម្មទាំងនេះបានធ្វើឡើង បន្ទាប់ពីមានការតវ៉ាជាច្រើនធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះមានទាំងការតវ៉ាមួយប្រឆាំងនឹងការបង្ក្រាបដ៏ប្រល័យរបស់រដ្ឋាភិបាលនៅក្នុងក្រុង Mrauk U រដ្ឋ Rakhine នៅភាគខាងលិចប្រទេស ហើយនិងការសម្លាប់ទាហានឧទ្ទាមមកពីរដ្ឋ Kayah នៅភាគខាងកើតប្រទេសផងដែរ។
ក្រុមអ្នកជាតិនិយមនានា ក៏បានចាប់ផ្ដើមបញ្ចេញមតិកាន់តែខ្លាំងឡើងផងដែរនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសបន្ទាប់ពីវិបត្តិបានកើតឡើងនៅក្នុងរដ្ឋ Rakhine មក។
កាលពីថ្ងៃទី ៥ ខែមិនាកន្លងទៅនេះ មនុស្សរាប់រយនាក់បានដើរក្បួនតវ៉ាកាត់តាមកណ្ដាលទីក្រុងរ៉ង់ហ្គូន ដើម្បីតវ៉ាប្រឆាំងនឹងសំណើវិសោធនកម្មច្បាប់នេះ ដោយមានកាន់បដា និងស្រែកបន្ទរចោទប្រកាន់រដ្ឋាភិបាលថាបានវាយប្រហារលើសេរីភាពបញ្ចេញមតិ។
លោក Thet Swe Win អ្នករៀបចំការដើរក្បួនតវ៉ានេះមួយរូប បាននិយាយក្នុងសម្ដីដើមថា៖ «យើងមិនទទួលស្គាល់សំណើវិសោធនកម្មច្បាប់ជួបជុំគ្នានេះទេ ដោយសារតែសំណើច្បាប់នេះមិនស្របតាមបទដ្ឋានប្រជាធិបតេយ្យ»៕